ភ្នំពេញ, សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) សូមចូលរួមជាមួយអ្នកសារព័ត៌មានជាតិនិងអន្តរជាតិ អបអរសាទរ «ទិវាសេរីភាពសារព័ត៌មានពិភពលោក» ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ ក្រោមប្រធានបទ៖ «សារព័ត៌មានដែលជាប្រយោជន៍សាធារណៈ»។ នៅក្នុងឱកាសនេះ ហើយមុនដំបូងបំផុត ស.ស.ស.ក សូមបន់ ស្រន់និងជូនពរដល់មិត្ដសារព័ត៌មានមួយចំនួននៅកម្ពុជា ដែលកំពុងទទួលការព្យាបាលជំងឺកូវីដ-១៩ ឲ្យឆាប់ជា សះស្បើយ បានវិលទៅជួបជុំគ្រួសារនិងបន្តការងារ តទៅទៀត។
សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា យល់ឃើញថា នៅចំពោះមុខនេះ “សិទ្ធិរស់រានមានជីវិត- គឺមានតម្លៃ ចាំបាច់ជាងអ្វីទាំងអស់។ ដរាបណាអាយុជីវិតត្រូវបានថែរក្សាការពារបានល្អប្រសើរ នោះទើបមនុស្សគ្រប់គ្នាមានឱកាសបន្តអនុវត្តសិទ្ធិដទៃទៀត រួមទាំងការអនុវត្តពេញលេញនូវសេរីភាពសារព័ត៌មាននិងសិទ្ធិបញ្ចេញមតិផង
ដែរ។ ក្នុងន័យនេះ ស.ស.ស.ក សូមទាញការកត់សំគាល់និងសូមចូលរួមអំពាវនាវដល់មិត្តសារព័ត៌មានជាតិនិងមិត្តនិយមប្រើប្រាស់បណ្តាញសង្គមដូចតទៅ៖
ទី១. យើងបានឃើញយ៉ាងច្បាស់ថា ជំងឺកូវីដ-១៩ មានឥទ្ធិពលយ៉ាងខ្លាំង កែប្រែទំនៀមទម្លាប់នៃការរស់នៅ របស់ប្រជាជន និងមានសម្ពាធលើប្រក្រតីភាពសង្គមជាទូទៅ នៅគ្រប់ទីកន្លែងលើពិភពលោក។ សូម្បី តែ -ទិវាសេរីភាពសារព័ត៌មានពិភពលោក – ចាប់តាំងពីឆ្នាំមុននិងនៅឆ្នាំនេះ គឺនៅទូទាំងពិភពលោក មិនអាចប្រារព្ធធ្វើបានទេ ហើយរបៀបរបបនៃការបំពេញការងាររបស់អ្នកសារព័ត៌មាននៅគ្រប់ទីកន្លែង បានកំពុងបន្តប្រែប្រួលគួរឲ្យកត់សំគាល់។ ស.ស.ស.ក សូមចូលរួមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសមាណចិត្តម្ចាស់អង្គភាពនិងម្ចាស់ស្ថានីយ៍ ដែលបានគិតគូរដល់សុខទុក្ខនិងជីវភាពនៃបុគ្គលិក ដោយបានផ្តល់ថវិកានិងស្បៀងអាហារជូនបុគ្គលិក ស.ស.ស.ក ក៏កត់សំគាល់ដោយការខកចិត្តដែរ ដែលម្ចាស់ស្ថានីយ៍មួយចំនួនបានឆក់ឱកាសនេះកាត់ប្រាក់អត្ថប្រយោជន៍ប្រចាំឆ្នាំ និងបន្តកាត់ប្រាក់ខែ បុគ្គលិកជាបន្តបន្ទាប់ដោយគ្មានផ្តល់ជម្រើស និងជាការឆាប់ពេកក្នុងការធ្វើបែបនេះ។
ទី២ យើងទទួលស្គាល់ថា នៅឆ្នាំ២០២១នេះ ពិភពលោកទាំងមូលរួមទាំង ព្រះរាជាណាចក្រកម្ពុជាយើង ផង កំពុងបន្តទទួលរងនូវការយាយីយ៉ាងធ្ងន់ធ្ងរពីជំងឺរាតត្បាតសកលកូវីដ-១៩ ហើយករណ៍នៅកម្ពុជា បានជំរុញឲ្យរាជរដ្ឋាភិបាល សម្រេចដាក់ចេញវិធានការបិទខ្ទប់ទីក្រុងភ្នំពេញ ដែលជាបេះដូងសេដ្ឋកិច្ច នយោបាយ វប្បធម៌ និងទេសចរណ៍ រួមទាំងតំបន់ខ្លះទៀតនៃកម្ពុជា ដើម្បីការពារឲ្យបាននូវសុវត្ថិភាព អាយុជីវិតប្រជាជន ដែលជាប្រជាជាតិមួយធ្លាប់បានឆ្លងកាត់ បទពិសោធន៍ការលំបាកនានាច្រើនដំណាក់ កាល ឲ្យរក្សាបាននូវ ថាមភាព លទ្ធភាព សមត្ថភាព និងកម្លាំងអាចស្ទុះងើបឡើងវិញឲ្យបានមួយ ឆ្លងផុតគ្រាលំបាកនេះ។
