ប្រវត្តិនិងអត្ថន័យនៃព្រះរាជពិធីច្រត់ព្រះនង្គ័ល (វប្បមង្គល)

ចែករំលែក៖

តាមការស្រាវជ្រាវពីប្រវត្តិសាស្រ្តបញ្ជាក់ថា ព្រះរាជពិធីច្រត់ព្រះនង្គ័លត្រូវបានរៀបចំធ្វើរាល់ឆ្នាំនាខែពិសាខ នៅទីព្រះស្រែណាមួយ (ក្រោយមកគេនិយមធ្វើជារៀងរាល់ឆ្នាំនៅវាលព្រះមេរុ) ។

ន័យនៃពិធីនេះ គឺព្រះរាជា ឬអ្នកតំណាងព្រះអង្គភ្ជួរស្រែឱ្យមានគន្លងមុនគេ ជាតម្រុយឱ្យរាស្ត្រប្រជាទូទៅ ធ្វើតាមជាក្រោយ ។

ពិធីបុណ្យនេះ ស្ថិតនៅក្នុងចំណោមព្រះរាជពិធីទ្វាទសមាស (ព្រះរាជពិធីបុណ្យដែលធ្វើក្នុងមួយខែម្ដងជាទំនៀមតាមរាជប្រពៃណី)។
រឿងរ៉ាវដែលទាក់ទងទៅនឹង ប្រវត្តិនៃពិធីបុណ្យនេះ ត្រូវបានឯកសារមួយចំនួនកត់ត្រាថា មានរូបរាងនៅលើទឹកដីនៃកម្ពុជទេស តាំងពីអំឡុងរាប់ពាន់ឆ្នាំ កន្លងមកហើយ ។
ព្រះរាជពិធីច្រត់ព្រះនង្គ័ល ច្រើនតែធ្វើនៅថ្ងៃ ១រោច ២រោច និង ៣រោច ខែពិសាខ ដោយចាត់ឱ្យ មានព្រាហ្មណ៍៥ នាក់ ធ្វើហោមពិធីបូជាទេវតា ៥កន្លែង នៅទីព្រះស្រែ ។

ពេលខ្លះព្រះរាជាយាងច្រត់ព្រះនង្គ័លដោយផ្ទាល់ ប៉ុន្តែពេលខ្លះតំណាងព្រះរាជា ជាអ្នកច្រត់ព្រះនង្គ័ល ។
ថ្ងៃ ៤ រោច ខែ ពិសាខ គេចាប់ផ្តើមហែមន្ត្រី អ្នកច្រត់ព្រះនង្គ័លតំណាងព្រះរាជា ហៅថា ស្តេចមាឃ និងភរិយាព្រះមេហួរតំណាងព្រះអគ្គមហេសី ចេញពីព្រះបរមរាជវាំង ទៅកាន់ទីព្រះស្រែ ដោយនៅទីនោះ មានគោ៣នឹម ទឹមរួចជាស្រេចសម្រាប់ច្រត់ព្រះនង្គ័ល ។ អ្នកចូលរួមទាំងប្រុសទាំងស្រីស្លៀកពាក់តាមលក្ខណៈប្រពៃណីខ្មែរយ៉ាងល្អឆើតឆាយ។

គោនឹមទី១ ដែលទឹមសម្រាប់ ច្រត់ព្រះនង្គ័ល នោះ គេហៅថា ” ព្រះគោ “ឬ ” គោឧសភរាជ “( គោឈ្មោលរបស់ព្រះរាជា ) ។តាមរាជបវេណី ” ព្រះគោ ” ឬ ” គោឧសភរាជ ” នេះ មានកំណត់លក្ខណៈ ច្បាស់លាស់ គឺសម្បុរខ្មៅ ស្នែងរាងចំពាស់ ឈ្នក់ ឬ ប្រក់នាគ គឺរាងខុបទៅមុខបន្ដិច ហើយវាត់ចុងទៅលើបន្ដិច ។

