អង្គការ​WHO៖ ប្រទេសចំនួន ១៧ហើយ​ ត្រូវបានរកឃើញកូវីដ-១៩​ បំប្លែងខ្លួនថ្មីមានប្រភពដើមនៅប្រទេសឥណ្ឌា

ចែករំលែក៖

អន្តរជាតិ​៖ យោង​តាម​ទីភ្នាក់ងារ​សារព័ត៌មាន AP នៅព្រឹកថ្ងៃពុធ ទី២៨ ខែមេសា ឆ្នាំ២០២១នេះ​ បានដកស្រង់ចេញផ្សាយពីប្រភពរបស់អង្គការសុខភាពពិភពលោក (WHO) បានប្រកាសនៅថ្ងៃអង្គារនេះដែរថា៖ ប្រទេសចំនួន ១៧ហើយ​ ត្រូវបានគេរកឃើញវីរុសកូរ៉ូណា (COVID-19) បំប្លែងខ្លួនថ្មី ដែលបានរកឃើញដំបូងបង្អស់នៅក្នុងប្រទេសឥណ្ឌា។

បើតាមរបាយការណ៍អង្គការ WHO​ បានបញ្ជាក់ថា​៖ វីរុស COVID-19 បំប្លែងខ្លួនថ្មី ដែលត្រូវបានរកឃើញដំបូងបង្អស់នៅក្នុងប្រទេសឥណ្ឌា ឬគេស្គាល់ថា B1617។ ជាក់ស្ដែង​ គិតត្រឹមថ្ងៃអង្គារទី២៨​ មេសានេះ ត្រូវបានគេរកឃើញជាលំដាប់ជាង ១,២០០ករណី ដែលបានបញ្ចូលទៅក្នុងប្រព័ន្ធទិន្នន័យបើកចំហ GISAID មកពីប្រទេសយ៉ាងហោចណាស់ចំនួន ១៧។

របាយការណ៍ដដែល​ បានគូសបញ្ជាក់ចំពោះការធ្វើបច្ចុប្បន្នភាពប្រចាំសប្តាហ៍របស់ខ្លួន ស្តីពីវីរុសឆ្លងរាតត្បាតនោះថា៖ ករណីភាគច្រើនបានពាក់ព័ន្ធនឹងប្រទេសឥណ្ឌា ចក្រភពអង់គ្លេស សហរដ្ឋអាមេរិក និងសិង្ហបុរី។

សូមជម្រាបថា​ អង្គការ​WHO នាពេលថ្មីៗនេះ​ បានចុះបញ្ជីវីរុស COVID-19 បំប្លែងខ្លួនថ្មីប្រភេទ B1617 ជា «វីរុសបំប្លែងខ្លួនដែលត្រូវផ្តោតចំណាប់អារម្មណ៍»។ ប៉ុន្តែរហូតមកទល់ពេលនេះ វាបានវិវឌ្ឍទៅជា «វីរុសបំប្លែងខ្លួនថ្មី ដែលបង្កក្តីព្រួយបារម្ភយ៉ាងខ្លាំង»។ ប្រការនេះមានន័យថា B1617 ពិតជាមានគ្រោះថ្នាក់ជាងវីរុសដើម ដូចជាអាចមានសមត្ថភាពចម្លងបានលឿន អាចបណ្ដាលឱ្យស្លាប់ ឬអាចប៉ះពាល់ដល់ប្រសិទ្ធភាពវ៉ាក់សាំងបាន។

បច្ចុប្បន្ន​នេះ ប្រទេសឥណ្ឌាកំពុងប្រឈមនឹងករណីឆ្លង និងស្លាប់ថ្មីៗជាច្រើន លើសប្រទេសនានាក្នុងពិភពលោក ដោយសារវីរុសឆ្លងរាតត្បាតដ៏កាចសាហាវ COVID-19 នេះ ហើយការភ័យខ្លាចកំពុងកើនឡើងដែលថា វីរុសបំប្លែងខ្លួនថ្មីនេះ អាចរួមចំណែកដល់មហន្តរាយ ដែលកំពុងកើតឡើង។

គួរបញ្ជាក់ថា​ ប្រទេសឥណ្ឌា​ គិតត្រឹម​នៅថ្ងៃអង្គារទី២៨​ ខែមេសា​នេះ បានកត់ត្រាករណីឆ្លងថ្មីៗលើស ៣០០,០០០ករណីតែឯង ដែលបានជំរុញឱ្យករណីឆ្លងសរុប នៅទូទាំងពិភពលោកកើនឡើងដល់ជាង ១៤៧លាននាក់ និងមានអ្នកស្លាប់ ៣.១លាននាក់​ ដែល​ធ្វើ​ឲ្យ​ប្រទេស​មួយ​នេះ​មានសភាពកាន់តែធ្ងន់ធ្ងរទៅ៕ដោយ​៖ស​ តារា​

...

រូបភាព​៖​ Reuters​ និង AP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print