អ្នកជំងឺ​កូវីដ​-១៩ម្នាក់​ ​​ដែលជាកម្មករ​សំណង់​នៅ​ភ្នំពេញ​​ ​បាន​ស្លាប់នៅមន្ទីរពេទ្យបង្អែក​ខេត្ត​ព្រៃវែង​

ចែករំលែក៖

ខេត្តព្រៃវែង៖ បេីយោង​តាម​លិខិត​បញ្ជាក់​របស់​មន្ទីរ​សុខាភិបាល​ខេត្តព្រៃវែង​ កាលពីយប់ថ្ងៃទី១២​ ខែឧសភា​ ឆ្នាំ​២០២១​ បានឲ្យដឹងថា​ អ្នកជំងឺ​កូវីដ​-១៩ម្នា​ក់​​ ​បាន​ស្លាប់​ដោយសារជំងឺកូវីដ។

នៅក្នុង​លិខិត​បញ្ជាក់​របស់​មន្ទីរ​សុខាភិបាល​ខេត្តព្រៃវែង​ បានបញ្ជាក់ថា​ អ្នកជំងឺ​កូវីដ​រូបនេះ​ឈ្មោះ ស៊ីនួន សា​រ៉ា​ក់ ភេទ​ប្រុស ​អាយុ​ ៣៧ឆ្នាំ​ មាន​ទីលំនៅ​ក្នុងភូមិ​ព្រៃ​កំពែង ឃុំ​ព្រៃ​កណ្ដៀង ស្រុក​ពាម​រក៍​ខេត្តព្រៃវែង​ ​បាន​ចូល​មក​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​ខេត្តព្រៃវែង ​កាលពី​​វេលា​ម៉ោង​១១និង​៣០នាទី​យប់​ថ្ងៃ​ទី១០ ឧសភា​ ថ្មី​ៗនេះ​។ ខណៈដែល​អ្នកជំងឺរូបនេះ​ ចូល​មក​ដល់ក្រុម​គ្រូពេទ្យ​ពិនិត្យ​ឃើញ​ថា គាត់​មាន​អាកា​រៈ​ធ្ងន់ធ្ងរ ហត់​ដង្ហក់​ខ្លាំង ក្តៅខ្លួន និង​ក្អក​ខ្លាំង ហើយ​ក្រុម​គ្រូពេទ្យបាន​ខិតខំ​ជួយ​សង្គ្រោះ​អស់ពី​សមត្ថភាព​ដែរ ប៉ុន្តែ​នៅ​តែ​មិន​អាច​ជួយ​សង្គ្រោះ​បាន​។

ដោយ​ឡែក​អាជ្ញាធរ​មូលដ្ឋាន​ ក៏បាន​បញ្ជាក់ដែរ​ថា អ្នកជំងឺ​ឈ្មោះ ស៊ីនួន សា​រ៉ា​ក់ នេះ​គឺជា​កម្មករ​សំណង់​នៅ​គីឡូម៉ែត្រ​លេខ​៧ ក្នុង​សង្កាត់​ច្រាំង​ចំរេះ ​ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ ហើយ​បាន​វិល​ត្រឡប់​មក​ដល់​ស្រុក​កំណើត​វិញ​កាលពី​ថ្ងៃ​ទី១០ ឧសភា។ លុះ​នៅ​យប់​ថ្ងៃ​ដដែល​ គាត់​មាន​អាកា​រៈក្តៅខ្លួន​ខ្លាំង ក្អក​ខ្លាំង ហត់​ខ្លាំង ទើប​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​បង្អែក​ខេត្តព្រៃវែង​ទាំង​យប់ រហូត​មក​ដល់​ល្ងាច​ថ្ងៃ​ទី១២ ឧសភា​ ម្សិលមិញ​នេះ​ ក៏​បាន​ស្លាប់​ដោយសារ​ជំងឺ​កូ​វី​ដ​តែម្តង​។ ចំណែក​សពត្រូវ​បាន​ក្រុម​គ្រូពេទ្យ​និ​ង​អាជ្ញាធរ រៀបចំ​យក​ទៅ​ធ្វើការ​បូជាសព​ទាំង​យប់​។

គួរ​ជម្រាប​ថា ខេត្តព្រៃវែង​ មួយ​រយៈពេល​ចុង​ក្រោយ​នេះ មាន​បងប្អូន​ប្រជាពលរដ្ឋ​មួយ​ចំនួន​ធំ បាន​នាំ​គ្នា​ធ្វើ​ដំណើរ​​ចេញពី​ភ្នំពេញ ចូល​មក​កាន់​ស្រុក​កំណើត​នៅ​ក្នុង​ទឹកដី​ខេត្តព្រៃវែង ហើយ​ពួក​គាត់​ទាំងនោះ​មួយ​ចំនួន​បាន​រក​ឃើញ​មាន​វិជ្ជមាន​ជំងឺ​កូ​វី​ដ​-១៩ផងដែរ​។ ក្រោយ​រកឃើញ​ ក៏ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​ជំនាញ​នាំ​យក​ទៅ​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​ជា​បន្តបន្ទាប់។ ចំណែក​ក្រុម​គ្រួសារ​សាច់ញាតិ ត្រូវ​ជាប់​ពាក់ព័ន្ធ​ក៏ត្រូវ​បា​ននាំ​យក​ទៅ​ធ្វើ​ច​ត្តា​ឡី​ស័ក​ផង​ដែរ។

ជាមួយគ្នានេះ​ ​អាជ្ញាធរ​ខេត្ត​ ក៏​សូម​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​មេត្តា​មានការ​ប្រុង​ប្រយ័ត្ន​ឲ្យ​ឲ្យ​បាន​ខ្ពស់​អនុវត្ត​តាម​វិធានការ​ បីការពារ បីកុំ ហើយ​ក្នុង​ករណី​ឃើញ​មាន​អ្នកចម្ងាយចូលមកក្នុងភូមិ​ ស្រុក​ មានការ​សង្ស័យ សូម​រាយការណ៍​ជា​បន្ទាន់​មក​កាន់​អាជ្ញាធរ​មូលដ្ឋាន​ ​ដើម្បី​ឲ្យ​មន្ត្រី​ជំនាញ​អាច​ចាត់វិធានការ​បាន​ទាន់​ពេលវេលា កុំ​ឲ្យ​ជំងឺ​នេះ​ឆ្លង​រាលដាល​នៅ​ក្នុង​សហគមន៍​​៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print