គោនឹមទី ២ ដែលប្រើសម្រាប់ហែមុខហែក្រោយនោះ ដូចជាមិនទាន់ឃើញថាមានកំណត់លក្ខណៈនៅឡើយ ។ ទោះយ៉ាងណាតាមដែលធ្លាប់ប្រើមកហើយ ឃើញច្រើនតែសម្បុរក្រហម ។ ឯព្រះនង្គ័លទាំង៣ នោះ គេលាបថ្នាំពណ៌ខ្មៅកាត់ខ្សែក្រហមដោយអន្លើៗឯចន្ទោលព្រះនង្គ័លសម្រាប់អ្នក តំណាងព្រះរាជានោះ មានលក្ខណៈពិសេសជាងគេ គឺធ្វើជារូបនាគ លាបថ្នាំពណ៌មាស នៅត្រង់ ក នាគ និង មានភូ (សរសៃរំយោល)ធ្វើពីរោមសត្វ ។
គោលបំណងសំខាន់បំផុត នៃ ព្រះរាជពិធីច្រត់ព្រះនង្គ័ល គឺធ្វើឡើងដើម្បីជាការព្យាករណ៍ ឬ ទស្សន៍ទាយ អំពីផលដំណាំកសិកម្ម និង ហេតុភេទ ដែលអាចនឹងកើតមានឡើងនៅក្នុងរយៈពេលពេញមួយឆ្នាំ តាមរយៈទង្វើរបស់គោ នៅក្នុងព្រះរាជពិធីនោះ ។
ព្រះរាជា ឬ ស្តេចមាឃ ដែលជាតំណាងឲ្យព្រះមហាក្សត្រ ជាអ្នកភ្ជួរព្រះមេរុ រីឯមហាក្សត្រិយានី ឬដែលតំណាងដោយព្រះមេហួរជាអ្នកព្រួសគ្រាប់ពូជពីក្រោយ។ វាលព្រះមេរុត្រូវបានភ្ជួរចំនួនបីជុំនៅក្នុងពិធីនោះ។
នៅក្នុងបរិវេណទីលានព្រះស្រែ ឬ វាលព្រះមេរុ នោះ មានសង់ព្រះពន្លា គឺ រោង ដ៏ស្រស់ស្អាត ហើយនៅមុខព្រះពន្លានោះ មាន តុ ចំនួន៧ ហើយនៅលើតុនីមួយៗមានតម្កល់ទៅដោយរបស់មួយមុខគឺ គឺគ្រាប់ស្រូវ១តុ គ្រាប់សណ្ដែក១តុ គ្រាប់ពោត១តុ គ្រាប់ល្ង១តុ ស្មៅស្រស់១តុ ទឹក១តុ និងស្រា១ តុ ។
នៅក្នុងព្រះរាជពិធីនេះបន្ទាប់ពីបានភ្ជួរដូចបានរៀបរាប់ខាងលើមក គឺជាពិធីផ្សងគោឧសភរាជ្យ ។ ពិធីផ្សងគោឧសភរាជ្យ នេះ ព្រាហ្មណ៍ដែលជាព្រះរាជគ្រូ សូត្រពាក្យអធិដ្ឋានផ្សងគោ ដែលទឹមច្រត់ព្រះនង្គ័លនោះ ឱ្យបរិភោគអាហារ ៧ យ៉ាង ខាងលើនេះ ។ កាលព្រះគោបរិភោគអ្វីមួយ ព្រាហ្មណ៍ ក៏ព្យាករណ៍នូវព្រឹត្តិការណ៍ឬទស្សន៍ទាយតាមប្រផ្នូលនោះសម្រាប់រយៈពេលពេញមួយឆ្នាំនេះ ដូចជា ជំងឺរាតត្បាត ទឹកជំនន់ ទិន្នផលល្អ និង មានភ្លៀងធ្លាក់ច្រើន ឬ តិច ជាដើម។
