អន្តរជាតិ៖ បើយោងតាមមន្ត្រីជាន់ខ្ពស់ថៃម្នាក់ បានថ្លែងនៅថ្ងៃសុក្រទី៧ ខែឧសភាម្សិលមិញនេះថា រដ្ឋាភិបាលថៃ គ្រោងនឹងលុបចោលកាតព្វកិច្ចធ្វើចត្តាឡីស័ក ចំពោះភ្ញៀវទេសចរដែលបានចាក់វ៉ាក់សាំងរួច ដែលមកកម្សាន្តនៅទីក្រុងបាងកក ព្រមទាំងគោលដៅទេសចរណ៍សំខាន់ៗទៀតរបស់ខ្លួនចាប់ពីខែតុលាខាងមុខនេះ ដើម្បីស្តារឧស្សាហកម្មដ៏ធំរបស់ខ្លួន ដែលរងការវាយប្រហារដោយជំងឺ COVID-19។
ជាក់ស្ដែងបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី០៧ ខែឧសភានេះដែរ បានដកស្រង់ប្រភពពីអ្នកនាំពាក្យរងរដ្ឋាភិបាលថៃលោក Traisulee Traisoranakul បានថ្លែងយ៉ាងដូច្នេះថា៖ វិធានការថ្មីនេះមានន័យថានឹងបន្ធូរបន្ថយវិធានការរឹតត្បិត នៅក្នុងតំបន់ក្តៅដូចជាខេត្ត Pattaya, Vang Nga, កោះ Samui, Krabi និងរាជធានីបាងកក ដោយគូសបញ្ជាក់ថា ភ្ញៀវទេសចរដែលមានការបញ្ជាក់ នៃការទទួលបានការចាក់វ៉ាក់សាំងរួចរាល់ នឹងត្រូវទទួលស្វាគមន៍ចាប់ពីថ្ងៃទី១ ខែតុលាតទៅ។
គួរបញ្ជាក់ថា រដ្ឋាភិបាលថៃ អស់រយៈពេលមួយឆ្នាំកន្លងផុតទៅហើយ ដែលបានរឹតបន្តឹងនីតិវិធីទិដ្ឋាកា និងតម្រូវឲ្យអ្នកទេសចរ ក៏ដូចជាប្រជាជនថៃខ្លួនឯង ដែលវិលត្រឡប់ចូលប្រទេសវិញ ធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ នៅតាមទីតាំងនានាដែលរដ្ឋាភិបាលបានយល់ព្រម៕ដោយ៖ស តារា