ភ្នំពេញ ៖ សមត្ថកិច្ចចម្រុះប្រចាំការអនុវត្តច្បាប់បិទខ្ទប់រាជធានីភ្នំពេញនៅចំណុចគោលដៅរង្វង់មូលកួចកាណុងបានឃាត់រថយន្តស៊េរីទំនើប២គ្រឿង រួមនឹងមនុស្ស១៤នាក់ ក្នុងនោះមានជនជាតិចិន១៣នាក់ និងអ្នកបើករថយន្តជាជនជាតិខ្មែរម្នាក់។
ហេតុការណ៍ឃាត់ខ្លួននេះធ្វើឡេីងនៅម៉ោង៨និង៣០នាទីយប់ថ្ងៃទី២៧ខែមេសាឆ្នាំ២០២១ ត្រង់ចំណុចគោលដៅគល់ស្ពានជ្រោយចង្វា ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីសមត្ថកិច្ចចម្រុះប្រចាំគោលដៅនៅរង្វង់មូលកួចកាណុងបានឱ្យដឹងថា ដោយការអនុវត្តគោរពតាមគោលការណ៍រាជរដ្ឋាភិបាល មិនថាតែប្រជាពលរដ្ឋណាទេឱ្យតែបើកបរ
រថយន្ត និងយានជំនិះផ្សេងៗគ្រប់ប្រភេទ ត្រូវតែឃាត់សួរនាំ បើមិនមានលិខិតអនុញ្ញាត និងមិនមានការចាំបាច់ ត្រូវតែហាមឃាត់សួរនាំទាំងអស់។ ដោយឡែកនៅម៉ោងកើតហេតុដោយឃើញមានរថយន្តស៊េរីទំនើប២គ្រឿង បម្រុងបើករថយន្តឆ្លងគោលដៅត្រួតពិនិត្យ ក៏ឃាត់សួរនាំតែម្តង គឺរថយន្តទីមួយម៉ាកអូឌីពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ2AH-6216 បើកបរដោយបុរសជនជាតិខ្មែរ រួមនឹងមានគ្នានៅក្នុងនោះ រីឯរថយន្តទី២ ម៉ាក អាល់ហ្វាដ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ2BC-1606 បើកបរដោយបុរសជនជាតិខ្មែរ និងជនជាតិចិននៅក្នុងរថយន្តនោះផងដែរ ដោយសមត្ថកិច្ចប្រចាំនៅគោលដៅបានឃាត់សួរនាំទៅឃើញថាមិនមានឯកសារអនុញ្ញាតនិងមិនមានការចាំបាច់ទើបសមត្ថកិច្ចប្រចាំគោលដៅ រាយការណ៍ទៅថ្នាក់លើឱ្យឃាត់រថយន្តទាំង២គ្រឿង និងមនុស្សសរុប១៤នាក់នេះជាបន្ទាន់។ ក្រោយពីការឃាត់សួរនាំទៅដោយបុរសជាជនជាតិខ្មែរបានប្រាប់ទៅសមត្ថកិច្ចឲ្យដឹងថា ខ្លួនបានជូនជនជាតិចិនទាំង១៣នាក់ មានប្រុសមានស្រីធ្វើដំណើរចេញពីម្តុំបឹងកេងកងក្នង គោលបំណងឆ្ពោះទៅខុនដូជ្រោយចង្វា កន្លែងដែលជនជាតិចិនស្នាក់នៅរួមទាំងខ្លួនមិនមានឯកសារ និងការអនុញ្ញាត។
បន្ទាប់ពីឃាត់រថយន្តស៊េរីទំនើប២គ្រឿង និងមនុស្ស១៤នាក់ រួមមានខ្មែរម្នាក់រួចមក ក៏មានវត្តមានអភិបាលខណ្ឌដូនពេញចុះមកពិនិត្យឃើញថាមិនមានឯកសារ និងមិនមានលិខិតអនុញ្ញាតឱ្យមានការចេញចូលរាជធានីភ្នំពេញ ជាពិសេសតំបន់បិទខ្ទប់ក៏បានបញ្ជូនខ្លួនជនជាតិចិនទាំង១៣នាក់ រួមនិឹងអ្នកបើករថយន្តខ្មែរម្នាក់ទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំ អនុវត្តបន្តទៅតាមនីតិវិធី៕
ដោយ៖ ជ្រោយពេជ្រ