ខេត្តព្រះសីហនុ: អ្នកព្រហើន បំពានវិធានការរដ្ឋបាលនៅតែបន្តប្រព្រឹត្ត គ្មានអាសូរដល់ អាជ្ញាធរ សមត្ថកិច្ច មន្ត្រីជំនាញសុខាភិបាលណែនាំនោះឡើយ ពួកគាត់ឆ្លៀតប្រមូលផ្តុំគ្នាលេងល្បែង ទៅជារឿងសប្បាយក្នុងសម័យកូវីដ-១៩កំពុងរាតត្បាតទៅវិញ។
ទីបំផុត! សមត្ថកិច្ចចុះអប់រំណែនាំដល់ផ្ទះពលរដ្ឋមួយកន្លែង ដែលប្រមូលផ្តុំបុកប៊ីយែរ និងលេងជល់មាន់ ហូរកញ្ចៀវមានមនុស្សច្រើន។
សូមបញ្ជាក់ថា, យើងតាមបទបញ្ជាលោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ និងផែនការរួមរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកព្រៃនប់ដែលមានលោក សរ កក្កដា ជាប្រធានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រៃនប់ នៅព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ម្សិលមិញ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រៃនប់បានចុះអប់រំណែនាំដល់ទីតាំងផ្ទះពលរដ្ឋមួយកន្លែង នៅភូមិទួលទទឹង៣ ឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលមានការប្រមូលផ្តុំជួបជុំ មានបុកប៊ីយែរ និងលេងជល់មាន់តាមទូរទស្សន៍ឲ្យបញ្ឈប់ជាបន្ទាន់ ដែលនេះផ្ទុយនឹងការណែនាំពីវិធានការការពាការឆ្លងរីករាលដាលជំងឺកូវីដ-១៩។
បើយោងតាមមតិរបស់ប្រជាពលរដ្ឋមួយចំនួន បានលើកឡើងថា, ការប្រមូលផ្ដុំគ្នា លេងល្បែងស៊ីសងនេះ គួរណាស់តែសមត្ថកិច្ចនិងអាជ្ញាធរធ្វើការឃាត់ខ្លួន យកទៅសាកសួរ នឹងអនុវត្តតាមវិធានការផ្លូវច្បាប់ វិន័យអន្តរកាណ៌ ដើម្បីឲ្យពួកគាត់ បញ្ឈប់នូវសកម្មភាពដែលបំពានទៅនឹងវិធានការរដ្ឋបាល ទប់ស្កាត់ជំងឺ covid 19។
លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ កន្លងទៅមានវិធានការតឹងតែងបំផុត លុបបំបាត់ចំពោះការប្រមូលផ្ដុំគ្នា មិនបានគម្លាតសង្គម អ្នកដែលមិនបានអនុវត្តតាមវិធានសុខាភិបាល ។
ដូច្នេះសូមប្រជាពលរដ្ឋ មេត្តាយល់ដឹងអំពីសម័យកូវីដ-១៩ និងចូលរួមអនុវត្តតាមវិធានសុខាភិបាល ការណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃកម្ពុជា ៣ការពារ ៣កុំ អោយបានខ្ជាប់ខ្ជួនជាប្រចាំ៕
ដោយ, សិលា