ភ្នំពេញ, សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា, បងប្អូន ក្មួយៗ កម្មករនិយោជិត និយោជក និងជនរួមជាតិទាំងអស់ជាទីស្នេហា !
តាងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលបានចូលរួមជាមួយបងប្អូន ក្មួយៗ កម្មករនិយោជិត និយោជក និងជនរួមជាតិទាំងអស់ នៅក្នុងឱកាសខួប អនុស្សាវរីយ៍លើកទី១៣៥ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ក្រោមប្រធានបទ “សន្តិភាព សុខភាព និង ការងារ “។ ប្រធានបទនេះ ពិតជាមានអត្ថន័យយ៉ាងជ្រាលជ្រៅ និងមានតម្លៃជាសារវន្ត ជាសកល ជាពិសេស សម្រាប់ព្រះរាជាណាចក្រកម្ពុជាដែលធ្លាប់ទទួលបានការញាំញីដោយសង្គ្រាមបំផ្លិចបំផ្លាញខ្ទេចខ្ទាំរាប់សតវត្ស មកហើយ ពីព្រោះមានតែការរក្សាបាននូវសន្តិភាពទេ ទើបមានការអភិវឌ្ឍ ការបង្កើតការងារ និងស្ថិរភាព ការងារក្នុងបរិបទជំងឺកូវីដ-១៩។
ទិវាពលកម្មអន្តរជាតិ ១ ឧសភា នៅព្រះរាជាណាចក្រកម្ពុជា ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ ចាប់តាំង ពីថ្ងៃរំដោះពីរបបប្រល័យពូជសាសន៍ថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ រហូតមកដល់បច្ចុប្បន្ន។ ទោះបី ឆ្នាំនេះ ប្រទេស ជាតិយើង និងពិភពលោកទាំងមូលកំពុងប្រឈមនឹងជំងឺកូវីដ-១៩ ក៏រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តឱ្យមានការ រៀបចំរំលឹកនូវទិវាដ៏មានសារៈសំខាន់ជាប្រវត្តិសាស្ត្រនេះ។
ដោយសារតែរាជរដ្ឋាភិបាលអាចបន្តរក្សា និងការពារបានយ៉ាងរឹងមាំនូវសន្តិភាព ស្ថិរភាព សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ទើបប្រទេសជាតិយើងទទួលបាននូវការអភិវឌ្ឍលើគ្រប់វិស័យ។
រាជរដ្ឋាភិបាល បាននិងកំពុងខិតខំអនុវត្តបានដោយជោគជ័យនូវយុទ្ធសាស្ត្រចតុកោណដំណាក់កាល ទី៤ រួមទាំងគោលនយោបាយអាទិភាពសំខាន់ៗ ដើម្បីបង្កើនល្បឿនការអភិវឌ្ឍ និងបង្កើតការងារសមរម្យជូន ប្រជាពលរដ្ឋ ក្នុងនោះរួមមាន គោលនយោបាយអភិវឌ្ឍវិស័យឧស្សាហកម្មនៅកម្ពុជា ឆ្នាំ២០១៥-២០២៥, គោលនយោបាយជាតិស្តីពីមុខរបរ និងការងារ ឆ្នាំ២០១៥-២០២៥, គោលនយោបាយជាតិស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ឆ្នាំ២០១៧-២០២៥ និងអនុវត្តនូវការកែទម្រង់មុតស្រួច ក្រោមអភិក្រម “ឆ្លុះ កញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់” និងបាវចនា “កែទម្រង់ផ្ទៃក្នុង និងបង្កើនមិត្តខាងក្រៅក្នុងស្មារតី ឯករាជ្យ”។
