ខេត្តស្វាយរៀង៖ ស្ត្រីជាប់សង្ស័យជាមេខ្យល់ម្នាក់និងជនជាតិវៀតណាមជាអ្នករត់ម៉ូតូឌុប២នាក់ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនបន្ទាប់ពីដឹកជនជាតិចិន៥នាក់លួចឆ្លងដែនខុសច្បាប់កាលពីវេលាម៉ោង៦ព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ នៅចំណុចមុខវត្តតាពៅ ស្ថិតនៅភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
បើតាមសមត្ថកិច្ចនគរបាលបានឱ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបានមានទី១-ឈ្មោះ ថាន់ ធីប៊ែ ភេទស្រី អាយុ ២៩ឆ្នាំ ជនជាតិវៀតណាម មុខរបរលក់ផ្លែឈើ (មេខ្យល់), ទី២-ឈ្មោះ លី ធី ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិ វៀតណាម មុខរបររត់ម៉ូតូឌុប និងទី៣-ឈ្មោះ ឡេ វ៉ាំងមិន ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិវៀតណាមមុខរបររត់ម៉ូតូឌុប ។ អ្នកទាំង៣នាក់ស្នាក់នៅផ្ទះជួលផ្លូវសាលារៀន ក្នុងភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
ចំណែកជនជាតិចិនទី១-ឈ្មោះ វង់ ជីញ ភេទប្រុស ជនជាតិចិន អាយុ២៨ឆ្នាំ មាន ស្រុកកំណើតនៅខេត្តស៊ីឈន់ ក្រុងតាចូវ។ ទី២-ឈ្មោះ លាវ ឆាវយៀកភេទប្រុស ជនជាតិចិន អាយុ៣១ឆ្នាំ មានស្រុកកំណើតនៅទីក្រុងឆុងឈីញ។
ទី៣-ឈ្មោះ វ៉ៃ ស៊េវយៀក ភេទស្រី ជនជាតិចិន អាយុ៣០ឆ្នាំ មាន ស្រុកកំណើតនៅខេត្តគ័ងស៊ី ក្រុងប៉ីហាយ។ ទី៤-ឈ្មោះ លូ ចុងជៀន ភេទប្រុស ជនជាតិចិន អាយុ៤២ឆ្នាំ មាន ស្រុកកំណើតនៅខេត្តហ្វូជៀន ក្រុងស៊ែមិន និងទី៥-ឈ្មោះ លី ហាយចូវ ភេទប្រុស ជនជាតិចិន អាយុ៤១ឆ្នាំ មាន ស្រុកកំណើតនៅខេត្តក្វាងទុង ក្រុងតុងគន់។ ជនជាតិចិនទាំង៥នាក់នេះគ្មានលិខិតឆ្លងដែនទាំងអស់គ្នា។
បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងបាវិតដើម្បីចាត់ការតាមច្បាប់៕
ដោយ៖ យឹម សុថាន