ភ្នំពេញ ៖ ទេយ្យទានសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ដែលមានអង្ករ និងជាគ្រឿងឧបភោគ បរិភោគ ជាច្រើនមុខ បានប្រគេនដល់វត្តចំនួន១៥០វត្ត ទូទាំងរាជធានីភ្នំពេញ បន្ទាប់ពីការប្រគេនរយៈពេល ០៤ថ្ងៃជាប់ៗកន្លងមកនេះ ដោយមានការចូលរួមប្រគេនដោយផ្ទាល់ពី លោក ឆារស៏ វ៉ាន់ , លោក សៅ ភិរុណ , លោក ជិន ប៊ុនធឿន និងលោកស្រី ស្បោង សំបូរ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ព្រមទាំងមានការចូលរួមពីកងអន្តរាគមន៍លេខ៩ ការពារគោលដៅទីស្ដីការនាយករដ្ឋមន្ត្រី ទីស្ដីការគណៈរដ្ឋមន្ត្រី និង កងអន្តរាគមន៍ទី១០ ដឹកជញ្ជូន១៤៤ ក្នុងការដឹកជញ្ជូនទេយ្យទានទាំងអស់នោះដើម្បីប្រគេនព្រះសង្ឃតាមវត្តនីមួយៗ។
ប្រតិភូតំណាងបាននាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតដល់ព្រះតេជគុណព្រះសង្ឃគ្រប់ព្រះអង្គទាំងអស់ដែលកំពុងទទួលរងផលប៉ះពាល់នូវការបិទខ្ទប់រាជធានីភ្នំពេញដោយសារជម្ងឺកូវីដ-១៩នាពេលនេះ។ ព្រោះក្នុងដំណាក់កាលដែលប្រទេសកម្ពុជាកំពុងឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ចូលក្នុងសហគមន៍ គឺតម្រូវឲ្យរាជរដ្ឋាភិបាលមានការបិទខ្ទប់ទីក្រុងភ្នំពេញ និងក្រុងតាខ្មៅដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវី-១៩ ក្នុងនោះផងដែរព្រះសង្ឃមិនអាចបិណ្ឌបាត្រចង្ហាន់បាន និងប្រជាពុទ្ធបរិស័ទក៏មិនអាច យកចង្ហាន់មកប្រគេនព្រះសង្ឃបានដែរនោះ ទើបសម្ដេចតេជោលោកបានគិតគូរអំពីទុក្ខ ការលំបាករបស់ព្រះសង្ឃគ្រប់ព្រះសង្ឃតាមទីអារាមនានា។ ព្រះតេជគុណព្រះសង្ឃគ្រប់ព្រះអង្គបានប្រគេនពរសម្ដេចតេជោ និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារទទួលបាននូវសេចក្តីសុខ សេចក្តីចម្រើន ចៀសផុតពីជម្ងឺទាំងឡាយទាំងពួង និងជោគជ័យក្នុងការដឹកនាំប្រទេសជាតិតទៅមុខទៀត។
សម្រាប់អំណោយជាទេយ្យទាន ក្នុង១វត្តៗទទួលបាន:
១-អង្ករចំនួន១តោន
២-ត្រីខចំនួន២កេសមាន២០យួរ (ក្នុង១យួរ មាន១០កំប៉ុង)ស្មើ ២០០ កំប៉ុង២៤៨ កេស
៣-មីចំនួន២០កេស
៤- ទឹកផ្លែឈើគ្រប់មុខចំនួន១០កេស (ក្នុង ១ កេសមាន២៤កំប៉ុង)
៥-ទឹកដោះគោខាប់ចំនួន២កេស (ក្នុង១កេស មាន៤៨ កំប៉ុង)
៦-កាហ្វេចំនួន៥កញ្ចប់ធំ (ក្នុង១កញ្ចប់ធំមាន ៥០កញ្ចប់តូច)
៧-តែចំនួន២គីឡូក្រាម
៨-ស្ករសចំនួន១បេ(មាន ២៥ គីឡូក្រាម)
៩-អំបិលចំនួន១បេ(មាន១០គីឡូក្រាម)
១០-ទឹកត្រីចំនួន៥យួរ(ក្នុង១យួរមាន៦ ដប)
១១-ទឹកស៊ីអ៊ីវចំនួន៥យួរ (ក្នុង១យួរមាន៦ ដប)
១២-ប៊ីចេងចំនួន១បេ(មាន២៥គីឡូក្រាម)៕
ដោយ៖ សិលា