ក្រុងប៉ោយប៉ែត, នៅយប់ថ្ងៃទី១២ ខែឧសភាឆ្នាំ២០២១ រដ្ឋបាលខេត្តបន្ទាយមានជ័យ សូមជម្រាបជូនដំណឹងដល់សាធារណៈជនឲ្យបានជ្រាបថា, នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ០៥: ៣០ នាទី មានអ្នកជំងឺឈ្មោះ វៀត ឡា ភេទស្រី អាយុ ៦១ឆ្នាំ មានទីលំនៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានទទួលមរណៈភាព។
ពាក់ព័ន្ធករណីស្ត្រីជនជាតិខ្មែរជាអ្នកជំងឺខាងលើ បានចូលមកពិនិត្យ និងព្យាបាលជំងឺ នៅមន្ទីរ ពេទ្យបង្អែកប៉ោយប៉ែត ដោយមានរោគសញ្ញា ក្អក ក្តៅខ្លួន ហត់ខ្លាំង មានប្រវត្តិជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃ (កំពុងប្រើប្រាស់ថ្នាំជាប្រចាំ) ហើយគ្រូពេទ្យបានយកវត្ថុសំណាកពិនិត្យដោយ Rapid Test មានវិជ្ជមាន កូវីដ-១៩(+) រួមទាំងការថតកាំរស្មីអ៊ិច ពិនិត្យឈាមជាបន្តបន្ទាប់រោគវិនិច្ឆ័យអ្នកជំងឺចូលសម្រាកពេទ្យគឺ រលាកសួតធ្ងន់ធ្ងរ និងមានវិជ្ជមានកូវីដ-១៩ (Pneumonie Grave + Rapid Test Covid-19 Positive) ហើយបានបញ្ជូនទៅកាន់កន្លែងព្យាបាលជំងឺកូវីដ-១៩ ព្រមទាំងធ្វើការជួយសង្គ្រោះព្យាបាល និងតាមដាន ការវិវត្តន៍របស់អ្នកជំងឺ ដោយយកចិត្តទុកដាក់ ទៅតាមលក្ខណៈបច្ចេកទេស ។
នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ នៅវេលាម៉ោង ៤:៣០នាទី ស្ថានភាពរបស់អ្នកជំងឺកាន់តែ ធ្ងន់ធ្ងរ ហត់ដង្ហក់កាន់តែខ្លាំង ស្លេកស្លាំង និងវង្វេងស្មារតី ហើយក្រុមគ្រូពេទ្យនៅតែបន្តការងារ ទាំងការជួយ សង្គ្រោះផ្លូវដង្ហើមយ៉ាងខ្លាំងក្លា តែដោយស្ថានភាពរបស់អ្នកជំងឺធ្ងន់ធ្ងរ មិនអាចជួយស្រោចស្រង់អាយុជីវិត អ្នកជំងឺបាន ហើយគាត់បានទទួលមរណៈភាពនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ០៥: ៣០នាទី។
រដ្ឋបាលខេត្ត សូមបញ្ជាក់ជូនផងដែរថា ករណីស្ត្រីជនជាតិខ្មែរ អាយុ ៦១ឆ្នាំខាងលើ បានស្លាប់បាត់បង់ជីវិត ដោយវិបត្តិផ្លូវដង្ហើម ធ្ងន់ធ្ងរ និងការរលាកសួតសងខាងធ្ងន់ធ្ងរ ដោយសារវីរុសកូវីដ -១៩ លើអ្នកជំងឺ មានជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃ (Insuffisant respiratolre algue irreversible pour le diagnostic Pneumonie grave bilatéral par Covid-19 avec diabetes )”
រដ្ឋបាលខេត្ត សូមសម្ដែងនូវការសោកស្តាយ និងចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារ៕