អន្តរជាតិ៖ មន្ត្រីថៃម្នាក់ បានអះអាងប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៨ ខែមេសា ឆ្នាំ២០២១ថា៖ យោធាមីយ៉ាន់ម៉ាបានបើកការវាយប្រហារតាមអាកាសសម្រាប់ថ្ងៃទីពីរជាប់ៗគ្នា ទៅលើទឹកដីដែលកាន់កាប់ដោយក្រុមឧទ្ទាម ខណៈការវាយប្រយុទ្ធគ្នាមានសភាពកាន់តែខ្លាំងក្លានៅតាមព្រំដែនប្រទេសថៃ។
សារព័ត៌មាន AFP បន្តថា ក្រុមចលនាប្រឆាំងរបបយោធា បានទទួលការគាំទ្រពីក្រុមឧទ្ទាមជនជាតិភាគតិចមួយចំនួន ដែលគ្រប់គ្រងទឹកដីនៅតាមតំបន់ព្រំដែនមីយ៉ាន់ម៉ា។ ចំណែកសម្ព័នជាតិការ៉ែន (KNU) ដែលជាក្រុមជនជាតិភាគតិចមួយដ៏លេចធ្លោជាងគេ ក៏ស្ថិតក្នុងចំណោមក្រុមអ្នកប្រឆាំងខ្លាំងបំផុតរបស់របបយោធាផងដែរ ដោយបានថ្កោលទោសចំពោះការប្រើប្រាសើអំពើហិង្សាទៅលើក្រុមបាតុករទៀតផង។
សូមជម្រាបថា នៅក្នុងទឹកដីរបស់ KNU នៅតាមបណ្តោយព្រំដែនភាគខាងកើតប្រទេសជាប់ប្រទេសថៃ នៃការប៉ះទង្គិចគ្នាជាមួយក្រុមយោធា បានកើនឡើងចាប់តាំងពីថ្ងៃទី១ ខែកុម្ភៈមកម៉្លេះ ដោយយោធាបានធ្វើការវាយលុកតាមអាកាសកាលពីខែមុន ដែលជាករណីដំបូងនៅក្នុងរដ្ឋការ៉ែនក្នុងរយៈពេលជាង ២០ ឆ្នាំមកនេះ។
ដោយឡែក កាលពីថ្ងៃអង្គារសប្តាហ៍នេះដែរ កងពលតូចទី៥ របស់សម្ព័នជាតិការ៉ែន (KNU) បានបើកការវាយប្រហារ និងវាយឆ្មក់លើមូលដ្ឋានកងទ័ពមួយនៅតាមបណ្តោយទន្លេ Salween ដែលកំណត់ព្រំដែនរវាងថៃ និងភូមា ហើយយោធាក៏បានសងសឹកវិញ ដោយបានបើកការវាយប្រហារតាមអាកាស។
គួរបញ្ជាក់ថា ការផ្ទុះអាវុធក៏ត្រូវបានលឺម្តងទៀត នៅវេលាម៉ោងប្រហែល ៩ព្រឹកនៅថ្ងៃពុធទី២៨ ខែមេសា ឆ្នាំ២០២១ ក្បែរមូលដ្ឋានយោធា Dar Gwen ដែលស្ថិតនៅភាគខាងជើង នៃការប៉ះទង្គិចផងដែរ៕ដោយ៖ស តារា
រូបភាព៖AFP