ខេត្តកណ្ដាល, នាព្រឹកថ្ងៃអាទិត្យ ទី២៥ ខែមេសា ឆ្នាំ២០២១ លោក ម៉ម ប៊ុននាង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្ត និងទទួលជួយស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ប្រធានគណៈកម្មការទី១០ និងជាអ្នកនាំពាក្យព្រឹទ្ធសភា និងលោកស្រី បានផ្តល់នូវថវិកាឧបត្ថម្ភចំនួន ១០,០០០ដុល្លារ (មួយម៉ឺនដុល្លារអាមេរិក) ដល់រដ្ឋបាលស្រុកណ្តាលស្ទឹង ខេត្តកណ្តាល ដើម្បីប្រើប្រាស់ក្នុងការឧបត្តម្ភបន្តដល់ប្រជាពលរដ្ឋ ដែលកំពុងធ្វើចត្តាឡីស័ក និងដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ ១៩ នៅមូលដ្ឋានស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
លោក ម៉ម ប៊ុននាង បានផ្តាំផ្ញើដល់រដ្ឋបាលស្រុកកណ្តាលស្ទឹង ឱ្យបន្តផ្សព្វផ្សាយសារាចរណែនាំ និងសេចក្តីសម្រេចនានារបស់រាជរដ្ឋាភិបាល ត្រូវយកចិត្តទុកដាក់គោរពប្រតិបត្តិឱ្យបានម៉ឺងម៉ាត់នូវវិធានការ ៣កុំ ៣ការពារ និង២ចូលរួម មិនចេញក្រៅផ្ទះបើមិនមានការចាំបាច់ ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន ក្រុមគ្រួសារ និងសហគមន៍យើង៕
ដោយ, សិលា