ការព្រួយរបស់អ្នកនាំពាក្យពិសេសអង្គការសិទ្ធិមនុស្សធ្វើឡើងខុសកាលៈទេសៈ និងបារម្ភជ្រុលជំនួសជនមានពិការភាពកម្ពុជាពេក!

ចែករំលែក៖

ភ្នំពេញ, លោក ឯម ច័ន្ទមករា រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ បានថ្លែងថា, កន្លងមករាជរដ្ឋាភិបាលកម្ពុជា ពិសេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តែងចាក់ទុកខ្លួនលោកជាមនុស្សមានពិការភាព ហើយសម្តេចតេជោ តែងមានការឈឺចាប់នៅពេលមានបុគ្គលអគតិជេរប្រមាថ ឬម៉ាក់ងាយដល់ជនមានពិការ រហូតដល់កម្ពុជាបានអនុម័តច្បាប់មួយដើម្បីការពារផលប្រយោជន៍ជនមានពិការតាំងពីឆ្នាំ២០០៩មកម្ល៉េះនោះគឺច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ។

លោករដ្ឋលេខាធិការលើកឡើងថា, សម្តេចតេជោ ហ៊ុន សែន ដែលជាអ្នកដឹកនាំកម្ពុជាឱ្យឆ្លងផុតរបបប្រល័យពូជសាសន៍ខ្មែរក្រហមរហូតដល់កម្ពុជាមានសុខសន្តិភាពរហូតមកទល់សព្វថ្ងៃ សម្តេចតែងបានគិតពីជនមានពិការភាពជាអាទិភាព រួមទាំងអតីតយុទ្ធជនដែលមានពិការភាពផងដែរ។

បើនិយាយពីសមិទ្ធផលលើវិស័យពិការភាពនៅកម្ពុជាដែលរាជរដ្ឋាភិបាលកម្ពុជាសម្រេចបាន ខ្ញុំសរសេរ ១០០ទំព័រក៏មិនទាន់អស់ផង រហូតដល់កម្ពុជាបានក្លាយជាគំរូប្រទេសជិតខាងក្នុងការលើកកម្ពស់សិទ្ធិជនមានពិការភាពទៀតផង។

ចំណែកឯច្បាប់ គោលនយោបាយជាតិពាក់ព័ន្ធវិស័យពិការភាពបានដាក់ចេញឱ្យអនុវត្តជាហូរហែរនិងទទួលបានលទ្ធផលគួរជាទីមោទន សូម្បីតែសង្គមស៊ីវិល ដៃគូអភិវឌ្ឍក៏ធ្លាប់បានលាន់មាត់សរសើរដល់ឆន្ទៈរបស់កម្ពុជាក្នុងការលើកស្ទួយវិស័យពិការភាពផងដែរ។

ទន្ទឹមនឹងនេះ អនុសញ្ញាអន្តរជាតិនានាក៏កម្ពុជាបានផ្តល់សច្ចាប័នដើម្បីបង្កើនការលើកស្ទួយសុខមាលភាពជនមានពិការភាពនៅកម្ពុជាឱ្យកាន់តែរីកចម្រើន។

មកដល់បច្ចុប្បន្ននេះ បើទោះបីជាច្បាប់ចាស់តាំងពី២០០៩ គឺច្បាប់ស្តីពីកិច្ចការពារនិងលើកកម្ពស់សិទ្ធិជនពិការកំពុងត្រូវបានអនុវត្តយ៉ាងមានប្រសិទ្ធភាពក្តី ក៏សម្តេចតេជោនាយករដ្ឋមន្ត្រីនៅផ្តួចផ្តើមគំនិតឱ្យធ្វើវិសោធនកម្មលើច្បាប់ថ្មី ដែលគ្រោងដាក់ឈ្មោះថា “ច្បាប់ស្តីពីកិច្ចគាំពារជនមានពិការភាព” ដើម្បីបម្រើឱ្យផលប្រយោជន៍របស់ជនមានពិការភាពនៅកម្ពុជាទទួលបានរឹតតែទទួលច្រើនជាមុនស្របតាមបរិបទថ្មីនៃភាពជឿនលឿននិងអភិវឌ្ឍរបស់កម្ពុជា។

