មន្ត្រីជំនាញ​ក្រសួងសាធារណការ៖ ក្នុងខែមេសានេះ​ ឃាត់រថយន្តដឹកលើសទម្ងន់ ១៦១គ្រឿង និងផាកពិន័យបានជាង​ ២២០លានរៀល

ចែករំលែក៖

ភ្នំពេញ​៖​ បេីយោង​តាមការបញ្ជាក់ពី​លេខាធិការដ្ឋានរបស់គណៈកម្មាធិការ សម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូន លើស ទម្ងន់កម្រិតកំណត់ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា​ ក្នុងខែមេសា ឆ្នាំ២០២១នេះ​ មន្ត្រី​ជំនាញ​ក្រសួង​សាធារណការ​ បានឃាត់រថយន្តដឹកលើសទម្ងន់ចំនួន ១៦១គ្រឿង និងពិន័យជាថវិកា បានជាង ២២០លានរៀល ដោយចំនួនដឹកល្មើសបានថយចុះ ៤៣% បើប្រៀបធៀបទៅនឹងខែមីនា ឆ្នាំ២០២១កន្លងមក។

ជាក់ស្ដែង​នៅក្នុង​ Facebook ផ្លូវការរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន​ បន្តថា នៅក្នុងខែ មេសា ឆ្នាំ២០២១នេះ ក្រសួងសាធារណការ បានចាប់រថយន្តដឹកជញ្ជូនលើសទម្ងន់ ១៦១គ្រឿង ដោយធ្វើការពិន័យបានថវិកាសរុបចំនួន ២២២,០០០,០០០រៀល ដែលមានការថយចុះតិចជាងចំនួន ១២២គ្រឿង ស្មើ ៤៣% បើធៀបនឹងទិន្នន័យខែមីនា ឆ្នាំ២០២១ កន្លងទៅមានចំនួន ២៨៣គ្រឿង។

មិនតែប៉ុណ្ណោះ​ ក្រសួងសាធារណការ ក៏សូមអំពាវនាវដល់ម្ចាស់រថយន្តដឹកទំនិញទាំងអស់ត្រូវដឹងថា ការបង្កផលប៉ះពាល់ ដែលបណ្តាលមកពីការដឹកជញ្ជូនលើសទម្ងន់ គឺបានបំផ្លាញ ផ្លូវជាតិនាំឱ្យខាតបង់ថវិកាជាតិ ព្រមទាំងបង្កនូវគ្រោះថ្នាក់ ប៉ះពាល់ដល់ទ្រព្យសម្បត្តិសាធារណៈ និងជីវិតមនុស្សផងដែរ។

ជាមួយគ្នានេះ​ សូមម្ចាស់យានយន្តដឹកជញ្ជូន ទាំងអស់ត្រូវចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣កុំ ៣ការពារ ដើម្បីរួមចំណែកទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ និងចូលរួមគោរពច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក ឱ្យបានគ្រប់ៗគ្នាផងដែរ៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print