ទោះបីជាស្ថិតក្នុងស្ថានភាពដ៏លំបាកនៃជំងឺកូវីដ-១៩ក៏ដោយ រាជរដ្ឋាភិបាលនៅតែខិតខំបន្តរក្សាការងារ ដែលមានស្រាប់ និងបង្កើតការងារថ្មីគ្រប់ប្រភេទជូនប្រជាពលរដ្ឋ ដែលនាំឱ្យផលប៉ះពាល់លើចំនួនការងារស្ថិត ក្នុងកម្រិតមួយដែលអាចគ្រប់គ្រងបាន។ ជាក់ស្តែង រោងចក្រ សហគ្រាសចំនួន ១ ១០៣ បានបើកដំណើរការថ្មី ដែលផ្តល់ការងារដល់កម្មករនិយោជិតសរុបជាង ៦ម៉ឺននាក់បន្ថែម។ លើសពីនេះ ចំនួនរោងចក្រ សហគ្រាស ដែលបានព្យួរកិច្ចសន្យាការងារបានធ្លាក់ចុះពីចំណុចកំពូលនៅខែមិថុនា ឆ្នាំ២០២០ ពីចំនួន ៤៣៣ ស្មើនឹងកម្មករ និយោជិតជាង ១៥ម៉ឺននាក់ មកត្រឹម ១៥០រោងចក្រ សហគ្រាស ស្មើនឹងកម្មករជាង ២ម៉ឺននាក់ គិតត្រឹមបំណាច់ ឆ្នាំ២០២០ និងបន្តធ្លាក់ចុះជាបណ្ដើរៗផងដែរ។ ទន្ទឹមនឹងនេះ ទីភ្នាក់ងារជាតិមុខរបរ និងការងារ ក៏បានចុះឈ្មោះ ស្វែងរកការងារចំនួន ១៧ ២០១នាក់, បានផ្សព្វផ្សាយព័ត៌មានជ្រើសរើសកម្លាំងពលកម្មចំនួន ១៨៤ ៨០៨នាក់ និងបានបន្តជួយស្វែងរកការងារធ្វើជូនប្រជាពលរដ្ឋតាមមូលដ្ឋានភូមិឃុំ។
កន្លងទៅនេះ ដើម្បីជំរុញការអនុវត្តគោលនយោបាយស្តីពីការអភិវឌ្ឍវិស័យឧស្សាហកម្ម ខ្ញុំផ្ទាល់បាន ចុះជួបជាមួយបងប្អូនកម្មករនិយោជិត បានចំនួន៧៧លើក សរុបកម្មករនិយោជិតចំនួនប្រមាណជិត ១លាននាក់ គិតចាប់ពីឆ្នាំ២០១៧ ដល់ឆ្នាំ២០១៩ ដែលតាមរយៈជំនួបទាំងនេះ បានរកឃើញបញ្ហាមួយចំនួន និងបានដាក់ ចេញនូវគោលការណ៍ និងវិធានការជាច្រើន ជាពិសេសអនុសាសន៍១០ចំណុច ដើម្បីលើកកម្ពស់ជីវភាព សុខុមាលភាពកម្មករនិយោជិត និងទំនាក់ទំនងវិជ្ជាជីវៈ ហើយខ្ញុំនឹងបន្តសកម្មភាពនេះជារៀងរហូតនៅក្នុងតំណែង របស់ខ្ញុំជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ប៉ុន្តែខ្ញុំក៏សូមការអធ្យាស្រ័យ ដែលនៅឆ្នាំ២០២១នេះ យើងមិនអាចរៀបចំការជួបជុំដូចសព្វដង ដោយសារការរីករាលដាលជាសកលនៃជំងឺកូវីដ-១៩ ដែលកំពុងគំរាម កំហែងសុខភាពសាធារណៈ សេចក្តីសុខ និងអាយុជីវិតប្រជាជនកម្ពុជា ក៏ដូចជាប្រជាជនទូទាំងសកលលោក។
រាជរដ្ឋាភិបាលបានបន្តលើកកម្ពស់ការការពារសិទ្ធិសេរីភាពអង្គការវិជ្ជាជីវៈ ថែរក្សាសុខដុមនីយកម្ម ទំនាក់ទំនងវិជ្ជាជីវៈ ផ្តល់អត្ថប្រយោជន៍នានាជូនបងប្អូនកម្មករនិយោជិត រួមទាំងការផ្តល់កិច្ចគាំពារសង្គមផងដែរ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ច្បាប់ស្ដីពីការងារ ច្បាប់ស្ដីពីសហជីព និងអនុសញ្ញាអន្តរជាតិ ខាងការងារទាំង១៣ ដែលកម្ពុជាបានផ្តល់សច្ចាប័ន តាមរយៈយន្តការត្រីភាគីសម្រាប់សំវាទសង្គម ជាអាទិ៍ ក្រុមប្រឹក្សាអាជ្ញាកណ្តាល គណៈកម្មការប្រឹក្សាការងារ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា រួមទាំងយន្តការ ត្រីភាគីបូកជាច្រើនទៀត។ ការបើកចំហរសេរីភាពអង្គការវិជ្ជាជីវៈ បានធ្វើឱ្យកំណើននៃការចុះបញ្ជីកើនឡើង គួរឱ្យកត់សម្គាល់ ដោយគិតត្រឹមឆ្នាំ២០២០ នេះ មានអង្គការវិជ្ជាជីវៈចំនួន ៥ ៤៨៤ កំពុងប្រតិបត្តិការ ក្នុងនោះ សហជីពមូលដ្ឋានមានចំនួន ៥ ២០៦ សហព័ន្ធសហជីពមានចំនួន ២៣១ សហភាពសហជីពមានចំនួន ៣៦ និងសមាគមនិយោជកមានចំនួន ១១។
