ខេត្តព្រះសីហនុ៖ បេីតាមការបញ្ជាក់ពីរបស់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បាឲ្យដឹងថា កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនបុរសជាជនជាតិខ្មែរម្នាក់ ពីបទក្លែងបន្លំជានគរបាលជាតិ ដេីម្បីដឹកជនជាតិចិនឆ្លងកាត់តំបន់បិទខ្ទប់ដោយចេតនា (តំបន់ក្រហម) និងមិនគោរពតាមវិធានការសុខាភិបាល ក្នុងនោះទាំងជនជាតិខ្មែរនិងជនជាតិចិន ត្រូវនគរបាលនាំយកមកចាត់ការបន្តតាមនីតិវិធីច្បាប់។ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បន្តថា នៅវេលាម៉ោង៤រសៀលថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ (ជនជាតិចិន០១នាក់ ជនជាតិខ្មែរ០១នាក់) និងរថយន្ដ០១គ្រឿង ពីមន្ដ្រីគោលដៅត្រួតពិនិត្យភ្នំK៩៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ។ ជនសង្ស័យទាំង២នាក់នេះទី១;ឈ្មោះ លូ គឹមហ្វាត ភេទប្រុស ជនជាតិខ្មែរ អាយុ២៧ឆ្នាំ មានទីលំនៅផ្ទះលេខ៤៥E3 ផ្លូវ១១១ ភូមិ១៧ សង្កាត់អូរឬស្សី១ ខណ្ឌ៧មករា រាជធានីភ្នំពេញ មានមុខរបរជាអ្នកបកប្រែភាសា នៅសណ្ឋាគារម្ដុំណានហៃ ភូមិ១ សង្កាត់លេខ៣ ជិះរថយន្ដម៉ាកToyota Camry ព៌ណស ពាក់ស្លាកលេខៈភ្នំពេញ 2AH-2263 បានធ្វេីសកម្មភាពដឹកជនជាតិចិនម្នាក់ឈ្មោះ CHEN XUBO ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិចិន ពីម្ដុំសណ្ឋាគារណានហៃ ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ចេញពីគោលដៅហាមឃាត់ ហើយត្រូវសមត្ថកិច្ចប្រចាំការគោលដៅត្រួតពិនិត្យK៩៦ឃាត់ខ្លួន ។ ក្រោយឃាត់ខ្លួនឈ្មោះ លូ គឹមហ្វាត បានសារភាពប្រាប់សមត្ថកិច្ចថា៖ ចំពោះអាវនគរបាលដែលពាក់នៅលើកៅអីឡានខាងមុខ ជារបស់បងថ្លៃ បម្រើការងារនាយកដ្ឋាននគរបាលព្រំដែនគោក នៃក្រសួងមហាផ្ទៃ ។ ឯមួកថ្នាក់ឧត្ដមសេនីយ៍ ដែលទុកនៅលើតាបឡូរថយន្ដខាងមុខ មិត្ដភក្ត័ខ្លួន ជាមន្ដ្រីនគរបាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ជាអ្នកយកមកដាក់។ សម្ភារៈទាំងនេះ បងថ្លៃ និងមិត្ដភក្ត័ខ្លួនបានភ្លេច ក្នុងរថយន្ដរបស់ខ្លួននោះទេ ។ បច្ចុប្បន្នវត្ថុតាងដែលចាប់ពីជនសង្ស័យរួមមាន៖ អាវនគរបាលថ្នាក់វរៈសេនីយ៍ត្រី ០១ ; មួកនគរបាលថ្នាក់ឧត្ដមសេនីយ៍ ០១ ;និងរថយន្ដ០១គ្រឿងម៉ាកCamry ព៌ណស ពាក់ស្លាកលេខភ្នំពេញ2AH-2263 ។ ចំណែកជនសង្ស័យទាំងនេះកំពុងដំណើនីតិវិធី នៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ដេីម្បីចាត់ការតាមច្បាប់៕ដោយ៖សហការី