ខេត្តកែប៖ បេីយោងតាមការបញ្ជាក់ពីលោក សោម ពិសិដ្ឋ អភិបាលខេត្កកែប បានថ្លែងនៅព្រឹកថ្ងៃពុធទី៥ ខែឧសភា ឆ្នាំ២០២១នេះថា កម្លាំងគណៈបញ្ជាការឯកភាពខេត្តកែប នឹងដាក់ប៉ុស្តិ៍តាមច្រក សំខាន់ៗឡើងវិញ ដើម្បីត្រួតពិនិត្យ ការឆ្លងកាត់ ពិសេសអ្នកដំណើរ ចេញមកពីតំបន់ ធ្លាប់ត្រូវបានបិទខ្ទប់។ ការលើកឡើងបែបនេះរបស់លោក អភិបាលខេត្ត បន្ទាប់ពីបញ្ចប់កិច្ចប្រជុំបន្ទាន់មួយ ស្តីពីកិច្ចពង្រឹងវិធានការទប់ស្កាត់ ការរាតត្បាតជំងឺកូវីដ១៩។
ជាក់ស្ដែងអភិបាលខេត្កកែប លោក សោម ពិសិដ្ឋ បានថ្លែងយ៉ាងដូច្នេះថា ផ្អែកតាមសេចក្តីណែនាំរបស់រាជរដ្ឋាភិបាល ស្តីពីការបង្ការទប់ ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ និងការបញ្ចប់ការបិទខ្ទប់ នៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល រដ្ឋបាលខេត្ត បានបើកកិច្ចប្រជុំបន្ទាន់មួយ ដើម្បីអនុវត្តវិធានថ្មីនេះផងដែរ។
លោក សោម ពិសិដ្ឋ ថ្លែងបន្តថា ក្នុងកិច្ចប្រជុំខាងលេីនេះ បានសម្រេចជាគោលការណ៍ គឺចាប់ពីម៉ោង ៧ ព្រឹកនៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ស្អែកនេះតទៅ ដោយរដ្ឋបាលខេត្តកែប នឹងដាក់ប៉ុស្តិ៍ត្រួតពិនិត្យបន្ត តាមបណ្តាគោលដៅសំខាន់ៗ ក្នុងភូមិសាស្ត្រខេត្តកែប ជាពិសេសនៅចំណុច ព្រំប្រទល់ខេត្តកែប និងខេត្តកំពតតែម្តង។
បន្ថែមពីនេះ លោកអភិបាលខេត្តរូបនេះ បានមានប្រសាសន៍ទៀតថា វិធានការនេះ មានបំណងការពារអាយុជីវិត និងសុខុមាលភាព ប្រជាពលរដ្ឋ ក្នុងខេត្តកែបទាំងមូល។ ស្របពេលបញ្ចប់ នៃការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅនោះ ពិតជាមានអ្នកដែលធ្លាប់រស់នៅ ក្នុងតំបន់ប្រឈម ចេញឆ្ពោះទៅកាន់ខេត្តនានាជាក់ជាមិខាន។ ម្ល៉ោះហើយ ការដាក់ប៉ុស្តិ៍ឡើងវិញនេះ ដើម្បីត្រួតពិនិត្យសុខភាព ឱ្យបានល្អិតល្អន់ នូវរាល់អ្នកធ្វើដំណើរឆ្លង កាត់ទាំងឡាយ។ លោកអភិបាល បន្តថា កន្លងមកព្រោះតែការអនុវត្ត រាល់សេចក្តីណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល បានត្រឹមត្រូវ ទើបរដ្ឋបាលខេត្តកែប ទទួលជោគជ័យដោយមិនមានការឆ្លងចូលសហគម៍នូវជំងឺកូវីដ-១៩នេះ។
គួរជម្រាបដែរថា នាថ្ងៃទី០៥ ខែឧសភានេះដែរ មន្ទីរពេទ្យបង្អែកខេត្តកែប បានព្យាបាលអ្នកជំងឺកូវីដ-១៩ ចំនួន ០២អង្គ/នាក់ គឺព្រះសង្ឃនាម ប៊ូ ផាត ព្រះជន្ម ៥៥វស្សា និងស្រ្តីឈ្មោះ ប៊ូ ហ៊ួយ អាយុ ២៨ឆ្នាំ បានជាសះស្បើយ តាមរយៈការយកវត្ថុសំណាក ដើម្បីវិភាគរកវីរុសកូវីដ-១៩ ដោយទទួលបានលទ្ធផលអវិជ្ជមានចំនួន ០២លើក ជាប់ៗគ្នា។ ទោះជាយ៉ាងនេះក្តី បុគ្គលជាសះស្បើយទាំងពីរ អង្គ/នាក់នេះ ត្រូវបានក្រុមគ្រូពេទ្យជំនាញអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យបង្អែកខេត្តក្តី តែត្រូវធ្វើចត្តាឡីស័កនៅកុដិ/ផ្ទះ ក្នុងរយៈពេល១៤ថ្ងៃបន្តទៀត។
ជាមួយគ្នានេះ រដ្ឋបាលខេត្ត សង្ឃឹមយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋទាំងអស់ នឹងចូលរួមអនុវត្តតាមសេចក្តីណែនាំរបស់រដ្ឋបាលខេត្ត ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ក្នុងភូមិសាស្រ្តខេត្តកែប ឱ្យមានប្រសិទ្ធភាពខ្ពស់ និងសូមបង្កើនការប្រុងប្រយ័ត្នដោយត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់ នូវវិធានការ «៣ការពារ និង ៣កុំ» ជាពិសេសវិធានការនានា របស់ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីក្រុមគ្រួសារ និងសហគមន៍ចៀសផុតពីជំងឺឆ្លងដ៏កាចសាហាវនេះ៕ដោយ៖សហការី