អន្តរជាតិ៖ វាពិតជាអស្ចារ្យខ្លាំងណាស់ នៅទីបំផុត! ក្រុមហ៊ុនអភិវឌ្ឍន៍គ្រាប់រ៉ុក្កែត ប៊្លូ អូរីជីន (Blue Origin) របស់កំពូលមហាសេដ្ឋីអាមេរិក ចេហ្វ បេហ្សូស (Jeff Bezos) នៅថ្ងៃពុធទី៥ ខែឧសភា ឆ្នាំ២០២១នេះ ត្រូវគេរំពឹងថា នឹងចាប់ផ្តើមដាក់លក់សំបុត្រ សម្រាប់ការទៅធ្វើដំណើរទស្សនាកម្សាន្តនៅលំហអវកាស តាមរយៈយានអវកាស ញូ ហ្សេភើដ (New Shepard)។ នេះបើតាមទីភ្នាក់ងារព័ត៌មាន Reuters បានចុះផ្សាយនៅល្ងាចថ្ងៃពុធ ទី០៥ ខែឧសភានេះ។
ទីភ្នាក់ងារព័ត៌មាន Reuters បាននិយាយថា ក្រុមហ៊ុន Blue Origin នេះ កាលពីសប្តាហ៍មុន បានបង្ហើបថា ខ្លួននឹងចាប់ផ្តើមការលក់សំបុត្រសម្រាប់ដំណើរទស្សនា នៅទីអវកាសក្នុងពេលឆាប់ៗ ក្រោយពីចំណាយពេលរាប់ឆ្នាំក្នុងការអភិវឌ្ឍ និងធ្វើតេស្តយានអវកាសរបស់ខ្លួន។ ជាក់ស្ដែងនៅថ្ងៃពុធនេះ (ពេលវេលានៅសហរដ្ឋអាមេរិក) គេរំពឹងថា ក្រុមហ៊ុន Blue Origin នឹងចាប់ផ្តើមការដាក់លក់សំបុត្រ រួមជាមួយសេចក្តីប្រកាសលម្អិតអំពី របៀបទិញសំបុត្រ, រយៈពេលនៃការធ្វើដំណើរ និងជាពិសេសនោះគឺតម្លៃសំបុត្រ ដែលត្រូវបានលាក់ការយ៉ាងប្រុងប្រយ័ត្នបំផុតរាប់ឆ្នាំមកនេះ។ ប៉ុន្តែកាលពីប៉ុន្មានឆ្នាំមុន ធ្លាប់មានការរាយការណ៍ថា តម្លៃសំបុត្រនោះថ្លៃយ៉ាងហោច ២សែនដុល្លារ សម្រាប់អ្នកដំណើរម្នាក់។
គួរជម្រាបថា យានអវកាស New Shepard របស់ក្រុមហ៊ុន Blue Origin ដែលមានលក្ខណៈរួមផ្សំបញ្ចូលគ្នាតែម្តង រវាងយានសម្រាប់ជិះធ្វើដំណើរ និងគ្រាប់រ៉ុក្កែត ត្រូវបានរចនាឡើងដើម្បីដឹកជញ្ជូនអ្នកដំណើរ បានសរុបចំនួន ០៦នាក់ ដោយស្វ័យប្រវត្តិ ឡើងទៅកាន់រយៈកម្ពស់ជាង ១០០គីឡូម៉ែត្រពីផ្ទៃផែនដី ដែលល្មមអាចឲ្យភ្ញៀវទេសចរនៅក្នុងយានអវកាស អាចទទួលបានបទពិសោធន៍ នៅក្នុងបរិស្ថានដែលគ្មានកម្លាំងទំនាញ និងមើលឃើញរាងកោងនៃភពរបស់យើង មុនពេលយាន New Shepard ចុះមកផ្ទៃផែនដីវិញដោយប្រើឆ័ត្រយោងផងដែរ៕ដោយ៖ស តារា
រូបភាព៖Reuters