ប្រទេសនានាត្រូវបានអនុញ្ញាតឱ្យជ្រើសរើសយកក្រុមកីឡាករចំនួន២៦នាក់សម្រាប់ព្រឹត្តិការណ៍យូរ៉ូខាងមុខ

ចែករំលែក៖

សារព័ត៌មាន BBC Sport បានផ្សាយថា ក្រុមបាល់ជម្រើសជាតិនានានឹងត្រូវបានអនុញ្ញាតឱ្យជ្រើសរើសក្រុមដែលមានកីឡាករចំនួន២៦នាក់ជំនួសឱ្យ២៣នាក់ជាធម្មតានៅក្នុងព្រឹត្តិការណ៍យូរ៉ូរដូវក្តៅនេះ។

ការផ្លាស់ប្តូរនេះត្រូវបានអនុវត្តដើម្បីកាត់បន្ថយបន្ទុកដល់កីឡាករបន្ទាប់ពីរដូវកាលរបស់ក្លិបនានាបានបង្រួមដោយសារតែជំងឺរាតត្បាតកូវីដ-១៩។ ការផ្លាស់ប្តូរនេះក៏នឹងជួយអ្នកគ្រប់គ្រងឱ្យសម្របខ្លួនប្រសិនបើមានការផ្ទុះឡើងក្នុងកំឡុងពេលប្រកួត។

ការសម្រេចចិត្តដែលធ្វើឡើងដោយគណៈកម្មាធិការជាតិរបស់ UEFA កាលពីខែមេសាត្រូវបានអនុម័តដោយគណៈកម្មាធិការប្រតិបត្តិរបស់ UEFA កាលពីថ្ងៃពុធកន្លងទៅ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយបានឲ្យដឹងថា ច្បាប់ត្រូវបានអនុម័តដើម្បីធានាឱ្យមានដំណើរការរលូននិងបន្តការប្រកួតប្រជែងដោយផ្អែកលើការរីករាលដាលនៃ Covid-19។ ច្បាប់មួយអនុញ្ញាតឱ្យក្រុមនីមួយៗធ្វើការជំនួសបានកីឡាករ៥នាក់ក្នុងមួយប្រកួតត្រូវបានបញ្ជាក់រួចហើយ។ ទោះយ៉ាងណាកីឡាករ២៣នាក់នឹងនៅតែជាចំនួនអតិបរមាដែលត្រូវបានអនុញ្ញាតលើក្រុមនានាសម្រាប់ការប្រកួត។

ការប្រកួតយូរ៉ូដែលគ្រោងនឹងធ្វើនៅរដូវក្តៅចាប់ផ្តើមនៅថ្ងៃទី១១ ខែមិថុនា។ ថ្ងៃផុតកំណត់សម្រាប់ការបញ្ជូនក្រុមបាល់ទាត់គឺថ្ងៃទី១ ខែមិថុនាខាងមុខ។

អ្នកចាត់ការក្រុមជម្រើសជាតិអង់គ្លេសលោក Gareth Southgate ត្រូវបានគេរំពឹងថា នឹងប្រកាសពីក្រុមរបស់លោកអំឡុងសប្តាហ៍ចាប់ពីថ្ងៃទី២៤ ខែឧសភាខាងមុខ។

ចំណែកលោក Steve Clarke អ្នកចាត់ការទូទៅជម្រើសជាតិស្កុតឡេនត្រូវបានគេរំពឹងថា នឹងដាក់ឈ្មោះកីឡាករបាល់ទាត់បណ្តោះអាសន្នមួយនៅពាក់កណ្តាលខែឧសភា ប៉ុន្តែឥឡូវនេះប្រហែលជាខកខានការចេញឈ្មោះនេះមុនពេលធ្វើការជ្រើសរើសចុងក្រោយរបស់គាត់នៅចុងខែនេះវិញ។

ដោយឡែកលោក Robert Page នឹងមានតួនាទីក្នុងការជ្រើសរើសក្រុមជម្រើសជាតិវែលបន្ទាប់ពីមានការបញ្ជាក់ថា លោកនឹងទទួលបន្ទុកដឹកនាំក្រុមសម្រាប់ការប្រកួតយូរ៉ូនេះ ៕ដោយ៖ភារៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print