ភ្នំពេញ , លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅព្រលប់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ បានចេញសេចក្តីថ្លែងអំណរគុណ !
ដោយលោករដ្ឋមន្ត្រីថ្លែងថា, ក្នុងនាមថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៃព្រះរាជាណាចក្រកម្ពុជា ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ជាពិសេស លោកអគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានអនុញាតជាផ្លូវការក្នុងនាំផ្លែស្វាយស្រស់ចេញពីកម្ពុជា ។
ចំពោះ ការរៀបចំពីធីជាផ្លូវការនៃការនាំស្វាយស្រស់ចេញពីកម្ពុជាត្រង់ទៅកាន់ប្រទេសចិន ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ នឹងសហការជាមួយលោកអគ្គរដ្ឋទូតចិនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដើម្បីពិនិត្យមើលលទ្ធភាព និងពេលវេលា ដែលអាចប្រព្រឹត្តនៅក្នុងសប្តាហ៍នេះ ។
សូមបញ្ជាក់ជូនថា៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៃព្រះរាជាណាចក្រកម្ពុជា បានចាប់ផ្តើមទំនាក់ទំនងចរចាបើកទីផ្សារជាមួយអគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិន (GACC) តាំងពីដើមឆ្នាំ២០១៨ នៅមុនពេលអគ្គរដ្ឋបាលត្រួតពិនិត្យគុណភាព អធិការកិច្ច និងចត្តាឡីស័ក (AQSIQ) ច្របាច់បញ្ជូលគ្នាជាមួយ GACC ហើយរហូតដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ ទើបទទួលបានការឯកភាព និងឈានដល់ការចុះហត្ថលេខានៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០ លើពិធីសារស្តីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញផ្លែស្វាយស្រស់ពីកម្ពុជាទៅកាន់ប្រទេសចិន។ នៅក្នុងខ្លឹមសារនៃពិធីសារបានកំណត់ថា ស្វាយដែលដាំដុះក្នុងគោលបំណងសម្រាប់នាំចេញទៅប្រទេសចិន ត្រូវតែចុះបញ្ជីនៅអគ្គនាយកដ្ឋានកសិកម្ម និងទទួលស្គាល់ដោយ GACC ហើយគ្រប់ចម្ការស្វាយដែលត្រូវបានចុះបញ្ជី ត្រូវអនុវត្តការការដាំដុះតាមគោលការណ៍ការអនុវត្តកសិកម្មល្អ (GAP) និងផ្លែស្វាយដែលនាំចេញត្រូវឆ្លងកាត់ការធ្វើប្រព្រឹត្តិកម្មកម្ចាត់ពងរុយចោះផ្លែស្វាយដោយប្រើចំហាយទឹកក្តៅ (Vapor Heat Treatment – VHT) ឬប្រព្រឹត្តិកម្មទឹកក្តៅ (Hot Water Treatment – HWT) ដើម្បីធានាថា ផ្លែស្វាយស្រស់ទាំងនោះ ពុំជាប់ជាមួយនូវសមាសភាពចង្រៃភូតគាមអនាម័យដូចមានចែងក្នុងពិធីសារ។
អគ្គនាយកដ្ឋានកសិកម្ម បានទទួលពាក្យស្នើសុំចុះបញ្ជីចម្ការស្វាយ និងទីតាំងវេចខ្ចប់សម្រាប់នាំចេញផ្លែស្វាយស្រស់កម្ពុជាទៅកាន់ប្រទេសចិនចំនួន៥៥ក្រុមហ៊ុន/ម្ចាស់ចម្ការ///សហគមន៍កសិកម្ម។ អគ្គនាយកដ្ឋានកសិកម្ម ក៏បាន និងកំពុងបន្តទទួលនូវពាក្យស្នើសុំចុះបញ្ជីចម្ការស្វាយជាបន្តបន្ទាប់ថែមទៀតផងដែរ។
អគ្គនាយកដ្ឋានកសិកម្ម បានចាត់មន្រ្តីជំនាញចុះតម្រង់ទិសខាងបច្ចេកទេស ពិនិត្យ និងវាយតម្លៃលើកសិដ្ឋានដែលមានសក្តានុពលខ្ពស់ និងស្របតាមលក្ខខណ្ឌតម្រូវភូតគាមអនាម័យរបស់ប្រទេសចិនបានចំនួន ៣៧ និងទីតាំងវេចខ្ចប់ដែលបានសាងសង់រួចរាល់ ដោយបានបំពាក់ហេដ្ឋារចនាសម្ព័ន្ធសម្រាប់កម្ចាត់ពងរុយចោះផ្លែស្វាយដោយប្រើចំហាយទឹកក្តៅ (VHT) ចំនួន០២ និងរោងចក្រប្រព្រឹត្តិកម្មកម្ចាត់ពងរុយចោះផ្លែស្វាយដោយប្រើទឹកក្តៅ (HWT) ចំនួន០៣ និងបានផ្ញើជូន GACC កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១ និងថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១។
កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ មន្ត្រីជំនាញនៃ GACC ប្រចាំខេត្តក្វាងស៊ី បានដំណើរការត្រួតពិនិត្យចម្ការស្វាយ និងរោងចក្រប្រព្រឹត្តកម្មកម្តៅកម្ចាត់ពងរុយចោះផ្លែស្វាយ តាមរយៈប្រព័ន្ធវីឌីអូ។ ជាលទ្ធផល បន្ទាប់ពីការចរចាបើកទីផ្សារអស់រយៈពេលជាង៣ឆ្នាំ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១នេះ GACC បានអនុម័តទទួលស្គាល់ជាផ្លូវការនូវបញ្ជីឈ្មោះចម្ការស្វាយចំនួន៣៧ និងរោងចក្រវេចខ្ចប់ចំនួន០៥ ដែលបានចុះបញ្ជីសម្រាប់នាំចេញផ្លែស្វាយស្រស់កម្ពុជាទៅកាន់ប្រទេសចិន។ រោងចក្រវេចខ្ចប់ទាំង០៥ នោះ រួមមាន ១-ក្រុមហ៊ុន HYUNDAI MAO LEGACY CO., LTD; ២-ក្រុមហ៊ុន SHANGDA JIAN HUI INTERNATIONAL AGRICULTURE PRODUCT AND LOGISTIC; ៣-ក្រុមហ៊ុន AL JAZEELAND FOOD PTE. LTD; ៤-ក្រុមហ៊ុន LONG WO AGRICULTURE (CAMBODIA) CO., LTD និង៥-ក្រុមហ៊ុន BOEUNG KET FRESH FRUITS CO., LTD ។
ផ្លែស្វាយស្រស់កម្ពុជាគឺជជាផ្លែឈើស្រស់ទី២បន្ទាប់ពីផ្លែចេកស្រស់ដែលអាចនាំចេញទៅប្រទេសចិនដោយផ្ទាល់។ នេះគឺជាសមិទ្ធិផលផ្លែផ្កាថ្មីមួយទៀតដែលប្រសូត្រចេញពីកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងព្រះរាជាណាចក្រកម្ពុជានិងសាធារណៈរដ្ឋប្រជាមានិតចិន៕
ដោយ, សិលា