ទី៣. យើងត្រូវតែទទួលយកការប្រែប្រួលនៃឥរិយាបទសង្គមនេះ និងចូលរួមដាក់ខ្លួនជាផ្នែកមួយនៃដំណោះ ស្រាយសម្រាប់សង្គមជាតិរបស់យើង។ ក្នុងន័យនេះ ស.ស.ស.ក សូមលើកទឹកចិត្តដល់មិត្តសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្តាញសង្គម សូមចូលរួមចំណែកជាមួយ រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និង សមត្ថកិច្ចជំនាញពាក់ព័ន្ធតាមគ្រប់មធ្យោបាយ ផ្សព្វផ្សាយនូវវិធានការចាំបាច់នានា បម្រើដល់ការយល់ ដឹងរបស់សាធារណៈជនអំពីសុវត្ថិភាពសុខភាព និងសេវាចាំបាច់នានា ដែលអាចជួយឲ្យប្រជាជនយើង គ្រប់ទីកន្លែងបានជៀសផុតពីគ្រោះថ្នាក់ដោយសារជំងឺកូវីដ-១៩ និងហានីភ័យដទៃទៀត។
ទី៤ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា សូមចែករំលែកជាមួយមិត្តសារព័ត៌មានកម្ពុជា និងអ្នកនិយម ប្រើប្រាស់បណ្តាញសង្គមថា ទោះបីពិភពលោកកំពុងរងការយាយីដោយមេរោគនិងជំងឺកូវីដ-១៩ ក៏ ប៉ុន្តែបរទេសខ្លះនៅមានលទ្ធភាពប្រើប្រាស់ថវិការាប់លានដុល្លារក្នុងមួយឆ្នាំៗ ក្នុងយុទ្ធនាការព័ត៌មាន ជួរមុខ បម្រើឲ្យផលប្រយោជន៍ភូមិសាស្ត្រនយោបាយនិងមនោគមន៍វិជ្ជារបស់ខ្លួន ក្រុមបុគ្គលដែល ដាក់ខ្លួនបម្រើមនោគមន៍វិជ្ជាបរទេស ឬភាពក្រអឺតក្រទមជ្រុលនិយមរហូតបាត់ព្រលឹងជាតិ គឺមិនមែន ជាទង្វើដែលបម្រើឲ្យប្រយោជន៍សាធារណៈនោះទេ។ ប្រវត្តិសាស្ត្របង្ហាញរួចហើយ គឺពួកគេគ្រាន់តែជា ឧបករណ៍បំបែកបំបាក់និងបំផ្លិចបំផ្លាញប៉ុណ្ណោះ។
ទី៥ ក្នុងន័យនេះ ស.ស.ស.ក សូមអំពាវនាវដល់មិត្តសារព័ត៌មានជាតិ និងមិត្តនិយមប្រើប្រាស់បណ្តាញ សង្គមបន្តអនុវត្តនូវប្រសាសន៍ដ៏ពិសិដ្ឋរបស់ សម្តេចតេជោ ហ៊ុន សែន គឺ «អ្នកសារព័ត៌មានៈ កុំពានសិទ្ធិអ្នកដទៃ កុំបំភ្លៃការពិត” ហើយជៀសវាងឲ្យបានដាច់ខាតនូវ «៤កុំ»៖
កុំការផ្សាយខ្លឹមសារដែលបន្ទុច់បង្អាក់ឬប្រមាថទឹកចិត្ត នៃការខិតខំរបស់អ្នកសង្គ្រោះជីវិតមនុស្ស នៅជួរមុខ ជាពិសេសក្រុមគ្រូពេទ្យ និងសមត្ថកិច្ចដែលមានតួនាទីភារកិច្ចឯទៀត។
កុំធ្វើជាឧបករណ៍នៃព័ត៌មានទុច្ចរិត
កុំធ្វើជាមធ្យោបាយចែកផ្សាយព័ត៌មានមិនពិត
កុំតាំងខ្លួនជាអ្នកអត្ថាធិប្បាយបែបញុះញង់ អុជអាលបំភ្លៃបំភ្លើស និងបំភ័ន្តការយល់ដឹងរបស់ សាធារណៈជន។
សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ទទួលស្គាល់ថា សេរីភាពព័ត៌មាននិងសិទ្ធិបញ្ចេញមតិ គឺពិតជាមានសារសំខាន់ក្នុងដំណើរការប្រជាធិបតេយ្យនិងការអភិវឌ្ឍន៍សង្គមជាតិ ពិតណាស់ សំឡេងខ្លះមិនត្រូវបានឮ។ បញ្ហាខ្លះត្រូវបានលាក់ ឬបិទបាំង ដែលទាមទារការចូលរួមផ្សព្វផ្សាយឲ្យថ្នាក់ដឹកនាំបានដឹងនិងដោះស្រាយទាន់ ពេលវេលា។ ប៉ុន្តែ រាល់សកម្មភាពរបស់យើង ក៏ត្រូវតែមានស្មារតីផ្សារភ្ជាប់នឹងក្រមសីលធម៌ សុជីវធម៌ និង ការទទួលខុសត្រូវជានិច្ចគឺ «ផ្សាយការពិត តែមិនអុជអាល»។ សូមជូនពរដល់មិត្តសារព័ត៌មាន និងមិត្តដែល និយមប្រើបណ្តាញសង្គមទាំងអស់ ទទួលបានជោគជ័យថ្មីៗថែមទៀត នៅក្នុងអាជីពនិងការងារ ជាមួយនឹងការ តម្កល់ខ្ពស់ជានិច្ចនូវឧត្តមគតិជាតិនិយមគឺ «សេរីភាពក្រោមស្មារតីជាតិឯករាជ្យ»៕
ដោយ, សុខ ខេមរា