ភ្នំពេញ៖ នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១នេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រកាសថា នៅក្នុងការបើកដំណើរការសកម្មភាពអាជីវកម្ម/ផលិតកម្មឡើង ឲគឺមិនត្រូវមានភ្ជាប់លក្ខខណ្ឌទៅនឹង ការចាក់វ៉ាក់សាំងនោះឡើយ។
បេីតាមសេចក្តីជូនដំណឹងក្រសួងការងារ បានបញ្ជាក់ថា បន្ទាប់ពីមានអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ភ្លាមៗក៏មានសេចក្តីរាយការណ៍ថា៖ រោងចក្រមួយចំនួន ទាមទារឱ្យកម្មករចាក់វ៉ាក់សាំង ទើបអាចទទួលឲ្យចូលធ្វើការឡើងវិញ។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជម្រាបដល់ម្ចាស់ ឬនាយករោងចក្រ សហគ្រាស និងកម្មករនិយោជិត ដែលស្ថិតនៅក្នុងតំបន់លឿង នៃភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល ហើយបើកដំណើរការសកម្មភាពអាជីវកម្ម ផលិតកម្មឡើងវិញថា៖
១៖ នៅក្នុងការបើកដំណើរការសកម្មភាពអាជីវកម្ម/ផលិតកម្មឡើងវិញនេះ គឺមិនត្រូវមានភ្ជាប់លក្ខខណ្ឌទៅនឹង ការចាក់វ៉ាក់សាំងនោះឡើយ។
២៖ មន្ត្រីអធិការកិច្ចការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនឹងចុះធ្វើអធិការកិច្ចលើករណីនេះភ្លាម ប្រសិនជាទទួលបានព័ត៌មាន។ សូមបងប្អូនកម្មករនិយោជិតជូនដំណឹងមកក្រសួង ឬមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាបន្ទាន់តាមរយៈតេឡេក្រាម https://t.me/KhmerWorkerChat ប្រសិនជាមានការភ្ជាប់លក្ខខណ្ឌចាក់វ៉ាក់សាំងនេះ។
៣៖ ការបើកប្រាក់ឈ្នួលសម្រាប់ខែមេសា ចំនួន ៥០% និងប្រាក់ឧបត្ថម្ភនានា ដែលបានពន្យារពេលនៅក្នុង អំឡុងពេលនៃការបិទខ្ទប់កន្លងទៅ គឺត្រូវចាប់ផ្តើមបើកជូនបងប្អូនកម្មករនិយោជិតមិនឱ្យហួសពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ ឡើយ។ ចំពោះបងប្អូនកម្មករនិយោជិត ដែលកំពុងស្ថិតនៅក្នុងតំបន់ក្រហម ឬលឿងទុំ គឺសូមម្ចាស់ ឬនាយក រោងចក្រ សហគ្រាស ពិចារណារកវិធីបើកប្រាក់ឈ្នួល និងប្រាក់ឧបត្ថម្ភនេះតាមប្រព័ន្ធធនាគារជូនបងប្អូនកម្មករនិយោជិត ផងដែរ។
ជាមួយគ្នានេះ ក្រសួងការងារ សាជាថ្មីម្ដងទៀត ក៏បានអំពាវនាវដល់ម្ចាស់ផ្ទះជួលទាំងអស់មេត្តាយោគយល់ លើកលែង ថ្លៃជួលបន្ទប់ ឬបន្ធូរបន្ថយថ្លៃជួលបន្ទប់ ឬពន្យារការបង់ថ្លៃជួលបន្ទប់ជូនអ្នកជួលដែលជាកម្មករនិយោជិត ឱ្យអស់លទ្ធភាព នៅក្នុងស្មារតីមនុស្សធម៌ និងសាមគ្គីភាពនៅក្នុងដំណាក់កាលនេះ។ បន្ថែមពីនេះក្រសួងការងារ មានសេចក្តីជឿជាក់ថា ម្ចាស់ ឬនាយករោងចក្រ សហគ្រាស កម្មករនិយោជិត និងម្ចាស់ផ្ទះជួលនឹងអនុវត្ត តាមសេចក្តីជូនដំណឹងនេះ ប្រកបដោយប្រសិទ្ធភាពខ្ពស់៕ដោយ៖សហការី