ឥណ្ឌា​៖​ វេជ្ជបណ្ឌិត ៨០នាក់នៅឯមន្ទីរពេទ្យមួយកន្លែង ក្នុងរដ្ឋធានីញូដេលី បានឆ្លងជំងឺ COVID-19 ខណៈវេជ្ជបណ្ឌិតឯកទេសវះកាត់ម្នាក់ស្លាប់​ ដោយសារជំងឺកាចសាហាវនេះ

ចែករំលែក៖

អន្តរជាតិ​៖​ បើតាមសារព័ត៌មាន India Today​ នៅរសៀល​ថ្ងៃចន្ទទី១០ ខែឧសភា ឆ្នាំ២០២១នេះ​ បានចុះផ្សាយថា​ វេជ្ជបណ្ឌិត ៨០នាក់​ នៅឯមន្ទីរពេទ្យមួយកន្លែង ក្នុងរដ្ឋធានីញូដេលី​ នៃប្រទេសឥណ្ឌា បានឆ្លងជំងឺ COVID-19 ខណៈវេជ្ជបណ្ឌិតឯកទេសវះកាត់ម្នាក់ ដែលធ្វើការងារនៅទីនោះជិត ៣ទសវត្សរ៍ បានស្លាប់ដោយសារតែជំងឺកាចសាហាវនេះ។

សារព័ត៌មាន India Today​ បាននិយាយបន្ថែមថា​ ក្នុងចំណោមវេជ្ជបណ្ឌិត ៨០រូបខាងលើ នៃមន្ទីរពេទ្យ សារ៉ូច (Saroj) ដែលបានធ្វើតេស្តវិជ្ជមានចំពោះ COVID-19 ១២នាក់ កំពុងទទួលការព្យាបាលនៅឯមន្ទីរពេទ្យ ខណៈ ៦៨នាក់ទៀត កំពុងធ្វើចត្តាឡីស័ក និងព្យាបាលនៅតាមលំនៅឋានរបស់ខ្លួន។ ចំណែក​វេជ្ជបណ្ឌិតឯកទេសវះកាត់ម្នាក់ ដែលត្រូវបាន COVID-19 ផ្តាច់ជីវិត គឺធ្លាប់បានបម្រើការងារនៅមន្ទីរពេទ្យ Saroj អស់រយៈពេល ២៧ឆ្នាំមកហើយ។

គួរបញ្ជាក់ថា បេីគិតមកទល់ពេលនេះ វេជ្ជបណ្ឌិត និងបុគ្គលិកផ្នែកសុខាភិបាលសរុប ៣០០នាក់ នៅតាមមន្ទីរពេទ្យក្នុងទីក្រុងញូដេលី បានឆ្លងជំងឺ COVID-19 កំលុងការឆ្លងរាតត្បាតរលកថ្មី ដែលកំពុងវាយលុកយ៉ាងធ្ងន់ធ្ងរ លើប្រទេសឥណ្ឌា ដែលបានចាប់ផ្តើមកក្រើកឡើងវិញចាប់តាំងពីចុងខែមីនា ឆ្នាំ២០២១ និងខ្លាំងបំផុតចាប់ពីអំឡុងខែមេសា រហូតមកទល់នឹងពេលនេះ។

ជាមួយ​គ្នា​នេះ​ នារសៀលថ្ងៃចន្ទ ទី១០ ខែឧសភា ឆ្នាំ២០២១នេះដែរ​ ទីភ្នាក់ងារព័ត៌មាន Times of India (TOI)​ បានចុះផ្សាយថា​​ ប្រទេសឥណ្ឌា​ នៅក្នុងរយៈពេល ២៤ម៉ោងប៉ុណ្ណោះ​​ បានកត់ត្រាចំនួនអ្នកឆ្លងជំងឺ COVID-19 សរុប ៣៦៦,៤៩៩នាក់ទៀត ខណៈអ្នកជំងឺរហូតដល់ ៣,៧៤៨នាក់បាត់បង់ជីវិត។

ជាក់ស្ដែង​ក្រោយការបូកសរុបទិន្នន័យថ្មីៗខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបទូទាំងប្រទេសឥណ្ឌាកើនឡើងដល់ ២២,៦៦២,៤១០ករណី ក្នុងនោះមានអ្នកស្លាប់សរុបជាង ២៤៦,១៤៦នាក់ និងជាសះស្បើយឡើងវិញជាង ១៨.៦៦លាននាក់ ខណៈអ្នកជំងឺរហូតដល់ ៣.៧៥លាននាក់ កំពុងទទួលការព្យាបាល និងរង់ចាំការព្យាបាល។

គួរបញ្ជាក់ថា ស្ថិតនៅចំពោះមុខមហន្តរាយលើវិស័យសុខាភិបាល បង្កឡើងដោយរលកទី ៣ នៃ COVID-19 រដ្ឋ តាមិលណាឌូ (Tamil Nadu), កាណាតាកា (Karnataka) រ៉ាចាស្ថាន (Rajasthan) និង ភូឌូឈើរី (Puducherry) បានប្រកាសបិទរដ្ឋទាំងមូល (lockdown) ដោយចាប់អនុវត្តចាប់ពីថ្ងៃចន្ទនេះ រហូតដល់ថ្ងៃទី២៤ ខែឧសភា។​

ដោយឡែករដ្ឋដេលី (Delhi), អ៊ូតតា ប្រាដែស (Uttar Pradesh) និងហាយ៉ាណា (Haryana) នឹងបន្តការអនុវត្តវិធានការបិទទ្វារ (lockdown) រហូតដល់ថ្ងៃទី១៧ ខែឧសភា។ ដូច្នេះមានន័យថា រដ្ឋភាគច្រើននៅក្នុងប្រទេសឥណ្ឌា កំពុងតែអនុវត្តវិធានការ lockdown ហើយ ដើម្បីទប់ទល់ COVID-19៕ដោយ៖ស​ តារា​

...

រូបថត​៖AFP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print