ខេត្តកណ្តាល, ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្ដាល លោក វណ្ណ សុបញ្ញា បានសម្រេចឃុំខ្លួនជនជាប់ចោទដាក់ពន្ធនាគារបណ្ដោះអាសន្ននៅព្រលប់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ បន្ទាប់ពីតំណាងអយ្យការ លោក សេង រិទ្ធី ធ្វើការចោទប្រកាន់ចំនួន២បទល្មើស ក្នុងនោះ បទ បើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង និងបទ រារាំងការអនុវត្តវិធានការរដ្ឋបាល។
សូមបញ្ជាក់ថា, នគរបាលខេត្តកណ្ដាលឃាត់ខ្លួនមនុស្សប្រុសស្រី ៣នាក់ ករណីស្រវឹងបើកឡាន រារាំងដល់ការអនុវត្តវិធានការរដ្ឋបាល ។ មនុស្ស ៣នាក់ ក្នុងនោះមានស្ត្រីម្នាក់ បើករថយន្តពាក់ផ្លាក(ខម) ទាំងស្រវឹងស្រា បានរារាំងដល់ការអនុវត្តវិធានការរដ្ឋបាល ឈានដល់សមត្ថកិច្ចធ្វើការឃាត់ខ្លួន បន្ទាប់ពីក្រុមជនសង្ស័យទាំងបីមានជាតិអាកុលខ្ពស់។
សមត្ថកិច្ចនគរបាលក្រុងតាខ្មៅបានបញ្ជាក់ឲ្យដឹងថា, ករណីនេះកើតហេតុនៅវេលាម៉ោង២១.៤០នាទី ថ្ងៃទី២៤ ខែមេសាឆ្នាំ២០២១ ស្ថិតនៅចំណុច ផ្លូវ១១៥ជិតស្តុប៦០ម៉ែត្រ ភូមិបត្តាជី សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។
សមត្ថកិច្ចបានបន្តថា , ជនសង្ស័យ០៣នាក់
១.ឈ្មោះ គឹម ពិសិដ្ឋ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឬស្សី ភ្នំពេញ មុខរបរយោធា នៅនាយកដ្ឋាន វិស្វកម្ម (ឃាត់ខ្លួន) មានកំរិតជាតិ អាកុល ០.០៧៦មីលីត្រខ្យល់ ។
២.ឈ្មោះ សាត សុម៉ាលី ភេទស្រី អាយុ៤២ឆ្នាំ មានទីលំនៅបូរីពិភពថ្មី២ ភូមិ ព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរលក់ដូរ (ឃាត់ខ្លួន)។
៣.ឈ្មោះ ណី ប៊ុនធឿន ភេទ
ប្រុស អាយុ៤២ឆ្នាំ មានទីលំនៅ បូរីប៉េងហួត ផ្លូវ៦០ម៉ែត្រ សង្កាត់ បឹងទំពន់ ខណ្ឌមានជ័យ ភ្នំពេញ មុខរបរគ្រូចិនសែ (ឃាត់ខ្លួន)។
ដោយឡែកវត្ថុតាងចាប់យករួមមាន:
-រថយន្ត១គ្រឿងម៉ាក ford evrest ពណ៌ ត្រេអ៉ី ផ្លាកលេខ ខម០១២-៧២០៤ ។
មុនពេលហេតុ នៅវេលាកើតហេតុខាងលើ ពេលដែលកម្លាំងចម្រុះកំពុងតែឈរយាម នៅគោលដៅផ្លូវ១១៥ជិត
ស្តុប៦០ម៉ែត្រ មិនឲ្យប្រជាពលរដ្ឋចេញចូលបេី គ្មានការចាំបាច់ដេីម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ពេលនោះស្រាប់តែឃេីញជនសង្ស័យ០៣នាក់ខាងលេី ក្នុងស្ថានភាពស្រវឹងបានជិះរថយន្តមកដល់ ដោយ ឈ្មោះ គឹម ពិសិដ្ឋ ជាអ្នកបើក ហើយសមត្ថកិច្ច ក៏បានឃាត់សួរនាំ រួចបញ្ជូនខ្លួន មកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដេីម្បីធ្វេីការសាកសួរនិងចាត់ការតាមនីតិវិធី។
ក្រោយពីធ្វើការសាកសួររួច មន្ត្រីនគរបាលយុត្តិធម៌ខេត្តកណ្ដាល ក៏បានបញ្ជូនខ្លួនជនសង្ស័័យទៅតុលាការតាមនីតិវិធី។ កែវមកតំណាងអយ្យការលោក បានធ្វើការចោទប្រកាន់ពីបទ។ ហើយនៅព្រលប់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ ចៅក្រមស៊ើបសួរសាលាដំបូង ក៏បានសម្រេចឃុំខ្លួនជនទាំង ៣រូបដាក់ពន្ធនាគារបណ្ដោះអាសន្ន៕
ដោយ, ស្អាងជ័យ