ភ្នំពេញ៖ មន្រី្តនគរបាលប៉ុស្តិ៍រដ្ឋបាលឃ្មួញម្នាក់ត្រូវបុរសចិត្តខ្លាំងដាល់ មួយដៃហើយរត់គេចខ្លួនបាត់ខណៈបានចុះទៅសម្របសម្រួលជម្លោះប្រជាពលរដ្ឋ ក្នុងភូមិបង្កឲ្យមានការភ្ញាក់ផ្អើលទាំងយប់ ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៦ត្រង់ចំណុចក្នុងភូមិ៦ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។
មន្ត្រីនគរបាលខណ្ឌសែនសុខបានឲ្យដឹងថា បុរសដែលបានវាយទៅលើសមត្ថកិច្ចនោះមានឈ្មោះ គង់ ផល្លា អាយុ៣៨ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅក្នុងភូមិកើតហេតុខាងលើ ។ ចំណែកសមត្ថកិច្ចដែលជាអ្នករងគ្រោះម្នាក់នោះសុំមិនបញ្ចេញឈ្មោះ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុបុរសឈ្មោះ គង់ ផល្លា បានហៅលោកមេភូមិ៦ឲ្យមកមើលប្រឡាយទឹកហូរកាត់មុខផ្ទះគាត់ដែលអត់មានដាក់ប្រព័ន្ធលូត្រឹមត្រូវ។ ករណីនេះធ្វើឲ្យមានជម្លោះគ្នាឡើងរហូតមានការប្រតាយប្រតប់គ្នាជាមួយលោកមេភូមិធ្វើឲ្យលោកមេភូមិទ្រាំមិនបានក៏ទូរសព្ទ័ទាក់ទងទៅសមត្ថកិច្ចឲ្យចុះមកជួយធ្វើ អន្តរាគមន៍ក្នុងគោលបំណងហៅជនបង្កទៅធ្វើការអប់រំណែនាំ ។ លុះពេលសមត្ថកិច្ចនគរបាលប៉ុស្តិ៍ឃ្មួញមកដល់បានហៅជនបង្កទៅធ្វើការអប់រំនៅប៉ុស្តិ៍ តែជនបង្កមិនព្រមទៅ។ ក្រោយមកមន្រី្តនគរបាលម្នាក់កំពុងតែឈរនិយាយសម្របសម្រួលឲ្យភាគីទាំងពីរឲ្យត្រូវគ្នាស្រាប់តែជនបង្កដែលកំពុងតែអង្គុយផឹកស្រានៅមុខផ្ទះស្ទុះទៅដាល់ចំមុខមន្រ្តីនគរបាលម្នាក់(មិនបញ្ចេញឈ្មោះ)មួយដៃហើយបានរត់គេចខ្លួនបាត់តែម្តង។
ប្រភពព័ត៌មានដដែលឲ្យដឹងទៀតថា ក្រោយពេលកើតហេតុ សមត្ថកិច្ចបានហៅកម្លាំងនគរបាលខណ្ឌសែនសុខឲ្យចុះ មកនាំជនបង្កទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខតែជនបង្កបានរត់គេចខ្លួនបាត់ទៅ ទើបជនរងគ្រោះដែលជាសមត្ថកិច្ចបានទៅដាក់ពាក្យបណ្ដឹងនៅ ប៉ុស្ដិ៍នគរបាលរដ្ឋបាលឃ្មួញដើម្បីធ្វើការតាមចាប់ខ្លួនជនបង្កយកមកដោះស្រាយតាមច្បាប់ ៕ ប្រាថ្នា