លោកបញ្ជាក់ថា, ត្រង់ចំនុចនេះ យើងអាចនិយាយបានដោយមោទនភាពថា បើទោះបីជាកម្ពុជាមានច្បាប់សម្រាប់ជនមានពិការភាពក្តី និងអនុសញ្ញាអន្តរជាតិពាក់ព័ន្ធវិស័យពិការភាពក្តី ក៏នាយករដ្ឋមន្ត្រីនៃកម្ពុជាមិនទុកច្បាប់ទាំងនោះចោលឱ្យហួសសម័យកាល (Out of date) នោះទេ។ ក្រុមការងារតាក់តែងសេចក្តីព្រាងច្បាប់ថ្មីស្តីពីកិច្ចគាំពាំជនមានពិការ ក្រោមការដឹកនាំរបស់រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច លោក វង សូត ប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ បានដាក់ទិសដៅយ៉ាងជាក់លាក់ក្នុងការតាក់តែសេចក្តីព្រាងច្បាប់ថ្មីនេះគឺ “គិតពីផលប្រយោជន៍ជនមានពិភាពកម្ពុជាអាទិភាព”។

ពាក្យមួយម៉ាត់ថា “គិតពីផលប្រយោជន៍ជនមានពិភាពកម្ពុជាអាទិភាព” ល្មមអ្នកនាំពាក្យពិសេសនិងជាអ្នកជំនាញផ្នែកសិទ្ធិមនុស្សប្រចាំអង្គការសហប្រជាជាតិយល់បាន ប្រសិនបើយើងជាអ្នកជំនាញពិតប្រាដកនិងមានជំនាញវិជ្ជាជីវៈត្រឹមត្រូវ។

លោកបន្តថា, ការដាក់ឱសានវាទ ៤៨ម៉ោងឱ្យយើងខ្ញុំបកស្រាយការព្រួយបារម្ភរបស់អស់លោក គឺមិនខ្លីពេលទេ ប៉ុន្តែគ្រាន់តែមិនចំពេលវេលាដែលត្រូវធ្វើ ព្រោះយើងខ្ញុំស្ថិតក្នុងដំណាក់កាលនៃការធ្វើសេចក្តីព្រាង ដែលនៅផ្លូវវែងឆ្ងាយទៀតត្រូវធ្វើការពិគ្រោះយោបល់មុនឈានទៅអនុម័យច្បាប់ថ្មីនេះ។ ខ្ញុំសូមស្វាគមន៍ចំពោះសំណើរ ឬការផ្តល់យោបល់ ឬការផ្តល់ធាតុចូលដើម្បីឱ្យសេចក្តីព្រាងច្បាប់ថ្មីនោះគ្រប់ជ្រុងជ្រោម ដែលមានផលប្រយោជន៍ដល់ជនមានពិការនៅកម្ពុជារបស់យើងខ្ញុំ។ ប៉ុន្តែគួរតែមិនមែនជាការរិះគន់ បន្ទោសបង្អាប់ ឬយ៉ាងហោចណាស់អស់លោកត្រូវឈ្វេងយល់ពីតម្លៃរបស់អ្នកតាក់តែង និងអ្នកផ្តល់ធាតុចូលកន្លងមក ដែលរួមបញ្ចូលទាំងមន្ត្រីជំនាញរបស់អស់លោក តំណាងសង្គមស៉ីវិល ដៃគូអភិវឌ្ឍ តំណាងក្រសួងស្ថាប័នរបស់រដ្ឋ ពិសេសបំផុតគឺជនមានពិការភាពរាប់សិបនាក់បានចូលរួមផ្តល់ធាតុចូលទាំងវេទិកាចង្អៀតនិងទូលាយដែលខ្ញុំរាប់មិនអស់ផង។ ម្យ៉ាងរវាងអ្នកថា និងអ្នកធ្វើគឺខុសគ្នា!

