ខេត្តសៀមរាប, នៅព្រលប់ថ្ងៃទី២៧ ខែមេសាឆ្នាំ២០២១ រដ្ឋបាលខេត្តសៀមរាបបានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីករណីជាសះស្បើយ អ្នកជំងឺកូវីដ-១៩ ថ្មី ចំនួន១នាក់ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១។
រដ្ឋបាលខេត្តសៀមរាប មានកិត្តិយស សូមជម្រាបជូន សាធារណជនឱ្យបានជ្រាបថា៖ ក្នុងព្រឹត្តិការណ៍ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ ២០កុម្ភៈ នេះ ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកខេត្ត សៀមរាប បានព្យាបាលជាសះស្បើយអ្នកជំងឺកូវីដ-១៩ថ្មីចំនួន១នាក់ ឈ្មោះ ពុធ សំអាត ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិតាកុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ហើយក្រុមគ្រូពេទ្យបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យបង្អែកខេត្ត ត្រឡប់ទៅលំនៅឋានវិញ ដោយត្រូវបន្តការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។ មកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន២០នាក់ និងបានព្យាបាល ជាសះស្បើយចំនួន១១នាក់ នៅសល់០៩នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។
រដ្ឋបាលខេត្ត សូមអំពាវនាវឲ្យបងប្អូនដែលរស់នៅក្នុងសង្កាត់ទាំង៣ ដែលបានបិទខ្ទប់រួមមាន សង្កាត់សាលាកំរើក សង្កាត់ស្វាយដង្គំ និងសង្កាត់សៀមរាប និងអាជីវករ ឬអ្នកពាក់ព័ន្ធ ដែលត្រូវធ្វើចត្តាឡីស័ក ពាក់ព័ន្ធនឹងករណីនៅផ្សារក្រោម សូមមេត្តាអត់ធ្មត់ខ្ពស់ និងចូលរួមអនុវត្តនូវវិធានការ ដែលរដ្ឋបាលខេត្ត បានដាក់ចេញ។ ក្នុងករណី បុគ្គលទាំងឡាយណាមិនអនុវត្តវិធាននានា នឹងត្រូវផ្តន្ទាទោសតាមខ្លឹមសារ ដែលច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋ និងសាធារណជនទូទៅ មេត្តាជ្រាបជាព័ត៌មាន និង សូមយកចិត្តទុកដាក់អនុវត្តនូវវិធានការរបស់ក្រសួងសុខាភិបាល និង អនុសាសន៍ដ៏
ខ្ពង់ខ្ពស់របស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺ ៣ ការពារ(ត្រូវពាក់ម៉ាស់ ត្រូវលាងដៃជាមួយសាប៊ូ ឬដែល និងត្រូវរក្សាគម្លាតសង្គម) ៣កុំ (កុំទៅកន្លែងបិទជិតគ្មានខ្យល់ចេញ-ចូល កុំទៅកន្លែងមានមនុស្សច្រើនកុះករ និងកុំប៉ះពាល់គ្នា)៕
ដោយ, សិលា