ការវាយប្រហារភេរវកម្ម២ករណីបានកើតឡើងស្ថិតនៅរដ្ឋ Tennessee ភាគខាងត្បូងរបស់អាមេរិកកាលពីថ្ងៃទី១៦ ខែកក្កដា បណ្តាលឲ្យទាហានម៉ារីនអាមេរិក៤នាក់បាត់បង់ជីវិត ស្ថិតនៅក្នុងមជ្ឈមណ្ឌលយោធាអាមេរិក ។ ករណីនេះត្រូវអាជ្ញាធរ និងអ្នកជំនាញបញ្ជាក់ថា ជាសកម្មភាពវាយប្រហារភេរវកម្មនៅក្នុងតំបន់។ មនុស្ស២នាក់ផ្សេងទៀតបានរងរបួសអំឡុងពេលហេតុការណ៍ខាងលើកើតឡើងស្ថិតនៅតំបន់ Chattanooga នោះ ម្នាក់ជាមន្ត្រីសន្តិសុខ និងម្នាក់ទៀតជាកងម៉ារីនដែលទើបជ្រើសរើសឲ្យបម្រើការថ្មីថ្មោង។ ខ្មាន់កាំភ្លើងត្រូវគេបាញ់ប្រហារផងដែរ ។ នេះបើតាមការបញ្ជាក់ប្រាប់ពីលោក Andy Berke មន្ត្រីជាន់ខ្ពស់ទទួលបន្ទុកបញ្ហាពាក់ព័ន្ធខាងលើ។ ការបាញ់ប្រហារនេះធ្វើឲ្យគេនឹកឃើញ និងចងកំហឹងដល់ព្រឹត្តិការបាញ់សម្លាប់រង្គាលនៅកម្លាំងទាហានអាមេរិកអំឡុងឆ្នាំ២០០៩Fort Hood បណ្តាលឲ្យស្លាប់មនុស្ស១៣នាក់ និងការបាញ់ប្រហារក្នុងឆ្នាំ២០១៣នៅក្នុងទីតាំងកងទ័ពជើងទឹកអាមេរិកប្រចាំនៅទីក្រុងវ៉ាស៊ីនតោនបណ្តាលឲ្យស្លាប់១២នាក់។ លោក Andy Berke បានបញ្ជាក់ថា នេះជាករណីមួយដែលធ្វើឲ្យយើងរាល់គ្នាសោកស្តាយ និងឈឺចាប់ជាទីបំផុត ដែលអ្នកដែលបម្រើប្រទេសជាតិរបស់យើងទទួលរងការគំរាមកំហែងបែបនេះ។ លោកបានអំពាវនាវឲ្យមានការចាត់វិធានការបន្ទាន់ឆ្លើយតប និងការពារកុំឲ្យមានសកម្មភាពបែបនេះកើតឡើងសាជាថ្មីម្តងទៀត។ លោក Bill Killian មន្ត្រីស៊ើបអង្កេតសហព័ន្ធបានបញ្ជាក់ថា ហេតុការណ៍កើតឡើងនៅ Tennessee កំពុងស្ថិតក្រោមការស៊ើបអង្កេត ។ ការបាញ់ប្រហារត្រូវមើលឃើញថា ជាសកម្មភាពភេរវកម្មនៅក្នុងតំបន់។ ប៉ុន្តែទោះបីយ៉ាងណា អាជ្ញាធរបានបញ្ជាក់ថា គេនៅមិនទាន់សន្មត់ថាជាករណីអ្វីនៅឡើយទេ។ លោក Ed Reinhold ភ្នាក់ងារស៊ើបអង្កេតរបស់ក្រុមFBI បានបញ្ជាក់ថា យើងកំពុងវាយតម្លៃទៅលើករណីនេះយ៉ាងប្រុងប្រយ័ត្នបំផុតថា តើជាទង្វើភេរវកម្ម បង្កឡើងដោយភេរវករនៅក្នុងស្រុក ក្រៅស្រុក ឬថា តើជាបទឧក្រិដ្ឋបែបណានោះ។ ប្រភពបញ្ជាក់ថា ជនបាញ់ប្រហារស្ថិតនៅក្នុងចំណោមប្រជាពលរដ្ឋ ដោយមូលហេតុនេះហើយទើបក្រុមFBIត្រូវការស៊ើបអង្កេតឲ្យបានច្បាស់លាស់ដើម្បីវាយតម្លៃថា តើមូលហេតុអ្វីបានជាជនល្មើសបើកការបាញ់ប្រហារនេះ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បានរាយការណ៍ថា ខ្មាន់កាំភ្លើងមានឈ្មោះ Muhammad Youssef Abdulazeez ។ ទីភ្នាក់ងារព័ត៌មាន MSNBC បានបញ្ជាក់ថា ខ្មាន់កាំភ្លើងជាពលរដ្ឋអព្យាក្រឹត្យដែលដើមកំណើតមកពីតំបន់មជ្ឈិមបូព៌ា។ ទីភ្នាក់ងារព័ត៌មាន The Chattanooga Times Free Press បានអះអាងដែរថា ខ្មាន់កាំភ្លើងជាអ្នកវិស្វករខាងម៉ាស៊ីន ធ្វើការនៅក្នុងទីក្រុង។ ក្រុមម៉ារីនអាមេរិកបានបញ្ជាក់ថា ជនរងគ្រោះ៤នាក់ត្រូវបានសម្លាប់នៅក្នុងការបាញ់ប្រហារនៅទីតាំងកងទ័ពជើងទឹក និងមជ្ឈមណ្ឌលជ្រើសរើសកងទ័ពនេះ៕