អតីតប្រធានាធិបតីអ៊ីរ៉ង់ លោក Mahmoud Ahmadinejad បានបញ្ជាក់ថា លោកនឹងឈរឈ្មោះជាបេក្ខភាពប្រធានាធិបតីសម្រាប់ការបោះឆ្នោតជាថ្មី ។ ការសម្រេចខាងលើរបស់លោក គឺធ្វើទៅតាមពលរដ្ឋដែលគាំទ្រលោក ជំរ៉ុញឲ្យលោក ចូលរួមក្នុងឆាកនយោបាយជាថ្មី។
កាលពីថ្ងៃទី ១២ខែឧសភា អតីតប្រធានាធិបតីដែលមានទស្សននយោបាយ មឹងម៉ាត់ជាមួយលោកខាងលិច គឺលោក Mahmoud Ahmadinejad បានដាក់ចុះឈ្មោះជាបេក្ខភាពប្រធានាធិបតី សម្រាប់ការបោះឆ្នោតនៅថ្ងៃទី ១៨ខែមិថុនា ខាងមុ។
មានប្រសាសន៍ក្រោយការដាក់ឯកសារទៅកាន់ក្រសួងមហាផ្ទៃ លោក Ahmadinejad បានបញ្ជាក់ថា ការសម្រេចឈរឈ្មោះបោះឆ្នោតជាថ្មី គឺធ្វើតាមគោលបំណងចង់បានរបស់ពលរដ្ឋអ៊ីរ៉ង់។ លោកបន្តទៀតថា ពលរដ្ឋមានសិទ្ធិនៅក្នុងការជ្រើសរើស ដើម្បីកែទម្រង់ជាទ្រង់ទ្រាយធំ។
ការបោះឆ្នោតរបស់អ៊ីរ៉ង់កើតឡើងក្នុងពេលដែលប្រទេសនេះ និងបណ្តាប្រទេសមហាអំណាចនៅលើពិភពលោកខិតខំដំណើរការឡើងវិនៅកិច្ចព្រមព្រៀងបរមាណូជាប្រវត្តិសាស្ត្រ ដែលបានចុះហត្ថលេខាកាលពីឆ្នាំ២០១៥ រវាងអ៊ីរ៉ង់ និងប្រទេស ៥+១ មាន អាមរិក អង់គ្លេស រុស្ស៊ី ចិន បារាំង និងអាល្លឺម៉ង់ ។ ប៉ុន្តែនៅក្នុងរដ្ឋកាលដឹកនាំរបស់លោកត្រាំ ក៏បានលុបកិច្ចព្រមព្រៀងនោះវិញ។
លោក Ahmadinejad អាយុ៦៤ឆ្នាំ ធ្លាប់កាន់តំណែង ប្រធានាធិបតីអ៊ីរ៉ង់ នៅឆ្នាំ ២០០៥ដល់ឆ្នាំ២០១៣ គឺមានរយៈពេល ២អាណត្តិ។ ដោយសារតែច្បាប់កំណត់នៅក្នុងរដ្ឋធម្មនុញ្ញលោកមិនអាចឈរឈ្មោះបោះឆ្នោតអាណត្តិទី៣ឡើយ។ កាលពីឆ្នាំ ២០១៧ លោកក៏បានដាក់ពាក្យឈរឈ្មោះជាបក្ខភាពតែមិនទទួលបានការអនុញ្ញាត៕
រូបភាព៖ Reuters