ខេត្តកំពង់ធំ : នៅព្រឹកថ្ងៃទី ខែឧសភា ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពង់ធំ មានកិត្តិយសសូមជម្រាបជូនដំណឹងដល់សាធារណជនជ្រាបថា ដោយផ្អែកតាម ស្ថានភាពធូរស្រាល នៃការរីករាលដាលជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍ភូមិលាបទង ឃុំកំពង់ចិនត្បូង ស្រុកស្ទោង រដ្ឋបាលខេត្ត សម្រេចបញ្ចប់ការបិទផ្សារសេរីស្ទោង ក្នុងភូមិកំពង់ក្តី និងបញ្ចប់ការបិទខ្ទប់ភូមិលាបទង នៃឃុំកំពង់ចិនត្បូង ស្រុកស្ទោង ដែលរដ្ឋបាលខេត្តបានផ្អាកជាបណ្តោះអាសន្ន និងបិទខ្ទប់កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ដោយអនុញ្ញាតឲ្យដំណើរការ ជាប្រក្រតីឡើងវិញចាប់ពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១តទៅ។
ជាមួយគ្នានេះ រដ្ឋបាលខេត្តសូមថ្លែងអំណរគុណដល់កិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងទាំងបី ជាពិសេសក្រុមគ្រូពេទ្យ ដែលតែងតែមានឆន្ទៈមុះមុត មិនរួញរាក្នុងកាលៈទេសៈលំបាក និង ចំណាយអស់កម្លាំងកាយចិត្តក្នុងការគ្រប់គ្រង និងស្រាវជ្រាវរកអ្នកពាក់ព័ន្ធមកធ្វើតេស្តរកមេរោគកូវីដ១៩បានទាន់ វេលា និងប្រកបដោយប្រសិទ្ធភាព។ រដ្ឋបាលខេត្ត សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋគ្រប់រូប ត្រូវបន្តអនុវត្តវិធានសុខាភិបាល វិធាន “៣ការពារ ៣កុំ និងវិធានការនានាដែលរាជរដ្ឋាភិបាល និងរដ្ឋបាលខេត្តបានដាក់ចេញឲ្យបានខ្ជាប់ខ្ជួន ដើម្បីការពារខ្លួនឯង ក្រុមគ្រួសារ និងសហគមន៍ទាំងមូល៕
ដោយ, សិលា