ភ្នំពេញ, នៅព្រឹកថ្ងៃទី៨ ខែឧសភាឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា, ថ្ងៃនេះ គឺជាខួបលើកទី១៥៨ នៃទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២១ ក្រោមប្រធានបទ ” ទាំងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជា ប្រយុទ្ធនឹងកូវីដ-១៩ និងកសាងភាពធន់របស់សង្គមជាតិ ” ។ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា តែងតែប្រារព្ធឡើងជារៀងរាល់ឆ្នាំ ក៏ប៉ុន្តែរយៈពេល២ ឆ្នាំចុងក្រោយនេះ គឺឆ្នាំ២០២០ និង២០២១នេះ មិនបានប្រារព្ធពិធីនោះទេ ដោយសារតែការរាតត្បាតជាសាកលនៃជំងឺកូវីដ១៩។
សម្ដេចតេជោបានថ្លែងបន្តថា, តែទោះជាយ៉ាងណាក៏ដោយ សកម្មភាពមនុស្សធម៌របស់កាកបាទក្រហម នៅតែបន្តគោលដៅរួមចំណែកយ៉ាងសកម្ម លើកទឹកចិត្តខ្ពស់ដល់កិច្ចប្រតិបត្តិការនានា នៅក្នុងបុព្វហេតុមនុស្សធម៌ ជាពិសេសការជួយសំរាលទុក្ខលំបាករបស់បងប្អូនប្រជាជន ដែលទទួលរងនូវគ្រោះថ្នាក់ដោយសារគ្រោះមហន្តរាយផ្សេងៗ ចាស់ឥតទីពឹង កុមារកំព្រា ស្រ្តីមេម៉ាយមានកូនច្រើន អ្នកផ្ទុកមេរោគអេដស៍ អ្នកមានជំងឺរាំរ៉ៃ ហើយកំពុងត្រូវការនូវជំនួយសង្រ្គោះបន្ទាន់ ជាពិសេសគឺយើងកំពុងរួមគ្នាប្រយុទ្ធ ប្រឆាំងនឹងជំងឺកូវីដ១៩។
សម្ដេចនាយករដ្ឋមន្ត្រី សូមថ្លែងអំណរគុណរព្រះគុណដល់ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលព្រះអង្គតែងតែយកព្រះទ័យទុកដាក់ជាមួយកាកបាទក្រហមកម្ពុជា និងតែងតែបានយាងចុះជួយប្រជាពលរដ្ឋខ្មែរនៅគ្រប់ទីកន្លែង និងសូមថ្លែងអំណរគុណដល់សប្បុរសជនជាតិ និងអន្តរជាតិទាំងអស់ ដែលបានចូលរួមចំណែកជួយដល់កាកបាទក្រហមកម្ពុជា នាពេលកន្លងមកដើម្បីបម្រើដល់ស្ថាប័នមនុស្សធម៌ដ៏មានសារៈសំខាន់មួយនេះ៕
ដោយ, សុខ ខេមរា