អភិបាលខេត្តកំពង់ចាម៖​ បញ្ជាដាច់ខាត ហាមមិនឲ្យមានការចេញចូល ដើម្បីកាត់ផ្ដាច់ខ្សែចម្លង​ ក្នុង​ភូមិចំនួន៤ ខណៈ​បិទខ្ទប់ដោយសារឆ្លងកូវីដ១៩

ចែករំលែក៖

ខេត្ត​កំពង់ចាម៖ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១នេះ​ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ រួមដោយថ្នាក់ដឹកនាំកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ បានចុះប្រជុំណែនាំដល់មន្ត្រីឃុំរកាគយ ស្រុកកងមាស និងមន្ត្រីឃុំបារាយណ៍ ស្រុកស្រីសន្ធរ ក្នុងគោលបំណងដើម្បីពង្រឹងការអនុវត្តវិធានការ កាត់ផ្ដាច់ខ្សែចម្លងជំងឺកូវីដ-១៩ ចេញពីភូមិ ដែលបានបិទខ្ទប់។

នាឱកាសនោះ​ លោក អ៊ុន ចាន់ដា​ បានថ្លែងថា ការផ្អាកធ្វើដំណើរឆ្លងកាត់ គឺមានន័យផ្សេងពីការបិទខ្ទប់ ដែលការបិទខ្ទប់ភូមិបានន័យថា មិនអនុញ្ញាតឱ្យប្រជាពលរដ្ឋចេញចូលក្នុងភូមិនោះតែម្ដង។ សូម្បីតែប្រជាពលរដ្ឋរស់នៅតាមខ្នងផ្ទះនីមួយៗ ក៏មិនត្រូវបានអនុញ្ញាតឱ្យដើរឆ្លងកាត់ពីផ្ទះមួយទៅផ្ទះមួយផងដែរ។ លើកលែងតែមន្ត្រីសមត្ថកិច្ចមានភារកិច្ចពាក់ព័ន្ធតែប៉ុណ្ណោះ ទើបអនុញ្ញាតឱ្យចេញចូលភូមិនោះបាន។

អភិបាលខេត្តរូបនេះ​ ថ្លែង​បន្តទៀតថា​ ការប្រើខ្សែចងជារនាំង បិទខ្ទប់ភូមិ ឬបិទជុំវិញផ្ទះពួកគាត់ គឺចាំបាច់ត្រូវប្រើ និងចងជាសញ្ញាណាមួយ ឬសរសេរថា ភូមិបិទខ្ទប់មិនអនុញ្ញាតឱ្យលក់ដូរ ឬចេញ-ចូលទេងាយពួកគាត់បានឃើញ ហើយដឹងថាតំបន់នោះត្រូវបានបិទខ្ទប់។ ជាមួយគ្នានេះដែរ។ ចំពោះផ្ទះអ្នកកើតជំងឺកូវីដ-១៩ ត្រូវហាមឃាត់ដាច់ខាត មិនអនុញ្ញាតឱ្យអ្នកណាចូលទីនោះទេ សូម្បីតែមន្ត្រីក៏ដោយ ពោលគឺគ្រាន់តែយាមការពារកុំឱ្យមានចោរចូលលួចទ្រព្យសម្បត្តិរបស់គាត់តែប៉ុណ្ណោះ។

ទន្ទឹមនឹង​នេះ​ អាជ្ញាធរមូលដ្ឋានត្រូវមានយន្តការចំនួន២ សម្រាប់ជួយសម្រួលដល់ប្រជាពលរដ្ឋក្នុងភូមិបិទខ្ទប់ ក្នុងការទិញបន្លែ ត្រី សាច់រួមមាន៖

-ទី១៖ ចំពោះការលក់ដូរ បន្លែ ត្រី សាច់ ក្នុងភូមិបិទខ្ទប់នេះ ត្រូវធ្វើក្នុងរូបភាពចល័ត ដឹកលក់តាមម៉ូតូ និងប្រកាសតាមឧបករណ៍បំពងសម្លេង ដោយឱ្យអាជីវករ ពាក់ម៉ាសឱ្យបានត្រឹមត្រូវ និងប្រើស្រោមដៃជាប្រចាំផងដែរ។

-ទី២៖ រៀបចំលក់នៅនឹងកន្លែងព្រំប្រទល់ភូមិដែលត្រូវបិទនោះតែម្ដង ដោយអនុញ្ញាតឱ្យមានអាជីវករ៤ ឬ៥នាក់ និងអនុញ្ញាតឱ្យប្រជាពលរដ្ឋក្នុងភូមិ ក្នុងមួយផ្ទះចេញបានម្នាក់ ដើម្បីមកទិញត្រី សាច់ បន្លែ នៅកន្លែងដាក់របាំងការពារនោះដោយ១សប្តាហ៍ ឱ្យចេញតែ ៣ដងប៉ុណ្ណោះ ក្នុងសមាជិកផ្ទះមួយ។

ជាមួយគ្នានេះ​ លោក​ អ៊ុន​ ចាន់ដា​ ក៏បានក្រើនរំលឹកផងដែរថា អាជ្ញាធរមូលដ្ឋានត្រូវបន្តអនុវត្តវិធានការចាក់ផ្សព្វផ្សាយអប់រំណែនាំរបស់ក្រសួងសុខាភិបាលជាប្រចាំគឺ «៣ការពារ និង៣កុំ» ចាក់ផ្សាយក្នុងមួយថ្ងៃឱ្យបាន ៣ពេល គឺពេលព្រឹក ពេលថ្ងៃត្រង់ និងពេលរសៀល ដោយតម្រូវឱ្យមន្ត្រីជិះម៉ូតូចាក់ផ្សាយឱ្យបានគ្រប់ច្រកល្ហកជារៀងរាល់ថ្ងៃ ដើម្បីបញ្ជ្រាបឱ្យប្រជាពលរដ្ឋក្នុងភូមិបិទខ្ទប់បានយល់ដឹងនឹងចេះការពារខ្លួនទាំងអស់គ្នាគេចផុតអំពីការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

គួររម្លឹកថា​ ជុំវិញបញ្ហានេះដែរ​ រដ្ឋបាល​ខេត្តកំពង់ចាម បានប្រកាសបិទបណ្តោះអាសន្នភូមិចំនួន៤ ដែលពាក់ព័ន្ធនិងជំងឺកូវីដ-១៩ ក្នុងនោះ៖​ ទី១៖ ភូមិទ្រា ស្ថិតក្នុងឃុំស្វាយពោធិ៍ ស្រុកស្រីសន្ធរ​ ;​ ទី២៖ ភូមិកំផ្លាក់ ស្ថិតក្នុងឃុំបារាយណ៍ ស្រុកស្រីសន្ធរ ;ទី៣៖ ភូមិថ្មីខ ស្ថិតក្នុងឃុំរកាគយ ស្រុកកងមាស​ ;និងទី៤៖ ភូមិសំបូរ ស្ថិតក្នុងឃុំសំបូរ ស្រុកបាធាយ៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print