ភ្នំពេញ៖ បើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល នៅថ្ងៃពុធទី០៥ ខែឧសភា ឆ្នាំ២០២១នេះ បានកំណត់យកខេត្តកំពង់ចាម, តាកែវ និងខេត្តកំពង់ស្ពឺបន្ថែមទៀត ជាភូមិសាស្ដ្រត្រូវអនុវត្តកាត្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ពីព្រោះខេត្តទាំងបីនេះ បាននិងកំពុងផ្ទុះរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងសហគមន៍។
នៅក្នុងសេចក្ដីប្រកាសព័ត៍មានរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា ចំពោះបុគ្គលដែលមានកាតព្វកិច្ចពាក់ម៉ាស និងរក្សាគម្លាតនេះ ត្រូវបានកំណត់ក្នុងប្រការ៣ និងប្រការ៤ នៃប្រកាសលេខ០៨១ ស.នប.ប្រក ចុះថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ ស្ដីពីកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ក្នុងអំឡុងពេលនៃការឆ្លងរាលដាលជំងឺកូវីដ១៩ ក្នុងសហគមន៍។
ជាក់ស្ដែងក្រសួងសុខាភិបាល បានអះអាងថា ការអនុវត្តកាតព្វកិច្ចពាក់ម៉ាស និងរក្សាគម្លាតសុវត្ថិភាពបុគ្គលនេះ ត្រូវចាប់ផ្ដើមអនុវត្តចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់មានការជូនដំណឹងជាថ្មី។
គួរបញ្ជាក់ថា ចំពោះបុគ្គលដែលកំពុងស្ថិតនៅតាមទីសាធារណៈដែលមានមនុស្សច្រើន ឬទីកន្លែងដែលមានការជួបជុំមនុស្សចាប់ពី ២នាក់ឡើងទៅ ត្រូវមានកាតព្វកិច្ចពាក់ម៉ាស ហើយបើមិនពាក់ម៉ាសទេ ត្រូវពិន័យពី ២០ម៉ឺនរៀល ទៅ១លានរៀល៕ដោយ៖សហការី