អ្វីដែលខ្ញុំមានការចាប់អារម្មណ៍លើកង្វល់របស់អ្នកនាំពាក្យពិសេសនិងជាអ្នកជំនាញសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិនោះគឺអស់លោកបានយល់ដឹងពីដំណើរការរៀបចំសេចក្តីព្រាងនិងពិគ្រោះយោបល់បានធ្វើឡើងយ៉ាងទូលំទូលាយដែរ ហើយស្ថិតក្នុងដំណាក់នៃការធ្វើសេចក្តីព្រាងនៅឡើង ប៉ុន្តែបែរយកសេចក្តីព្រាងច្បាប់របស់យើងខ្ញុំនេះទៅបកប្រែដោយ គ្មានសុំសិទ្ធិ ពីយើងខ្ញុំ រួចបែរវាយតម្លៃថា ច្បាប់ថ្មីនេះមិនត្រូវបានអនុវត្តពេញលេញជាមួយនឹងច្បាប់សិទ្ធិមនុស្សអន្តរជាតិ មិនស្របតាមស្តង់ដារសិទ្ធិមនុស្សទៅវិញ។

ការចោទប្រកាន់យើងខ្ញុំថា ធាតុចូលមួយចំនួនដែលទទួលបានដោយភាគីពាក់ព័ន្ធនិងដៃគូរួមទាំងទីភ្នាក់ងារអង្គការសហប្រជាជាតិនិងសង្គមស៊ីវិលមិនត្រូវបានក្រុមប្រឹក្សាសកម្មភាពជនពិការ យកមកដាក់ពិចារណារ! តើអស់លោកបានព័ត៌មាននិងភស្តុតាងមកពីណាដើម្បីចោទប្រកាន់យើងខ្ញុំដែលថាមិនទទួលយកធាតុចូលរបស់អស់លោក? តើមូលដ្ឋាននៃការចោទប្រកាន់នេះផ្អែកលើសេចក្តីព្រាងច្បាប់ឬចោទដោយមិនមានមូលដ្ឋាន។

ជាពិសេសអស់លោកមានការព្រួយបារម្ភអំពីការពិតដែលថាសេចក្តីព្រាងច្បាប់នេះ មិនរាប់បញ្ចូលសិទ្ធិមួយចំនួនដែលត្រូវបានទទួលស្គាល់ដោយអនុសញ្ញាស្តីពីសិទ្ធិជនពិការ ហើយក៏មិនបង្ហាញពីការទទួលខុសត្រូវរបស់រដ្ឋក្នុងនាមជាអ្នកកាន់កាតព្វកិច្ចដើម្បីអនុវត្តសិទ្ធិបែបនេះដែរ។ លើសពីនេះទៀត អស់លោកកត់សម្គាល់ថាសេចក្តីព្រាងច្បាប់នេះក៏ មានបទប្បញ្ញត្តិស្តីពីការពិន័យជាច្រើនដែលមិនត្រូវគ្នានឹងបទដ្ឋានសិទ្ធិមនុស្សអន្តរជាតិ។

យើងខ្ញុំសូមជម្រាបថា រាល់ពេលពិភាក្សាម្តងៗ យើងខ្ញុំបានយកសៀវភៅច្បាប់ជាច្រើនទាំងច្បាប់ជាតិ និងអន្តរជាតិ ព្រមទាំងគេហទំព័រជាច្រើនយកមកធ្វើជាអំណះអំណាង ដើម្បីពិនិត្យឱ្យបានលម្អិត (មានរូបថតជាភស្តុតាង)

យើងខ្ញុំសូមជម្រាបថា កម្ពុជាជាប្រទេសមានអធិបតេយ្យភាពខ្លួនឯង មានបាវចនានិងច្បាប់ជាតិជាគោល នោះគឺច្បាប់រដ្ឋធម្មនុញ្ញានៃព្រះរាជាណាចក្រកម្ពុជា។

