ខេត្តកំពង់ចាម ÷ក្នុងស្ថានភាពជំងឺកូវីដ-១៩ កំពុងមានរាលដាលខ្លាំងក្នុងភូមិសាស្ត្ររបស់ខេត្តកំពង់ចាម នោះនៅព្រឹកថ្ងៃចន្ទ ៧រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ត្រូវនឹងទី០៣ ខែឧសភា ឆ្នាំ២០២១ លោកអ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ រួមជាមួយអស់លោកជាអភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធ បានអញ្ជើញចុះពិនិត្យ ការរៀបចំនូវសម្ភារបរិក្ខារពេទ្យ ដូចជាគ្រែសម្រាប់អ្នកជំងឺ ការត្រៀមឧបករណ៍ពេទ្យក្នុងការដាក់ឱ្យដំណើការព្យាបាលអ្នកជំងឺកូវីដ-១៩ ក្នុងក្របខ័ណ្ឌខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ ក្នុងពេលដ៏ខ្លីខាងមុខនេះ។
លោកវេជ្ជបណ្ឌិត គឹមសួរ ភីរុណ ទីប្រឹក្សានៃក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ចាមបានឱ្យដឹងថា មន្ទីរពេទ្យមេគង្គកំពង់ចាម ជាមន្ទីរពេទ្យសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ ក្នុងក្របខ័ណ្ឌខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ ដែលលអាចដាក់ចំណុះគ្រែប្រមាណជាង៥០០គ្រែ ហើយក្នុងដំណើការជាជំហានដំបូងនេះ យើងការរៀបចំតែប្រមាណជាង២០០គ្រែប៉ុណ្ណោះ។
ក្នុងឳកាសនោះលោកអភិបាលខេត្តក៏បានណែនាំដល់ អាជ្ញាធរ និងមន្ត្រីពាក់ព័ន្ធ សូមបន្តផ្សព្វផ្សាយ ឲ្យបានទូលំទូលាយ អំពីវិធានការនៃការ ការពារ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ សហគមន៍ ២០-កុម្ភៈ ដែលនៅតែបន្តអូសបន្លាយ និងផ្ទុះឡើង ជាបន្តបន្ទាប់នៅបណ្តារាជធានី ខេត្តមួយចំនួនគួរឱ្យព្រួយបារម្ភបំផុត៕
ដោយ៖ សូរិយា