អន្តរជាតិ៖ បើយោងតាមទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ បានដកស្រង់ចេញផ្សាយប្រភពពីរដ្ឋាភិបាលឡាវ បានប្រកាសនៅថ្ងៃពុធ ទី០៥ ខែឧសភា ឆ្នាំ២០២១នេះថា រកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ៤៦នាក់បន្ថែមទៀត និងបានជំរុញឲ្យពលរដ្ឋគ្រប់រូប រួមគ្នាទប់ទល់ការឆ្លងរាតត្បាតជំងឺ COVID-19 តាមរយៈវិធានការនានាដែលត្រូវបានដាក់ចេញ ក្នុងនោះរួមមានទាំងការបិទខ្ទប់ នៅក្នុងរដ្ឋធានីវៀងច័ន្ទ ដែលមានករណីឆ្លងច្រើនជាងគេផងដែរ។
បើតាមមន្ត្រីក្រសួងសុខាភិបាលឡាវ ក៏បានអំពាវនាវឲ្យគ្រប់ស្ថាប័នទាំងរដ្ឋ និងឯកជនទូទាំងប្រទេស ត្រូវមានកាតព្វកិច្ចណែនាំឲ្យមនុស្សគ្រប់រូប អនុវត្តវិធានការសុវត្ថិភាព ដូចជាការពាក់ម៉ាស, លាងដៃឲ្យបានទៀងទាត់ និងរក្សាគម្លាតសុវត្ថិភាព នៅរាល់ពេលធ្វើដំណើរចេញទៅក្រៅ។
ដោយឡែកជុំវិញបញ្ហានេះដែរ អាជ្ញាធរឡាវ កាលពីថ្ងៃអង្គារទី៤ខែឧសភាម្សិលមិញនេះ បានសម្រេចចិត្ត អូសបន្លាយពេលបន្ថែមសម្រាប់ វិធានការបិទខ្ទប់ប្រទេស ឬ Lockdown ចំនួន ១៥ថ្ងៃទៀត។
បច្ចុប្បន្ន ប្រទេសឡាវ ដែលមានចំនួនប្រជាជនសរុប ៧.៣៦លាននាក់ គិតត្រឹមថ្ងៃពុធទី៥ ឧសភានេះ មានករណីឆ្លង COVID-19 សរុប ១,០៧២ករណីហើយ ក្រោយពីអ្នកឆ្លង ៤៦នាក់ទៀតត្រូវបានបូកបញ្ចូល។ ប៉ុន្តែឡាវ មិនមានករណីស្លាប់ ដោយសារតែជំងឺ COVID-19 នោះឡើយ ខណៈអ្នកជាសះស្បើយមានចំនួន ៩៩នាក់ និងអ្នកជំងឺរហូតដល់ ៩៧៣នាក់ទៀតកំពុងសម្រាកព្យាបាល៕ដោយ៖ស តារា