ភ្នំពេញ, សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ស្តីពី ករណីស្លាប់បុរសជនជាតិខ្មែរ ចំនួន ០១នាក់ អាយុ ៦៥ឆ្នាំ ដោយសារគ្រោះថ្នាក់ចរាចរណ៍ ប៉ះទង្គិចក្បាលធ្ងន់ធ្ងរ មិនមែនស្លាប់ដោយសារជំងឺកូវីដ-១៩។
ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណៈជនទាំងអស់ឱ្យបានជ្រាបថា យោងតាមរបាយការណ៍ពី៖ ១- មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តត្បូងឃ្មុំ បានឱ្យដឹងថាបុរសជនជាតិខ្មែរអាយុ ៦៥ឆ្នាំ រស់នៅស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បាន ជួបគ្រោះថ្នាក់ចរាចរណ៍ប៉ះទង្គិចក្បាលធ្ងន់ធ្ងរ ហើយត្រូវបានក្រុមគ្រួសារបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ មិត្តភាពកម្ពុជា ចិនព្រះកុសមៈ ពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ ដោយស្ថានភាពអ្នកជំងឺចេះតែធ្ងន់ធ្ងរឡើងៗ ពីមួយថ្ងៃទៅមួយថ្ងៃ ក្រុមគ្រួសារ ក៏បានសម្រេចចិត្តសុំចេញពីមន្ទីរពេទ្យ និងយកទៅព្យាបាលបន្តនៅមន្ទីរពេទ្យបង្អែកព្រះ នរោត្តមសីហនុត្បូងឃ្មុំ ដោយការវិវត្តរបស់ជំងឺចេះតែធ្ងន់ធ្ងរមិនបានស្រាកស្រានទោះជាក្រុមគ្រូពេទ្យបានខិតខំជួយ សង្គ្រោះតាមលក្ខណៈបច្ចេកទេសយ៉ាងណាក៏ដោយ ក៏មិនអាចជួយអ្នកជំងឺបាន គាត់ក៏បានស្លាប់បាត់បង់ជីវិតនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ០០:២៣នាទី ជាករណីសង្ស័យ ក្រុមគ្រូពេទ្យបានយកសំណាកលើសាកសព ជាលទ្ធផល បញ្ជាក់ថា សពមានវិជ្ជមានកូវីដ-១៩។
ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ៖ បុរសជនជាតិខ្មែរអាយុ ៦៥ឆ្នាំ ខាងលើនេះ បានស្លាប់បាត់បង់ជីវិតដោយសារ ការប៉ះទង្គិចក្បាលធ្ងន់ធ្ងរ ដោយគ្រោះថ្នាក់ចរាចរណ៍ នៅលើអ្នកជំងឺមានផ្ទុកវីរុសកូវីដ-១៩ មិនមែនស្លាប់ដោយសារជំងឺ កូវីដ-១៩ នោះឡើយ។
ក្រសួងសុខាភិបាល សូមចូលរួមចំណែកសោកស្ដាយជាពន់ពេក និងសូមចូលរួមមរណទុក្ខយ៉ាងក្រៀមក្រំជាទី បំផុតជាមួយក្រុមគ្រួសារសព។
អាស្រ័យហេតុដូចបានជម្រាបជូនខាងលើនេះ សូមសាធារណជន មេត្តាជ្រាបជាព័ត៌មាន៕
ដោយ, សិលា