ភ្នំពេញ៖ បុគ្គលិកដឹកជញ្ជូនម្ហូបអាហារ Food panda ម្នាក់ បានបើកបរម៉ូតូក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន ឆ្លងគោលដៅត្រួតពិនិត្យរបស់សមត្ថកិច្ច ហើយមិនបានបង្អង់ល្បឿន ទៅបុកមន្ត្រីនគរបាលម្នាក់ ដែលកំពុងអនុវត្តតាមវិធានការបិទខ្ទប់ទាំងកំរោល បណ្ដាលឲ្យរបួសធ្ងន់បាក់ជេីងម្ខាង។ ភ្លាមនោះជនបង្កក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនផងដែរ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលេីនេះ បានកើតឡើងនៅនៅវេលាម៉ោង ៦ព្រលប់ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២១ ចំណុចច្រមុះជ្រូកស្ទឹងមានជ័យ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ។
បើតាមប្រភពព័ត៍មានពីកន្លែងកើតហេតុ បានឲ្យដឹងថា ជនរងគ្រោះ មានឈ្មោះ សុខ ពន្លឺ ភេទប្រុស អាយុ ២៧ឆ្នាំ ជាមន្ត្រីនគរបាលផ្នែកអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ។ ចំណែកជនបង្ក ជាបុគ្គលិកដឹកជញ្ជូនម្ហូបអាហារ Food panda ភេទប្រុស អាយុ ជាង២០ឆ្នាំ ត្រូវសមត្ថកិច្ច ឃាត់ខ្លួនយកសាកសួរ ដើម្បីបន្តនីតិវិធី។
ប្រភពដដែល បន្តថា នៅមុនកើតហេតុកម្លាំងសមត្ថកិច្ចចម្រុះខណ្ឌមានជ័យ បានដាក់គោលដៅអនុវត្តវិធានការបិទខ្ទប់តំបន់ក្រហម ដោយហាមឃាត់ប្រជាពលរដ្ឋ មិនឲ្យធ្វើដំណើរលើដងផ្លូវ ដោយគ្មានកាតព្វកិច្ច។ លុះដល់វេលាកើតហេតុ ស្រាប់តែបុរសម្នាក់ ជាបុគ្គលិកដឹកជញ្ជូន Food Panda បានជិះម៉ូតូមួយគ្រឿងម៉ាក GBX ពណ៌ក្រហម យ៉ាងលឿន ពីចម្ងាយប៉ងឆ្លងកាត់គោលដៅត្រួតពិនិត្យរបស់សមត្ថកិច្ច ជាហេតុធ្វើឲ្យមន្រ្តីនគរបាល ដែលកំពុងឈរត្រៀបត្រាពេញលើដងផ្លូវ បានស្រែកឲ្យឈប់តែជនបង្ក មិនឈប់ ក៏ជ្រុលទៅបុកនឹងនគរបាលខាងលើតែម្តង បណ្តាលអោយចំជើងខាងស្តាំរងរបួសធ្ងន់។
ភ្លាមៗ ជនបង្ក ត្រូវបានសមត្ថកិច្ច ចាប់ឃាត់ខ្លួន និងបញ្ជូនទៅកាន់ប៉ុស្តិ៍រដ្ឋបាលនគរបាលស្ទឹងមានជ័យ៣ ដើម្បីសាកសួរនាំ បន្តនីតិវិធី។ ដោយឡែក មន្ត្រីនគរបាលរងគ្រោះ ត្រូវបានសមត្ថកិច្ច ទាក់ទងទៅរថយន្តសាម៉ុយ ដឹកយកទៅព្យាបាល នៅមន្ទីរពហុព្យាបាល និងសម្ភព ម្លឹះ ដង្កោ ស្ថិតតាមបណ្តោយផ្លូវលេខ២១៧ ក្នុងខណ្ឌដង្កោ។
ជុំវិញករណីខាងលើនេះ លោករសេនីយ៍ទោ ជឹម សុភ័ក្ត្រ អធិការរងនគរបាលខណ្ឌមានជ័យ ទទួលផែនចរាចរណ៍ បានប្រាប់ថា បច្ចុប្បន្ន ជនបង្ក កំពុងធ្វើការសម្របសម្រួលសងសំណងថ្លៃព្យាបាលរបួស ទៅកាន់នគរបាលរងគ្រោះ ប៉ុន្តែមិនទាន់ដឹងថា ត្រូវរ៉ូវគ្នា ឬយ៉ាងណាទេ។ ដោយឡែក ចំពោះការបន្តនីតិវិធីច្បាប់ ឬយ៉ាងណានោះទុកឲ្យមន្រ្តីជំនាញខាងចរាចរបន្តនីតិវិធីច្បាប់។
គួរជម្រាបថា មន្ត្រីនគរបាលរូបនេះ មិនត្រឹមតែមានក្តីអាណិតអាសូរនោះទេ គឺផ្ទៃមុខរបស់មន្ត្រីនគរបាលរងគ្រោះខាងលើ មើលទៅខ្មៅពាក់កណ្តាល សពាក់កណ្តាល ដោយសាររូបគាត់ពាក់ម៉ាស ព្រោះតែខិតខំប្រឹងប្រែង ក្នុងការអនុវត្តភារកិច្ចទាំងកណ្តាលថ្ងៃចែស ពិសេសកំឡុងការបិទខ្ទប់នេះតែម្តង។ ខណៈដែលគាត់កំពុងអនុវត្តការងារ មិនថាព្រឹក ថ្ងៃ ល្ងាច យប់ លែងដឹងក្ដៅឬត្រជាក់ ស្រាប់តែថ្ងៃនេះបែរជាត្រូវ គេបើកម៉ូតូបុកទៅវិញ៕ដោយ៖សហការី