ខេត្តព្រៃវែង៖ យ៉ាងហោចណាស់មនុស្ស៣នាក់បានរងរបួសធ្ងន់ ដោយសារឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍មួយ កាលពីព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៦ វេលាម៉ោង៤ទៀបភ្លឺ ដែលបង្កឡើងដោយរថយន្តមួយគ្រឿងមិនស្គាល់ម៉ាក បានបុកម៉ូតូជនរងគ្រោះរួចគេចខ្លួនបាត់ស្រមោល នៅគល់ស្ពានអ្នកលឿង ដែលស្ថិតក្នុងភូមិឧត្តម ឃុំព្រែកខ្សាយ(ក) ស្រុកពាមរក៍ ខេត្តព្រៃវែង។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះ បានជិះម៉ូតូ មួយគ្រឿង ម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០០៩ ពណ៌ខ្មៅជិះគ្នា៣នាក់ មានទិសដៅពីកើតមកលិច ពេលមកដល់ចំណុចផ្លូវកោងគល់ស្ពានអ្នកលឿង ស្រាប់តែមានរថយន្តមួយគ្រឿង មិនស្គាល់ម៉ាក (ស្ថានភាពងងឹត) បានបើកមកកៀរម៉ូតូជនរងគ្រោះធ្វើឲ្យម៉ូតូជនរងគ្រោះរេចង្កូតទៅ បុកនឹងរបាំងដែកបង្កាន់ដៃការពារចរាចរណ៍ បណ្ដាលឲ្យរងរបួសធ្ងន់ទាំ៣នាក់។
ប្រភពដដែលបានបន្តទៀតថា ជនរងគ្រោះទាំង៣នាក់ ទី១ឈ្មោះមាឃ សំណាង ភេទប្រុស អាយុ២០ឆ្នាំជាអ្នកបើករងរបួសបាក់ជើងខាងស្តាំ បែកក្បាល ផុងលលាដ៍, ទី២ ឈ្មោះ រត្ន័ ហន ភេទប្រុស អាយុ២៧ឆ្នាំ រងរបួសបាក់ភ្លៅខាងស្តាំ និងទី៣ ឈ្មោះ គីម ភារម្យ ភេទប្រុស អាយ២១ឆ្នាំ បាក់ជើងខាងស្តាំ បែកក្បាល និងរយះមុខ ហើយអ្នកទាំង៣នាក់ ជាកម្មករនៅឯភ្នំពេញត្រឡប់មកពីបុណ្យនៅឯឃុំព្រះធាតុ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។
ក្រោយពេលកើតហេតុ សមត្ថកិច្ចកងរាជអាវុធហត្ថស្រុកពាមរក៍ បានដឹកជនរងគ្រោះទាំង៣ទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យបង្អែកអ្នកលឿង តែដោយរបួសធ្ងន់ធ្ងរ ក៏បន្តដឹកទៅសង្គ្រោះនៅឯមន្ទីរពេទ្យខេត្តស្វាយរៀងបន្តចំនួន២នាក់ និងម្នាក់ទៀតសង្គ្រោះនៅមន្ទីរពេទ្យខេត្តព្រៃវែង៕ សហការី