រាជរដ្ឋាភិបាលក៏បានបន្តយកចិត្តទុកដាក់ក្នុងការលើកកម្ពស់សុវត្ថិភាព និងសុខភាពការងាររបស់កម្មករ និយោជិត នៅតាមគ្រប់រោងចក្រ សហគ្រាស ដោយតម្រូវឱ្យមានគិលានដ្ឋាន កន្លែងហូបបាយ បន្ទប់បំបៅកូន និងទារកដ្ឋាន ដែលបានជួយធ្វើឱ្យកាន់តែប្រសើរឡើងនូវសុខុមាលភាពរបស់កម្មករនិយោជិត។ កម្មវិធីបង្ការ
គ្រោះថ្នាក់ការងារ និងបង្កើនសុវត្ថិភាពក្នុងការដឹកជញ្ជូន និងការធ្វើដំណើររបស់កម្មករនិយោជិត ក៏ត្រូវបានជំរុញ ការអនុវត្តយ៉ាងសកម្មផងដែរ។
រាជរដ្ឋាភិបាលក៏បានបន្តយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍរបបសន្តិសុខសង្គម ដើម្បីពង្រីកវិសាលភាព កាន់តែទូលំទូលាយ ដោយគ្របដណ្តប់ ៤ផ្នែករួមមាន ផ្នែកប្រាក់សោធន ផ្នែកថែទាំសុខភាព ផ្នែកហានិភ័យ ការងារ និងផ្នែកនិកម្មភាពការងារ សំដៅធានាសង្គតិភាព និងសមធម៌ រវាងមន្ត្រីសាធារណៈ និងកម្មករនិយោជិត តាមរយៈការពង្រឹងការអនុវត្តច្បាប់ស្តីពីរបបសន្តិសុខសង្គម និងការរៀបចំដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គម ផ្នែកហានិភ័យការងារសម្រាប់មន្ត្រីសាធារណៈ និងរបបសោធនសម្រាប់កម្មករនិយោជិត នៅក្នុងឆ្នាំ២០២០។ ដើម្បីផ្តល់នូវកិច្ចគាំពារសង្គមជូនបងប្អូនកម្មករនិយោជិត បេឡាជាតិសន្តិសុខសង្គម បានផ្ដល់នូវរបបហានិភ័យ ការងារ និងរបបថែទាំសុខភាព ចាប់ពីឆ្នាំ២០០៨ មកម្ល៉េះ ដែលមានរោងចក្រ សហគ្រាសជាង ១ម៉ឺន៤ពាន់ ជាសមាជិក ដែលមានកម្មករនិយោជិតទាំងក្នុង និងក្រៅប្រព័ន្ធ និងមន្ត្រីសាធារណៈ សរុបប្រមាណជាង ២លាន ១សែននាក់ កំពុងទទួលបានអត្ថប្រយោជន៍ពីរបបទាំងនេះ។ បន្ថែមពីនេះ ចាប់ពីឆ្នាំ២០១៨ រាជរដ្ឋាភិបាលបាន អនុវត្តគោលនយោបាយឧបត្ថម្ភសាច់ប្រាក់ដល់កម្មការិនីទាំងក្នុង និងក្រៅប្រព័ន្ធ និងមន្ត្រីសាធារណៈនៅពេល សម្រាលកូន ដោយក្នុងឆ្នាំ២០២០នេះ ប.ស.ស. បានផ្ដល់ប្រាក់ឧបត្ថម្ភដល់ស្រ្តីសម្រាលកូនបានចំនួន ៨១ ៩៩០នាក់ (កើនឡើងប្រមាណ ៧,៣% ) ស្មើនឹងចំនួនកូន ៨២ ៥២៧នាក់ (កើនឡើងប្រមាណ ៧,៣%) ដែលគិតជាទឹក ប្រាក់សរុបចំនួន ៣៣ ប៊ីលានរៀល ហើយបើគិតចាប់ពីឆ្នាំ២០១៨ រហូតដល់ឆ្នាំ២០២០ ស្រ្តីសម្រាលកូន មានចំនួន ២១៦ ២០២នាក់ ដោយចំណាយថវិកាសរុបចំនួន ៨៧,១ប៊ីលានរៀល។
សូមអានសារលិខិត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី ១៣៥ នៃទិវាពលកម្មអន្តរជាតិ ថ្ងៃទី ១ ខែ ឧសភា ឆ្នាំ ២០២១ ទាំងស្រុងដូចខាងក្រោម៕
ដោយ, សុខ ខេមរា