ខេត្តក្រចេះ៖ ស្របពេលដែលការបង្ក្រាបបទល្មើសព្រៃឈើ កាន់តែរឹតបន្តឹង និងបង្ក្រាបលក្ខណៈទ្រង់ទ្រាយធំ បែរជាលេចចេញនូវបទល្មើស ប្រភេទការដឹកជញ្ជូនឈើជន្លង់ម្រេចយ៉ាងខ្លាំងក្លា ឆ្លងទៅប្រទេសវៀតណាម តាមច្រករបៀងដេ៣ ដេ៤ ស្រុកស្នួល ខេត្តក្រចេះ មិនទាន់មានវិធានការទប់ស្កាត់នៅឡើយទេ ទាំងអាជ្ញាធរសមត្ថកិច្ចមូលដ្ឋាន ជាពិសេស ផ្នែករដ្ឋបាលព្រៃឈើ និងខណ្ឌ កាន់តែបើកច្រករបៀងនេះឲ្យមានបទល្មើសឆ្លងកាត់ដ៏ទូលាយ ។
គេបានរាយការណ៍មកថា មេឈ្មួញដ៏ធំជាងគេក្នុងការនាំឈើជន្លង់ម្រេចឆ្លងទៅវៀតណាមលក់នៅក្នុងស្រុកឡុកនិញ ខេត្តប៊ិញភឿក គឺឈ្មោះ ឈាន ជាឈ្មួញឈើល្មើសច្បាប់ផង និងមានតួនាទីជានាយរងនគរបាលវរការពារព្រំដែនច្រកទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។ ឈ្មួញរូបនេះ ក្នុងនាមជាសមត្ថកិច្ច រកស៊ីបទល្មើសព្រៃឈើ ដោយចេញមុខ បន្ទាប់ពីត្រូវរ៉ូវគ្នាជាមួយសមត្ថកិច្ចច្រករបៀង ។
ក្នុងមួយថ្ងៃៗ ឈើជន្លង់ម្រេច ត្រូវបានដឹកតាមរថយន្តទួរីស ដូចហែកឋិន ។ បើទោះជា មិនមែនជាឈើប្រណីត ប៉ុន្តែការដឹកជញ្ជូននេះ បានធ្វើឲ្យប៉ះពាល់ទៅនឹងការបាត់បង់ប្រភពឈើជន្លង់ម្រេច សម្រាប់ប្រើប្រាស់ក្នុងស្រុក លើវិស័យកសិកម្ម ប៉ុន្តែ ដើម្បីលាភសក្ការ សមត្ថកិច្ចច្រករបៀង អាជ្ញាធរ និងជំនាញរដ្ឋបាលព្រៃឈើពុំដែលបានគិតសូម្បីតែបន្តិចលើវិធានការហាមឃាត់ឡើយ ។ ជាពិសេស ឈ្មួញឈ្មោះ ឈាន គាត់ជាសមត្ថកិច្ចផងនោះ គួរតែថ្នាក់លើមានវិធានការទៅលើអ្នកអនុវត្តច្បាប់ ហើយកំពុងបំពានច្បាប់នេះផងដែរ ៕
ដោយ៖ សុខ ខេមរា