ភ្នំពេញ៖ តារាចម្រៀងព្រាប សុវត្ថិបានជួយដល់គ្រួសារសពកវី ជុំ ប៊ុនធឿននូវថវិកា៤លានរៀលក្រោយពីទទួលបានដំណឹងអំពីស្ថានភាពគ្រួសារសពកវី ជុំ ប៊ុនធឿន ដែលបាននិងកំពុងប្រឈមនឹងបញ្ហាជីវភាពក្នុងបរិបទនៃជំងឺកូវី១៩ និងក្រោយពីលោកទទួលបានដំណឹងថាភរិយារបស់កវីរូបនេះបាននិងកំពុងសម្រាកព្យាបាលជំងឺសួតធ្ងន់ធ្ងរនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ក្រោយសះស្បើយពីជំងឺកូវីដ១៩នោះ។
ការបញ្ជាក់អំពីផ្តល់ជូនថវិកានិងការផ្តាំផ្ញើសាកសួរសុខទុក្ខនេះត្រូវបានធ្វើឡើងដោយគណនីយហ្វេសប៊ុករបស់កូនស្រីបង្កើតកវីរូបនេះឈ្មោះ ប៊ុនធឿន ពៅពិសីដែលបានបង្ហោះកាលពីព្រលប់ថ្ងៃទី០១ ខែឧសភានេះថា ៖ នាងខ្ញុំប៊ុនធឿន ពៅពិសី ជាកូនស្រីអតីអ្នកនិពន្ធ នៅផលិតកម្មហង្សមាស លោកពុក ជុំ ប៊ុនធឿន សូមអរគុណទៅកាន់លោកពូព្រាប សុវត្ថិ និងក្រុមគ្រួសារដែលបានជួយជាថវិការ៤លានរៀល ក៏ដូចជាសួរសុខទុក្ខមកកាន់គ្រួសារនាងខ្ញុំផងដែរ ។ អ្នកនាងបានអរគុណចំពោះសេចក្តីអាណិតស្រលាញ់ និងនៅតែនឹករលឹកមកគ្រួសារនាង ហើយនាងក៏សូមអរគុណដល់សមាគមន៍សិល្បករខ្មែរដែលបានផ្ញើថវិការបសលលោកពូព្រាប សុវត្ថិជូនដល់គ្រួសារនាង ។
គួរបញ្ជាក់ដែរថា ក្រោយមរណភាពរបស់កវីជុំប៊ុនធឿន គ្រួសាររបស់លោកបានបាត់ដំណឹងឈឹង ដោយរស់ក្នុងជីវភាពសាមញ្ញ ប៉ុន្តែក្រោយផ្ទុះដំណឹងនៃការឆ្លងជំងឺកូវីដ១៩របស់លោកស្រីប្រាក់ផល្លីជាភរិយា បានធ្វើឲ្យមានការភ្ញាក់ផ្អើលពិសេសក្រោយពីដំណឹងនៃការដើរដល់ផ្លូវទាល់របស់ក្រុមគ្រួសារកវីរូបនេះព្រោះតែជួបបញ្ហាខ្លាំងនឹងការចំណាយ ព្យាបាលក្រោយជាសះស្បើយពីជំងឺកូវីដ១៩នោះ។ តារាចម្រៀង ព្រាប សុវត្ថិវិញ មានបទចម្រៀងល្បីជាច្រើនដែលត្រូវបានគេដឹងថាជាស្នាដៃនិពន្ធទំនុកច្រៀងដោយលោក ជុំ ប៊ុនធឿន ជាពិសេសបទចម្រៀងមនោសញ្ចេតនាស៊ីជម្រៅចាក់ចំបេះដូងទស្សនិកជន មានដូចជាបទ “ខ្លុយស្នេហ៍ត្តោតទេ” បទ” ថ្នម” បទ”ថ្ងៃបាក់រសៀល”ជាដើម ។ ក្រៅពីតារាចម្រៀងទាំងពីរខាងលើក៏នៅមានអតីតតារាចម្រៀង និងតារាចចម្រៀងល្បីឈ្មោះបច្ចុប្បន្នមួយចំនួនទៀតធ្លាប់ច្រៀងបទចម្រៀងរបស់កវី ជុំ ប៊ុនធឿន មានដូចជាអ្នកនាង ពេជ្រ សោភា អ្នកនាង គឹម លក្ខិណា លោក ណុបបាយ៉ារិទ្ធិអ្នកនាង ពៅបញ្ញាពេជ្រ អ្នកនាង សុគន្ធ និសា អ្នកនាង ឈិត សុវណ្ណ បញ្ញា ជាដើម៕