អូស្ត្រាលី៖​ ហាមមិនឲ្យអ្នកធ្វើដំណើរពីឥណ្ឌា ចូលមកកាន់ទឹកដីខ្លួន​ បេីល្មេីស​​នឹងត្រូវរងពិន័យ និងជាប់ពន្ធនាគាររហូតដល់៥ឆ្នាំ

ចែករំលែក៖

អន្តរជាតិ​៖ បើយោងតាម​ប្រភពពីមន្ត្រីរដ្ឋាភិបាលអូស្ត្រាលី ដកស្រង់ និងចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នាព្រឹកថ្ងៃសៅរ៍ ទី០១ ខែឧសភា ឆ្នាំ២០២១នេះថា៖​ ជនជាតិអូស្ត្រាលីទាំងអស់ និងអ្នកដែលធ្លាប់ស្នាក់នៅប្រទេសឥណ្ឌា នៅក្នុងរយៈពេល ១៤ថ្ងៃចុងក្រោយនេះ (គិតត្រឹមថ្ងៃចាប់អនុវត្តបម្រាម) ដែលមានគម្រោងត្រឡប់មកផ្ទះវិញ នោះនឹងមិនត្រូវបានអនុញ្ញាត ឲ្យចូលមកក្នុងទឹកដីអូស្ត្រាលីឡើយ គិតចាប់ពីថ្ងៃទី០៣ ខែឧសភា (ដើមសប្តាហ៍ក្រោយ)។ អ្នកដែលបំពានបំរាមនេះ នឹងត្រូវរងការពិន័យជាប្រាក់ និងឈានដល់ជាប់ពន្ធនាគារផងដែរ។

ទីភ្នាក់ងារព័ត៌មាន Reuters បានចុះផ្សាយបន្ថែមថា​ ចំពោះ​ការដាក់ចេញបម្រាមបន្ទាន់ខាងលើនេះ បន្ទាប់ពី​មន្ត្រីរដ្ឋាភិបាលអូស្ត្រាលី​ បានលើកឡើងកាលពីយប់ថ្ងៃសុក្រទី៣០​ ខែមេសា​ម្សិលមិញនេះ​ គឺជាផ្នែកមួយនៃវិធានការយ៉ាងតឹងរ៉ឹង ដែលអូស្ត្រាលីបានដាក់ចំពោះ អ្នកធ្វើដំណើរទៅកាន់ប្រទេសឥណ្ឌា ដោយសារតែនៅទីនោះ ការឆ្លងរាតត្បាត COVID-19 បាននិងកំពុងវិវឌ្ឍកាន់តែអាក្រក់ និងមានអ្នកឆ្លងជិតដល់ខ្ទង់ ៤០០,០០០នាក់ ក្នុងមួយថ្ងៃទៅហើយ។

គួរបញ្ជាក់ថា ជាថ្មីម្តងទៀត​បម្រាមខាងលើនេះ​ បើតាមការលើកឡើងរបស់រដ្ឋមន្ត្រីសុខាភិបាលអូស្ត្រាលីលោក ហ្គ្រេក ហាន់ត៍ (Greg hunt) បានបញ្ជាក់ថា​ នឹងចាប់អនុវត្តពីថ្ងៃចន្ទ ទី០៣ ខែឧសភាតទៅ ហើយអ្នកដែលល្មើសបម្រាមនេះ នឹងត្រូវរងការពិន័យធ្ងន់ធ្ងរ និងអាចជាប់ពន្ធនាគាររហូតដល់ ០៥ឆ្នាំ។ លោករដ្ឋមន្ត្រីសុខាភិបាលអូស្ត្រាលី​ ក៏បានបញ្ជាក់បន្ថែមផងដែរថា ខ្លួននឹងពិចារណាឡើងវិញម្តងទៀត ចំពោះវិធានការរឹតបន្តឹងខាងលើនេះ នៅថ្ងៃទី១៥ ខែឧសភា​ ខាងមុខនេះ​៕ដោយ​៖ស​ តារា​

រដ្ឋមន្ត្រីសុខាភិបាលអូស្ត្រាលីលោក ហ្គ្រេក ហាន់ត៍ (Greg hunt)

រូបភាព​៖Nine

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print