អ៉ីតាលី៖​ ចាប់ផ្តើមផែនការស្តារសេដ្ឋកិច្ចពីកូវីដ-១៩ ខណៈក្លឹបកម្សាន្ត ភោជនីយដ្ឋាន រោងកុន និងសាលប្រគំតន្រ្តី នឹងបើកដំណើរការជាថ្មី

ចែករំលែក៖

អន្តរជាតិ​៖ បើតាមទីភ្នាក់ងារសារព័ត៌មាន Reuters នៅរសៀលថ្ងៃចន្ទទី២៦ ខែមេសា ឆ្នាំ២០២១​ បានចុះផ្សាយថា​​ សភាប្រទេសអ៉ីតាលី​ នៅថ្ងៃចន្ទនេះ​ បានជជែកវែកញែក អំពីផែនការស្តារសេដ្ឋកិច្ចប្រទេសឡើងវិញ តាមរយៈកញ្ចប់ថវិកាចំនួន ២២៦ពាន់លានដុល្លារ ជាជំនួយពីសហភាពអឺរ៉ុប​ ដោយ​ក្លឹបកម្សាន្ត ភោជនីយដ្ឋាន រោងកុន និងសាលប្រគំតន្រ្តី នឹងបើកដំណើរការជាថ្មីនៅទូទាំងប្រទេសនេះ ដែលបានទទួលរងផលប៉ះពាល់យ៉ាងដំណំ ដោយសារការឆ្លងរាតត្បាតជំងឺ COVID-19។

ទីភ្នាក់ងារសារព័ត៌មាន Reuters បានបន្តថា​ តំបន់នានាសរុប «បីភាគបួន» នឹងត្រូវដាក់ចូលទៅក្នុងតំបន់ «ពណ៌លឿង» ជាចំណាត់ថ្នាក់នៃ «ហានិភ័យទាប» ចាប់ពីថ្ងៃចន្ទនេះតទៅ ដោយបារ និងភោជនីយដ្ឋាននានានៅតំបន់ទាំងនោះ នឹងត្រូវអនុញ្ញាតឱ្យចាប់ផ្តើមដំណើរការ ផ្តល់សេវាកម្មដល់អតិថិជននៅខាងក្រៅហាងវិញ រួមទាំងជាលើកដំបូងបង្អស់ក្នុងរយៈពេល ០៦ខែ បើទោះបីជាបម្រាមគោចរចាប់ពីម៉ោង ១០៖០០នាទីយប់ នៅតែបន្តអនុវត្តក៏ដោយ។

សូមជម្រាបថា​ បន្ទាប់ពីវិធានការរឹតត្បឹតដែលបានដាក់ចេញ ដើម្បីគ្រប់គ្រងរលកទី ២ និងទី ៣ នៃជំងឺឆ្លងរាតត្បាត COVID-19 ត្រូវបានដកចេញអស់រយៈពេលជាច្រើនខែ។ ខណៈប្រទេសអ៊ីតាលី​ សង្ឃឹមថា ការបន្ធូរបន្ថយចុងក្រោយនេះ នឹងសម្រេចបាននូវការចាប់ផ្តើមអ្វីៗ ជាធម្មតាឡើងវិញនៅចំពោះមុខរដូវក្តៅ។

ទាក់ទិននឹងបញ្ហានេះដែរ​ បេីតាមលោក ដានីញែល វែស្ប៉ា (Daniele Vespa) អាយុ ២៦ឆ្នាំ​ ជាមេការនៅភោជនីយដ្ឋាន បាកខាណូ (Baccano) ដែលជាភោជនីយដ្ឋានស្ថិតនៅក្បែរទឹកធ្លាក់សិប្បនិមិត្ត ទ្រេវី (Trevi) នៃទីក្រុងរ៉ូម (Rome) បានថ្លែង​ប្រាប់សារព័ត៌មាន AFP នៅពេលដែលលោកកំពុងរៀបចំសម្រាប់ ការត្រឡប់មកវិញរបស់អតិថិជនថា៖ «ទីបំផុត! សង្ឃឹមថា… យើងអាចបើកដំណើរការឡើងវិញ នៅខាងក្នុងពេលឆាប់ៗនេះ ហើយវាជាការចាប់ផ្តើមនៃការវិលត្រឡប់ មករកភាពប្រក្រតីវិញ»។

គួរបញ្ជាក់ថា នៅថ្ងៃទី០១ ខែកក្កដាខាងមុខនេះ​ រោងកុន និងសាលប្រគំតន្ត្រី ក៏អាចបើកដំណើរការបានក្នុងកម្រិត «៥០ភាគរយ» អមដោយការបើកដំណើរការអាងហែលទឹក កន្លែងហាត់ប្រាណ ព្រឹត្តិការណ៍កីឡា និងសួនកម្សាន្ត៕ដោយ​៖ស​ តារា​

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print