ខេត្តបាត់ដំបង៖ ក្រោយពីប្រជាពលរដ្ឋដែលបានផ្ដល់វត្ថុសំណាកទៅវិភាគរកមេរោគកូវីដ-១៩ ហើយមានលទ្ធផលអវិជ្ជមានទាំងអស់នោះ រដ្ឋបាលខេត្តបាត់ដំបងបានចេញសេចក្តីសម្រេចបញ្ចប់ការបិទខ្ទប់ និងបើកឡើងវិញនូវភូមិខ្នាចអំពរ ស្រុករុក្ខគីរី ។
យោងតាមសេចក្តីសម្រេចនេះបានធ្វើឡើងនៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ ដោយរដ្ឋបាលខេត្តបាត់ដំបង ដើម្បីជូនដំណឹងជាផ្លូវការមួយស្តីពីការញ្ចប់ការបិទខ្ទប់ និងបើកឲ្យដំណើការឡើងវិញនូវភូមិខ្នាចអំពរ ឃុំព្រែកជីក ស្រុករុក្ខគីរី ខេត្តបាត់ដំបង ហើយការដាក់ឲ្យដំណើការភូមិខ្នាចអំពរ ធម្មតាឡើងវិញនេះ បងប្អូនប្រជាពលរដ្ឋដែលកន្លងមកមានពាក់ព័ន្ធហើយបានផ្តល់វត្ថុសំណាកយកទៅវិភាគរកមេរោគកូវីដ-១៩ ក្រោមលទ្ធផល អវិជ្ជមានទាំងអស់ត្រូវអនុញញាតិឲ្យវិលត្រឡប់ទៅកាន់លំនៅដ្ឋានរៀងៗខ្លួនវិញ ប៉ុន្តែត្រូវបន្តធ្វើចត្តាឡីស័កនៅតាមផ្ទះរបស់ខ្លួនដោយឡែកៗពីគ្នាក្នុងរយ:ពេលចំនួន ១៤ថ្ងៃបន្ថែមទៀតឲ្យបានម៉ឺងម៉ាត់តាមវិធានសុខាភិបាល និងអនុត្តជាប្រចាំនូវវិធាការ ៣ការពារ ៣កុំ របស់រដ្ឋាភិបាលឲ្យបានត្រឹមត្រូវ។
ជាមួយនិងការបញ្ចប់ការបិទខ្ទប់នូវភូមិខ្នាចអំពរ ស្រុករុក្ខគីរី អភិបាលខេត្តបាត់ដំបង ឯកឧត្តម ងួន រតន: បានបញ្ជាក់រម្លឹកដល់គ្រប់ពលរដ្ឋដែលបានអនុញ្ញាតិឲ្យវិលទៅកាន់សហគមន៍វិញនេះត្រូវផ្តោតការយកចិត្តទុកដាក់ទៅលើសុខភាព និងអនាម័យជាចំបង ក្នុងករណីសុខភាពមានលក្ខណះប្រែប្រួលត្រូវប្រញាប់ផ្តល់ព័ត៌មានដល់អាជ្ញាធរមានសមត្ថកិច្ច និងក្រុមគ្រូពេទ្យដើម្បីយកវត្ថុសំណាកទៅវិភាគមេរោគកូវីដ-១៩សារជាថ្មីម្តងទៀត។
គួរបញ្ជាក់ថា÷កត្តាដែលបណ្តាលឲ្យអាជ្ញាធរខេត្តសម្រេចបិទខ្ទប់លើភូមិខ្នាចអំពរ ស្រុករុក្ខគីរី រយ:ពេលចំនួន ១៤ថ្ងៃកន្លងមកចាប់ពីថ្ងៃទី ២១ ខែមេសា ដល់ថ្ងៃទី ០៦ ខែឧសភា ឆ្នាំ២០២១នេះដោយសារបុរសម្នាក់ឈ្មោះ យ៉េន គឹមយ៉ាន អាយុ ២៧ឆ្នាំរស់នៅភូមិខ្នាចអំពរ វិជ្ជមានជំងឺកូវីដ-១៩ ដែលឆ្លងតាមរយ:ការចេញចូលដឹកម្នាស់លក់ពីផ្សារនាគមាសរាជធានីភ្នំពេញ មកភូមិខ្នាចអំពរ ខេត្តបាត់ដំបង រហូតមានការពាក់ព័ន្ធផ្ទាល់និងប្រយោលដល់ប្រជាពលរដ្ឋផ្សេងទៀតសរុបចំនួនជាង ១០០នាក់ហើយតម្រូវឲ្យមានចំណាត់ការអនុវត្តវិធានរបស់ក្រសួងសុខាភិបាល ក៏ដូចជារាជរដ្ឋាភិបាលដើម្បីកាត់ផ្តាច់ជំងឺដ៏កាចសាហាវមួយនេះ៕
ដោយ៖ ចន្ទ លីហ្សា