ខេត្តក្រចេះ៖ ជនសង្ស័យម្នាក់កាន់កាំបិតផ្គាក់ឈរនៅមាត់ទ្វារផ្ទះលោកមេភូមិនិងគំរាមសម្លាប់ត្រូវបានកម្លាំងនគរបាលយុត្តិធម៌ស្រុកសំបូរសហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំសណ្តាន់ធ្វើការហ៊ុមព័ទ្ធចាប់ឃាត់ខ្លួនបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់។
ការហ៊ុមព័ទ្ធចាប់ឃាត់ខ្លួនជនសង្ស័យដែលគំរាមសម្លាប់មេភូមិនោះបានកើតឡើងនៅវេលាម៉ោង២ៈ៣០នាទីយប់រំលងអធ្រាត្រថ្ងៃទី៤ឈានចូលថ្ងៃទី៥ខែឧសភា ឆ្នាំ២០២១នៅចំណុចផ្ទះលោកមេភូមិសង្គម ឃុំសណ្តាន់ ស្រុកសំបូរខេត្តក្រចេះ។
តាមប្រភពពីសមត្ថកិច្ចឱ្យដឹងថា សកម្មភាពគំរាមកំហែងថានឹងសម្លាប់នោះប្រព្រិឹត្តដោយជនសង្សយឈ្មោះ ឡាវ ឡែន ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិឃុំកើតហេតុខាងលើ។
ចំណែកជនរងគ្រោះជាមេភូមិឈ្មោះនៅ ម៉ូនីន ភេទប្រុស អាយុ៦៩ឆ្នាំ។
ប្រភពបន្តថា នៅពេលកម្លាំងជំនាញស្រុកសហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលមកដល់កន្លែងកើតហេតុនៅផ្ទះមេភូមិភ្លាមក៏បានឃើញជនសង្ស័យកំពុងឈរនៅមាត់ទ្វារផ្ទះមេភូមិមានកាន់កាំបិតផ្គាក់ដោយបានរារាំងមិនឱ្យសមត្ថកិច្ចចូលទៅជិតនោះទេ ថែមទាំបានស្រែកគំរាមទៅ
លើមេភូមិថាបើឯងហ៊ានបើកទ្វារចេញខ្លួនគេនឹងកាប់សម្លាប់ចោលភ្លាម។
ប្រភពបន្តទៀតថា ពេលសមត្ថកិច្ចឃើញសកម្មភាពមិនស្រួលក៏ប្រមូលកម្លាំងយាមហ៊ុមព័ទ្ធរង់ចាំព្រឹកឡើងទើបធ្វើការចាប់ខ្លួនតែម្តង។ លុះព្រឹកឡើងនៅវេលាម៉ោង ៦ៈ០០នាទីថ្ងៃទី៥ខែឧសភាឆ្នាំ២០២១ទើបសមត្ថកិច្វឃាត់ខ្លួនបានរួមនិងវត្ថុតាងកាំបិតផ្គាក់មួយផងដែរ។
ក្រោយឃាត់ខ្លួនកម្លាំងនគរបាលកំពុងធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលស្រុកសំបូរដើម្បីកសាងសំណុំរឿងបញ្ជូនបន្តតាមនីតិវិធី៕
ដោយ ជីវ័ន្ត