ពួកបុរាណវិទូ បានអះអាងថា ព្រះរាជពិធីច្រត់ព្រះនង្គ័លនេះ ត្រូវបានព្រះរាជាខ្មែរ ប្រារព្ធ ជាបវេណី យ៉ាងហោចណាស់ ក៏តាំងពីសម័យ ចេនឡា (សតវត្សទី៦ ដល់ដើមសតវត្សទី ៩ ) ដែរ ដោយពួកគេបានរកឃើញរូបចម្លាក់ជាច្រើនបញ្ជាក់ពីវត្តមាន នៃ ព្រះរាជពិធីច្រត់ព្រះនង្គ័លនេះ ។
ចំពោះស្នាដៃអក្សរសិល្ប៍វិញ គឺគេអាចឃើញមានវត្តមានព្រះរាជពិធីច្រត់ព្រះនង្គ័លនេះ នៅក្នុងរឿង រ៉ាម៉ាយណៈ របស់ ឥណ្ឌា និង រឿង រាមកេរ្តិ៍ របស់ខ្មែរ ។
នៅក្នុងរឿងរាមកេរ្តិ៍ របស់ខ្មែរ មានតំណាលថា ព្រះនាង សីតា បានចាប់កំណើតក្នុងពេលដែលព្រះបាទជនក កំពុងធ្វើពិធីច្រត់ព្រះនង្គ័លហើយក៏លេចចេញព្រះនាងពីដីអាចម៍បំណះដែលព្រះអង្គកំពុងភ្ជួរក្នុងព្រះរាជពិធីនោះ។
ទេវៈពលរាម (ព្រះពលទេព) ជាអាទិទេពក្នុងព្រហ្មញ្ញសាសនា មានកេតនភណ្ឌ ប្រដាប់ដោយនង្គ័ល ជាទេពខាងបង្កបង្កើនផល(កសិកម្ម)។
នៅក្នុងពុទ្ធប្បវត្តិ ក៏មានឃើញរឿងនេះដែរ គឺនៅពេលដែលព្រះបាទ សិទ្ធោទន (បិតារបស់ព្រះពុទ្ធ) កំពុងយាងច្រត់ព្រះនង្គ័ល នោះព្រះរាជកុមារ សិទ្ធត្ថ បានក្រោកអង្គុយធ្វើសមាធិកក្រោមដើមឈើបានសម្រេចធម៌ដ៏សំខាន់មួយ ។
ពិធីនេះបង្កប់ទៅដោយនូវអត្ថន័យដ៏សំខាន់គឺបញ្ជាក់ថា ព្រះរាជា ( ឬ ប្រមុខ និង ថ្នាក់ដឹកនាំប្រទេស ) យកចិត្តទុកដាក់លើវិស័យកសិកម្ម ឬ ការបង្កបង្កើនផល ដ្បិតកម្ពុជា ជាប្រទេសដែលពឹងលើវិស័យកសិកម្មជាសំខាន់ ។
មួយវិញសោត តាមរយៈព្រះរាជពិធីច្រត់ព្រះនង្គ័លនេះ គឺជាការក្រើនរំលឹកដល់ប្រជានុរាស្ត្រនិងអ្នកពាក់ព័ន្ធទាំងអស់ថា “រដូវបង្កបង្កើនផលបានចូលមកដល់ហើយគប្បីប្រុងប្រៀបរៀបចំកាយចិត្ត និងឧបករណ៍សម្រាប់ប្រឡូកក្នុងការដាំដុះ”។

បច្ចុប្បន្នច្រើននិយមប្រារព្ធឡើងនៅតាមបណ្ដាខេត្តនានា
ក្រោមព្រះរាជធិបតីភាពរបស់ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។
ព្រះរាជតំណាង ត្រូវបានជំនួសដោយ អភិបាលប្រចាំខេត្តនីមួយៗ មានភារកិច្ច និងដើរតួយ៉ាងសំខាន់បំផុតនៅក្នុងព្រះរាជពិធីនេះ៕
ស្រាវជ្រាវនិងកែសម្រួលដោយ÷ ចៅតាជេត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print