ភ្នំពេញ,សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន បានអញ្ជើញចាក់វ៉ាក់សំាងកូវីដ-១៩ ដូសទី២ “COVIDSHIELD” AstraZeneca នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី១០ ខែឧសភាឆ្នាំ២០២១។
សម្តេចប្រធានរដ្ឋសភា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រាជរដ្ឋាភិបាលដែលបានខិតខំកៀរគរគ្រប់មធ្យោបាយដើម្បីទទួលបានវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋ ដែលតាមគម្រោងឱ្យបានប្រមាណ១០លាននាក់ ដើម្បីបង្កើតភាពស៊ាំសហគមន៍ ឈានទៅគ្រប់គ្រងបានលើវីរុសកូរ៉ូណា(កូវីដ-១៩) សំដៅស្តារសេដ្ឋកិច្ចនិងសង្គមជាតិឡើងវិញ ចេញពីវិបត្តិជាសកលនេះក្នុងពេលឆាប់ៗខាងមុខ។
ឆ្លៀតឱកាសនោះ សម្តេចអគ្គមហាពញាចក្រីក៏បានថ្លែអំណរគុណផងដែរដល់បណ្តាប្រទេសជាមិត្ត ពិសេសសាធារណរដ្ឋប្រមានិតចិននិងដៃគូរអភិវឌ្ឍន៍ជាច្រើនទៀតដូចជាអង្គការសុខភាពពិភពលោក និងយន្តការកូវ៉ាក់ (COVAX) ជាដើម រួមទាំងសប្បុរសជនទាំងអស់ ដែលបានជួយឧបត្ថម្ភវ៉ាក់សាំងនិងផ្តល់ជំនួយបច្ចេកទេស សម្ភារៈវិទ្យាសាស្រ្តជាច្រើនដល់កម្ពុជានៅក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នាពេលកន្លងមក។
សម្តេចបានអំពាវនិងលើកទឹកចិត្តដល់ប្រជាពលរដ្ឋ សូមអញ្ជើញទៅទទួលវ៉ាក់សាំងដោយឥតគិតថ្លៃនៅតាមមូលដ្ឋានរៀងៗខ្លួន ដើម្បីការពារអាយុជីវិត ក្រុមគ្រួសារនិងសហគមន៍របស់ខ្លួន។
ជាមួយគ្នានេះសម្តេចបានអំពាវនាវដល់ប្រជាពលរដ្ឋបន្តអនុវត្តវិធានសុខាភិបាល «៣ការពារ ៣កុំ»ឱ្យបានខ្ជាប់ខ្ជូនគ្រប់ៗគ្នាទោះជាបានទទួលវ៉ាក់សាំងការពាររួចហើយក្តី។
សម្តេចប្រធានរដ្ឋសភាបានគូសបញ្ជាក់ថាជំងឺកូវីដ-១៩នៅតែបន្តគំរាមកំហែងពិភពលោកក៏ដូចជាកម្ពុជា ក្នុងសភាពខ្លាំងក្លានៅឡើយ។ ដូច្នេះដើម្បីការពារទប់ស្កាត់ជំងឺនេះកុំឱ្យឆ្លងរាលដាលកាន់តែខ្លាំងឡើង កត្តាសំខាន់បំផុតគឺការចូលរួមនិងការបេ្តជ្ញាចិត្តពីបុគ្គលម្នាក់ៗ ទើបសង្គមជាតិអាចគេចផុតពីជំងឺរាតត្បាតនេះបាន៕
ដោយ សុខ ខេមរា