នៅថ្ងៃទី២៥ខែមេសា កម្លាំងទាហានឥណ្ឌូនេស៊ី បានប្រកាសថាបានរកឃើញនាវាមុជទឹកដែលបាត់ខ្លួន ហើយ នាវិកទាំងអស់បានស្លាប់។
កន្លងមក មន្ត្រីឥណ្ឌូនេស៊ីបានប្រកាសថាបានរកឃើញបំណែកនាវាមុជទឹក KRI Nanggala 402 និងទីតាំងនាវានៅក្នុងជម្រៅ ៨៥០ម៉ែត្រនៅបាតសមុទ្រ ។ ពេលនោះក្តីសង្ឃឹមរកឃើញអ្នកនៅរស់ត្រូវបានបាត់បង់។
នៅថ្ងៃទី២៥ខែមេសា ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo បានបញ្ជាក់ថា លោកទទួលបានព័ត៌មានពីកម្លាំងទាហានជើងទឹកស្តីពីករណីខាងលើ ហើយលោកបានចូលរួមរំលែកទុក្ខដល់គ្រួសារទាហានទាំង៥៣នាក់ ។
មេដឹកនាំឥណ្ឌូនេស៊ី បានឲ្យដឹងថា «ពលរដ្ឋឥណ្ឌូនេស៊ីទាំងអស់មានទុក្ខក្រៀមក្រំចំពោះសោកនាដកម្មខាងលើ ពិសេសគឺគ្រួរសាររបស់នាវិកទាំង៥៣នាក់ដែលបានពលីជីវិត» ។
នាវាមុជទឹក បានបាត់ខ្លួនកាលពីថ្ងៃទី ២១ខែមេសាពេលចូលរួមធ្វើសមយុទ្ធបាញ់មីស៊ីលបុក ។ នាវានោះបានបាត់ខ្លួនពីបណ្តាញទំនាក់ទំនងក្រោយមុជចូលក្នុងទឹកមិនយូរប៉ុន្មាន។ នេះជាសោកនាដកម្មថ្មីបំផុតរបស់ឥណ្ឌូនេស៊ីពាក់ព័ន្ធនឹងនាវាមុជទឹក៕ ដោយ សាធី