យើងខ្ញុំមានសិទ្ធិគ្រប់យ៉ាងក្នុងការ ទទួលយកឬមិនទទួលយកធាតុចូលរបស់លោកអ្នកដែលមិនសមរម្យនិងមិនត្រូវបរិបទប្រទេសកម្ពុជា។

យ៉ាងណាមិញ ខ្ញុំសូមជម្រាបជូនថា អនុសញ្ញាស្តីពីសិទ្ធិជនពិការ គឺព្រះរាជាណាចក្រកម្ពុជាបានផ្តល់សច្ចាប័នតាំងពីឆ្នាំ២០១២ និងបានចូលជាធរមានតាំងពីឆ្នាំ២០១៣មកម្ល៉េះ ហើយយើងខ្ញុំបានអនុវត្តអនុសញ្ញានេះបានគ្រប់មាត្រារួមមកហើយនាពេលកន្លងមក។ តើមានហេតុផលណាសមរម្យដែលច្បាប់ថ្មីដែលយើងខ្ញុំកំពុងតាក់តែងនេះ ត្រូវទៅចម្លងហើយសរសេរឡើងវិញ (copy & past) អំពីគ្រប់មាត្រាដែលបានចែងក្នុងអនុសញ្ញាយកមកដាក់ក្នុងច្បាប់ថ្មីនេះឡើងវិញ។ ក្រែងអនុសញ្ញាស្តីពីសិទ្ធិ
ជនពិការនោះ យើងខ្ញុំបានផ្តល់សច្ចាប័នរួមមកហើយ។ ឬមួយក៏ស្តង់ដារអន្តរជាតិនៃការតាក់តែងច្បាប់ជាតិនៅប្រទេសដទៃគេត្រូវទៅចម្លងហើយសរសេរឡើងវិញ (copy & past)បែបនោះ។

ប្រជាជនកម្ពុជាទទួលទាន ប្រហុកឬបាញ់ឆែវ ឯលោកអ្នកទទួលទាន ឈឺសឬភីហ្សា យើងមិនអាចបង្ខំគ្នាបានទេ!

សរុបមកវិញ សេចក្តីព្រាងច្បាប់ថ្មីស្តីពីពិការកិច្ចគាំពារជនមានពិការភាពនៅពេលនេះគឺមានសម្លេងជនមានពិការភាពច្រើនរាប់មិនអស់ដែលបានគាំទ្រទាំងសំណេរតាក់តែងនិងនីតិវិធី ព្រមទាំងដំណើរការ បើទោះបីជានៅសល់ផ្លូវវែងឆ្ងាយទៀតដែលយើងខ្ញុំត្រូវនៅបន្តនីតិវិធី។ ពោលគឺមានមនុស្សគាំទ្រសេចក្តីព្រាងច្បាប់នេះច្រើនជាង ៩៥% នៃអ្នកដែលបានផ្តល់ធាតុចូល នោះគឺយើងខ្ញុំសម្រេចហើយ ម្យ៉ាងវាគឺជាស្តង់តាលទ្ធិប្រជាធិបតេយ្យផង។

សូមជម្រាបថា នេះគ្រាន់តែជាយោបល់ផ្ទាល់ខ្លួនរបស់ខ្ញុំទេ។ ការឆ្លើយតបជាផ្លូវការនឹងត្រូវបានធ្វើឡើងនៅពេលក្រោយ។

ចុងក្រោយ ខ្ញុំសូមបង្ហោះជូននូវរូបថតសកម្មភាពមួយចំនួនដែលយើងខ្ញុំបានការពិភាក្សាលើសេចក្តីព្រាងច្បាប់ថ្មីនេះ គឺមិនធ្វើគ្រាន់តែល្អមើល ឬធ្វើលំៗនោះទេ។

ប្រសិបើសេចក្តីព្រាងច្បាប់នេះនៅមិនទាន់បានឯកភាពដោយប្រមុខរាជរដ្ឋាភិបាល យើងខ្ញុំស្វាគមន៍ការផ្តល់ធាតុតាមបរិបទប្រទេសកម្ពុជា៕

...

ដោយ, សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print