ខេត្តព្រៃវែង៖ ជនសង្ស័យ៣នាក់ត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួនបញ្ជូនមកអធិការដ្ឋានស្រុកពាមរក៍បន្ទាប់ពីបាត់ម៉ូតូមួយគ្រឿងនៅឃុំអ្នកលឿងស្រុកពាមរក៍រយៈពេល២ថ្ងៃកន្លងមក ។
ករណីឃាត់ខ្លួនជនសង្ស័យទាំង៣នាក់នេះបានធ្វើឡើងកាលពីវេលាម៉ោង ១២និង៣០នាទីថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៦ស្ថិតក្នុងឃុំព្រែកខ្សាយ(ខ) ស្រុកពាមរក៍ខេត្តព្រៃវែង ។
សមត្ថកិច្ចបានឲដឹងថា ជនសង្ស័យទាំង៣នាក់ដែលត្រូវបានចាប់ខ្លួននេះ ទី១-ឈ្មោះ ម៉ក់ ភក្តី ហៅ អ៊ឹង ភេទប្រុស អាយុ២០ឆ្នាំមុខរបរកម្មករ ទី២-ឈ្មោះ ឌឹម សុជាតិ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរកម្មករ និងទី៣-ឈ្មោះ កែវ សាវឿន ភេទប្រុស អាយុ១៥ឆ្នាំជាកម្មករដូចគ្នា។
ប្រភពបានឲដឹងទៀតថា នៅព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៦ ជនរងគ្រោះឈ្មោះ ជាតិ រស្មី អាយុ២៤ឆ្នាំ បានទៅដាក់ពាក្យប្តឹងនៅប៉ុស្តិ៍រដ្ឋបាលអ្នកលឿង ថា ម៉ូតូរបស់ខ្លួនត្រូវចោរលួចបាត់ កាលពីថ្ងៃទី៥ ខែមីនា ពេលដែលរូបគេទុកនៅក្រោមផ្ទះ ហើយឡើងទៅដេកនៅលើផ្ទះ។
ក្រោយពីទទួលបានពាក្យបណ្តឹងនេះ មន្រ្តីប៉ុស្តិ៍រដ្ឋបាលអ្នកលឿងបានចុះស្រាវជ្រាវអស់រយៈពេល១ព្រឹក ក៏ដឹងមុខសញ្ញា គឺជាអ្នករស់នៅក្នុងឃុំ ព្រែកខ្សាយ(ខ) ហើយក៏សហការជាមួយកម្លាំងប៉ុស្តិ៍ព្រែកខ្សាយ(ខ) ចុះទៅតាមរកក៏ស្រាប់តែឃើញម៉ូតូជនរងគ្រោះនៅនឹងផ្ទះជនសង្ស័យមែនទើបឃាត់ខ្លួនតែម្តង ។
ជនសង្ស័យទាំង៣នាក់ត្រូវបានសមត្ថកិច្ចនគរបាលកសាងសំណុំរឿង បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកដើម្បីចាត់ការបន្តតាមច្បាប់៕ ដោយ៖ យឹម សុថាន