ខេត្តស្ទឹងត្រែង ៖ ដោយឈរលើស្មារតីទទួលខុសត្រូវខ្ពស់និងអនុវត្តទៅតាមអនុសាសន៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានៃយើង នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ លោកម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ចើញ ដឹកនាំក្រុមការងារបច្ចេកទេសចុះត្រួតពិនិត្យការដ្ឋានស្ថាបនាផ្លូវមួយខ្សែតភ្ជាប់ពីត្រើយម្ខាងនៃស្ពានមិត្តភាពកម្ពុជា-ចិនសេកុង ឆ្ពោះទៅកាន់ភូមិហាងឃូបាន សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។
លោកម៉ុម សារឿន អភិបាលអភិបាលនៃគណ:អភិបាលខេត្តបានមានប្រសាសន៍ថា ផ្លូវមួយខ្សែនេះជាអំណោយដ៍ថ្លៃថ្កា របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ផ្តល់ជូនដល់ប្រជាពលរដ្ឋតាមរយៈរដ្ឋបាលខេត្តស្ទឹងត្រែង ដើម្បីស្ថាបនានិងតភ្ជាប់ពីចំណុចត្រើយម្ខាងនៃគល់ស្ពានមិត្តភាពកម្ពុជា-ចិនឆ្ពោះទៅភូមិហាងខូបាន ដែលនឹងបង្កលក្ខណៈងាយស្រួល កាន់តែច្រើនសម្រាប់ប្រជាពលរដ្ឋមូលដ្ឋានក្នុងការធ្វើដំណើរ។
លោកអភិបាលខេត្តបានបន្តថា ផ្លូវ ស្ពាន គឺជាសរសៃឈាមនៃសេដ្ឋកិច្ចជាតិ និងគ្រួសារ ដូច្នេះមានផ្លូវ គឺមានក្តីសង្ឃឹម ហើយការធ្វើផ្លូវ ១ខ្សែរនេះ គឺពិតជាបានបំពេញនូវសេចក្តីត្រូវការ របស់បងប្អូនប្រជាពលរដ្ឋ ងាយស្រួលក្នុងការធ្វើចរាចរណ៍ ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ជាពិសេសបានផ្តល់នូវភាពងាយស្រួលដល់សិស្សានុសិស្ស បានធ្វើដំណើរទៅសាលារៀននៅថ្ងៃខាងមុខ។
លោកម៉ុម សារឿនបញ្ជាក់ថារាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន គឺបានខិតខំប្រឹងប្រែងដោះស្រាយនូវរាល់ការលំបាក និងសំណូមពររបស់ប្រជាពលរដ្ឋ បើទោះបីស្ថិតនៅក្នុងបរិបថនៃការរាលដាលជំងឺកូវីដ-១៩យ៉ាងណាក្តី ក៏រាជដ្ឋាភិបាលនៅតែបន្តខិតខំកសាងអភិវឌ្ឍន៍ប្រទេសជាតិឱ្យមានការរីកចម្រើនលើគ្រប់វិស័យ។
ជាមួយគ្នានេះលោកអភិបាលខេត្ត បានណែនាំដល់ក្រុមការងារស្ថាបនាផ្លូវត្រូវខិតខំប្រឹងប្រែងក្នុងការស្ថាបនាឲ្យបានលឿននិងស្របទៅតាមបទដ្ឋានបច្ចេកទេសត្រឹមត្រូវ ដើម្បីឲ្យការប្រើប្រាស់ផ្លូវបានយូអង្វែង។
សូមបញ្ជាក់ផងដែរថាផ្លូវកំពុងស្ថាបនាពេលនេះជាប្រភេទផ្លូវក្រាលក្រួសក្រហម មានប្រវែង៤.៤៨០ម៉ែត្រ ទទឹង៧ម៉ែត្រ និង៩ម៉ែត្រ ចាប់ពីគល់ស្ពានសេកុងដល់ព្រំប្រទល់ឃុំសាមឃួយ ស្រុកសេសាន ក្នុងនោះមានការចាក់ដីបំពេញទីធ្លាគល់
ស្ពានសេកុង ដាក់លូប្រអប់ និងលូទោលគ្រប់ប្រភេទ ព្រមទាំងការងារតម្លើងស្ពានដែកបាទ្បេត៍ (នៅចំណុចអូរសាឃូន) ចំនួន១កន្លែង ប្រវែង៣៦ម៉ែត្រ ក្នុងសង្កាត់ ក្រុងស្ទឹងត្រែងផងដែរ៕
ដោយ៖ មាស សុផាត