រដ្ឋបាលខេត្តកំពង់ធំ បន្តរកឃើញ​អ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន ០២នាក់ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ ករណីលួចចេញពីភ្នំពេញ ទៅស្រុកកំណើត !

ចែករំលែក៖

ខេត្តកំពង់ធំ, នៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ រដ្ឋបាលសាលាខេត្តកំពង់ធំ បានចេញ សេចក្តីប្រកាសព័ត៌មាន ស្តីពីការរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន ០២នាក់ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១។

រដ្ឋបាលខេត្តកំពង់ធំ សូមជម្រាបជូនដំណឹងដល់សាធារណៈជនជ្រាបថា នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ ខេត្តកំពង់ធំ បានរកឃើញវិជ្ជមានជំងឺកូវីដ១៩ ចំនួន ០២ករណី នៅភូមិព្រៃវែង ឃុំទ្រៀល ស្រុកតាំងគោក៖

១.ឈ្មោះ ឌឹម សុឃឿន ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរអ្នករត់ម៉ូតូកង់បី
២.ឈ្មោះ សួន ឡៃហូរ ភេទស្រី អាយុ ២០ ឆ្នាំ មុខរបរកម្មការិនីរោងចក្រឌីឡាក់។
ពាក់ព័ន្ធនឹងករណីនេះ រដ្ឋបាលខេត្តបានស្រាវជ្រាវឃើញថា បុគ្គលទាំង០២នេះជាប្តីប្រពន្ធ រស់នៅក្នុងបន្ទប់ជួលនៅភ្នំពេញ។ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ ពួកគាត់បានជិះម៉ូតូកង់បីផ្ទាល់ខ្លួន ត្រលប់មកស្រុកកំណើតដោយមិនបានឈប់សម្រាកតាមផ្លូវទេ លុះមកដល់ប៉ុស្តិ៍ត្រួតពិនិត្យព្រំប្រទល់ កំពង់ធំ-កំពង់ចាម ពួកគាត់បានគេចទៅតាមផ្លូវទឹកឆា(ច្រករណ្ដៅថ្ម ) និងមកដល់ផ្ទះនៅម៉ោង៩ព្រឹក។ ពេលមកដល់ផ្ទះ ក្រៅពីក្រុមគ្រួសារចំនួន ០៦នាក់ ពួកគាត់មិនបានប្រាស្រ័យទាក់ទងជាមួយអ្នកណាទ ដោយសារអាជ្ញាធរឃុំបានមកវាស់កម្ដៅ និងដាក់ពួកគាត់ឲ្យធ្វើចត្តាឡីស័កនៅផ្ទះដោយខ្លួនឯងភ្លាមៗ ហើយនៅថ្ងៃ ទី១១ ខែមេសា ឆ្នាំ២០២១ ក៏បញ្ជូនទៅមណ្ឌលចត្តាឡីស័កវិទ្យាល័យទ្រៀល។

ក្នុងរយៈពេលនៃការធ្វើចត្តាឡីស័ក អ្នកទាំងពីរខាងលើមិនមានរោគសញ្ញាសង្ស័យអ្វីនោះទេ លុះដល់នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យបានយកសំណាកបញ្ចូនទៅវិទ្យាស្ថានសុខភាព សាធារណៈ និងទទួលបានលទ្ធផលវិជ្ជមាន នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១។

បច្ចុប្បន្នអ្នកជំងឺកូវីដ១៩ ទាំង០២នាក់ខាងលើនេះ ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរ ពេទ្យបង្អែកបារាយណ៍-សន្ទុក ចំណែកអ្នកពាក់ព័ន្ធទាំង ០៦នាក់ ត្រូវបានដាក់ឲ្យធ្វើចត្តាឡីស័កដើម្បីតាម ដានបន្ត។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋមេត្តាជ្រាប និងបង្កើនការ ប្រុងប្រយ័ត្នខ្ពស់ ដោយត្រូវអនុវត្តវិធានសុខាភិបាលឲ្យបានខ្ជាប់ខ្ជួន៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print