ភ្នំពេញ ៖ រដ្ឋាភិបាលចិន បានបង្ហាញជំហររបស់ខ្លួនយ៉ាងមុតមាំក្នុងការជួយដល់កម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ ក្នុងសន្និសីទព័ត៌មានកាលពីថ្ងៃទី២៣ ខែមេសា លោក ចាវ លីចៀន អ្នកនាំពាក្យក្រសួងការបរទេសចិនកន្លងទៅបានថ្លែងថា ក្នុងនាមជាមិត្តដែកថែបជាមួយកម្ពុជា ចិននឹងបន្តជួយកម្ពុជាតាមសមត្ថភាព សម្រាប់ការទប់ស្កាត់ និងគ្រប់គ្រងជំងឺរាតត្បាតកូវីដ១៩ ទៅតាមការស្នើសុំជាបន្តបន្ទាប់ទៀត។
លោក ចាវ លីចៀន បញ្ជាក់ទៀតថា៖ «ក្នុងនាមជាមិត្តដែកថែប, វាជាក្រិតក្រមធម្មជាតិទៅហើយ នៅពេលដែលកម្ពុជាកំពុងតែប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ចិននឹងប្រឹងប្រឹងឲ្យអស់លទ្ធភាព ដើម្បីសហការជាមួយកម្ពុជា ក្នុងការធ្វើសង្គ្រាមប្រឆាំងនឹងជំងឺនេះ។ នេះមិនត្រឹមតែជាសក្ខីភាព បង្ហាញពីទំនាក់ទំនងពិសេសរបស់យើងទេ ប៉ុន្តែថែមទាំងផ្នែកដ៏សំខាន់មួយនៅក្នុងការប្រឹងប្រឹងរួមគ្នា កសាងសហគមន៍រួមវាសនាតែមួយ»។
សូមជម្រាបថា, នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១នេះ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានប្រាប់សារព័ត៌មាន ថា , វ៉ាក់សាំងដែលជាជំនួយសប្បុរសដ៏ធំធេងរបស់ចិន នឹងដឹកមកដល់ប្រទេសកម្ពុជានៅយប់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១។
លោកស្រីបញ្ជាក់ថា, វ៉ាក់សាំងកូវីដ១៩ ស៊ីណូហ្វាម ដែលជាជំនួយរបស់រដ្ឋាភិបាលចិន ចំនួន ៤០ម៉ឺនដូសទៀត នឹងដឹកមកដល់កម្ពុជានាថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ស្អែកនេះ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ និងធានាការពារសុខុមាលភាពប្រជាពលរដ្ឋកម្ពុជាពីការរាតត្បាតជំងឺកូវីដ១៩។
វ៉ាក់សាំងស៊ីណូហ្វាមចំនួន ៤០ម៉ឺនដូសនេះ គឺជាជំនួយរបស់មិត្តចិន ដឹកមកដល់កម្ពុជាលើកទី៣ហើយ។ លើកទី១ ដឹកមកដល់ថ្ងៃទី០៧ ខែកុម្ភៈ ចំនួន ៦០ម៉ឺនដូស និងលើកទី២ ដឹកមកដល់ថ្ងៃទី៣១ ខែមីនា ចំនួន ៧០ម៉ឺនដូស។
វ៉ាក់សាំងកូវីដ១៩ ជាឧបករណ៍ដ៏សំខាន់មួយបន្ថែមទៀតក្នុងប្រតិបត្តិការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ និងជួយការពារសុខភាពរបស់មនុស្សពីការវាយប្រហារ ដោយជំងឺកូវីដ១៩។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោហ៊ុនសែន បានប្រឹងប្រែង និងស្វះស្វែងយ៉ាងខ្លាំងក្នុងការរកវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋកម្ពុជា។
តាមរយៈការខិតខំនេះកម្ពុជា ទទួលបានវ៉ាក់សាំងចំនួនជិត ៤លានដូសរួចមកហើយ ហើយភាគច្រើនបំផុតជាវ៉ាក់សាំងជាជំនួយ និងទិញពីប្រទេសចិន។ វ៉ាក់សាំងដែលកម្ពុជាទទួលបានរួចមកហើយនោះ រួមមាន៖ វ៉ាក់សាំងស៊ីណូហ្វាម ជាជំនួយរបស់រដ្ឋាភិបាលចិនចំនួន ១.៣លានដូស, វ៉ាក់សាំងស៊ីណូវ៉ាក់ ទិញពីប្រទេសចិន ចំនួន ២លានដូស និងវ៉ាក់សាំងអាស្ត្រាហ្សេនីកា ជំនួយរបស់ខូវ៉ាក់ តាមអង្គការសុខភាពពិភពលោកចំនួន ៣២៤,០០០ដូស។
តាមរយៈវ៉ាក់សាំងទាំងនេះ កម្ពុជា បានប្រឹងប្រែងចាក់ជូនប្រជាពលរដ្ឋបានចំនួនជិត ១លាន ៣សែននាក់ហើយ។ កម្ពុជា បានក្លាយទៅជាប្រទេសឈរនៅលំដាប់ទី២ ក្នុងអាស៊ាន បន្ទាប់ពីប្រទេសសិង្ហបុរី ដែលចាក់វ៉ាក់សាំងបានចំនួនច្រើនជូនប្រជាពលរដ្ឋ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសថា កម្ពុជា នឹងទទួលបានវ៉ាក់សាំងរហូតដល់ទៅជាង ១០លានដូសនៅក្នុងឆ្នាំ២០២១នេះ។ បើតាមសម្តេចតេជោ ហ៊ុន សែន វ៉ាក់សាំងនឹងមកដល់កម្ពុជាជាបន្តបន្ទាប់ទៀត រួមមាន៖ ខែឧសភា ចំនួន ១លាន ៥សែនដូស, ខែមិថុនា ចំនួន ៣លានដូស, ខែកក្កដា ២លានដូស និងខែសីហា ១លានដូស។
កម្ពុជា គ្រោងចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋឱ្យបានជាង ១០លាននាក់។ ប្រទេសចិន ត្រូវបានគេមើលឃើញជាអ្នកដែលគាំទ្រដ៏សំខាន់ ដើម្បីកម្ពុជាសម្រេចផែនការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ តាមរយៈការផ្គត់ផ្គង់វ៉ាក់សាំងនេះ។
សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានបញ្ជាក់ថា ជំនួយវ៉ាក់សាំងរបស់ចិន មកកាន់កម្ពុជា គឺលទ្ធផលមួយកើតចេញពីទំនាក់ទំនងដ៏ល្អប្រសើររវាងកម្ពុជា និងចិន។ សម្តេចតេជោ បានលើកឡើងថា បើគ្មានទំនាក់ទំនងល្អទេ គ្មានឡើយវត្តមានវ៉ាក់សាំងជាជំនួយរបស់ចិន។
សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ បានជម្រុញផងដែរអោយការវាក់វ៉ាក់សាំង ត្រូវធ្វើទូទាំងប្រទេស ទាំងទីរាជធានី ខេត្ត ដល់ជនបទ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ៕
ដោយ, សិលា