ភ្នំពេញ ៖ លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានបញ្ជាក់ឲ្យដឹងនៅយប់ថ្ងៃទី២៦មេសានេះថា៖ គិតត្រឹមយប់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១នេះ រដ្ឋបាលរាជធានីភ្នំពេញ មិនទាន់បានកំណត់ផែនទីស្តីពីការបែងចែកជា «តំបន់ក្រហម» «តំបន់លឿងទុំ» និង «តំបន់លឿង» នៅឡើយនោះទេ។
ការចេញមកបញ្ជាក់របស់អ្នកនាំពាក្យរូបនេះ បានធ្វើឡើងបន្ទាប់ពីមានការចែកចាយលើបណ្តាញសង្គមយ៉ាងព្រោងព្រាត នូវផែនទីមិនផ្លូវការមួយ ស្តីពីការបែងចែកជា «តំបន់ក្រហម» «តំបន់លឿងទុំ» និង «តំបន់លឿង» ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។ លោកបញ្ជាក់ថា សេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ដែលទើបនឹងចេញនៅថ្ងៃទី២៦ ខែមេសានេះ នឹងមានសុពលភាពចាប់ពីម៉ោងសូន្យ ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១តទៅ។
លោក ម៉េត មាសភក្តី សំណូមពរបញ្ឈប់ការចែកចាយផែនទីដែលច្នៃប្រឌិតមិនផ្លូវការទាំងឡាយជាបន្ទាន់ ហើយសម្រាប់អ្នកចែកចាយព័ត៌មានក្លែងក្លាយនេះ នឹងត្រូវចាត់ការតាមផ្លូវច្បាប់។
សូមបញ្ជាក់ថា៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល រយៈពេល១សប្តាហ៍បន្ថែមទៀត ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ រហូតដល់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ ព្រមទាំងបែងចែកកំណត់ជា «តំបន់ក្រហម» «តំបន់លឿងទុំ» និង «តំបន់លឿង»៕
ដោយ, សំរិត