ខេត្តកណ្តាល, រដ្ឋបាលខេត្តកណ្ដាល បានចេញសេចក្តីសម្រេច ស្តីពី ការផ្អាកដំណើរការអាជីវកម្មផ្សារបែកចាន ជាបណ្ដោះអាសន្នស្ថិតក្នុងឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។
អភិបាល នៃគណៈអភិបាលខេត្តកណ្តាល សម្រេច:
ប្រការ ១..ត្រូវបានផ្អាកជាបណ្ដោះអាសន្ន ដំណើរការអាជីវកម្មផ្សារបែកចាន ដែលស្ថិតនៅក្នុងឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ដែលមានថិរវេលាអនុវត្តរយៈពេល ២(ពីរ)សប្ដាហ៍ គិតចាប់ពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុង ភូមិសាស្ត្រខេត្តកណ្តាល ។
ប្រការ ២..ចំពោះបងប្អូនដែលមានការពាក់ព័ន្ធផ្ទាល់ ឬដោយប្រយោលក្នុងព្រឹត្តិការណ៍ខាងលើ ត្រូវចូលរួមសហការ ជាមួយអាជ្ញាធរមានសមត្ថកិច្ច និងក្រុមការងារសុខាភិបាល ដើម្បីយកវត្ថុសំណាកទៅធ្វើតេស្តជាបន្ទាន់ នៅ មន្ទីរពេទ្យបង្អែក អង្គស្នួល ឬទំនាក់ទំនងលេខទូរស័ព្ទ ០៩៧ ៧៣ ៧៦ ៥៥៥ / ០១៧ ៤៥១.០៩០ / ០១២ ៤១១ ២២៥ ព្រមទាំង ចូលរួមអនុវត្តវិធានការ ជាចាំបាច់ “៣ ការពារ -៣ កុំ” របស់រាជរដ្ឋាភិបាល និងវិធានការសុខាភិបាល
ប្រការ ៣..សេចក្តីសម្រេចណាដែលមានខ្លឹមសារផ្ទុយពីសេចក្ដីសម្រេចនេះត្រូវចាត់ទុកជានិរាករណ៍។
ប្រការ ៤..នាយករដ្ឋបាលសាលាខេត្ត ស្នងការនគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកណ្ដាល អភិបាល នៃគណៈអភិបាលស្រុកអង្គស្នួល ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត ប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធ និងលោកមេឃុំបែកចាន ត្រូវទទួលបន្ទុកអនុវត្តសេចក្តីសម្រេចនេះ តាមភារកិច្ច រៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ៕
ដោយ, ស្អាងជ័យ